ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបានថ្លែងថា គណកម្មការស៊ើបអង្កេតការលួចបន្លំសន្លឹកឆ្នោតដែលត្រូវបានបង្កើតឡើងក្រោមរដ្ឋបាលគ្រប់គ្រងរបស់លោកនោះ នឹងមានតម្លាភាពខ្លាំង ហើយលទ្ធផលនឹងដាក់បង្ហាញជាសាធារណៈនៅពេលដែលរបាយការណ៍ត្រូវបានសរសេរហើយរួចរាល់។
កិច្ចការរបស់គណកម្មការនេះនឹងមានលក្ខណៈបើកចំហខ្លាំងសម្រាប់គ្រប់គ្នា នេះបើយោងតាមលោក Trump ដែលបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់គណកម្មការនេះ។ លោកថ្លែងប្រាប់គណកម្មការទាំងនោះថា៖ «អ្នកទាំងអស់គ្នានឹងកាន់កិច្ចការដ៏សំខាន់ ដោយការបើកចិត្តឲ្យទូលាយនិងមិនត្រូវមានការសន្និដា្ឋនជាមុននោះទេ។ អ្នកនឹងត្រូវធ្វើទៅតាមការពិតប្រកបដោយភាពយុត្តិធម៌និងឥតលំអៀង មិនថាលទ្ធផលទៅជាយ៉ាងណានោះទេ»។
គណកម្មការនេះបានជួបជុំគ្នាដើម្បីស្បថចូលជាសមាជិក ហើយពួកគេបានបង្កើតកម្មវត្ថុរបស់ពួកគេនិងបានពិភាក្សាពីជំហានបន្ទាប់ បន្ទាប់ពីពួកគេបានស្នើសុំព័ត៌មានអំពីការបោះឆ្នោតពីរដ្ឋទាំង៥០កាលពីខែមុន។
លោក Trump បានប្រកាសអំពីការបង្កើតគណកម្មការនេះនៅដើមអាណត្តិរបស់លោក បន្ទាប់ពីលោកបានធ្វើការចោទប្រកាន់ដោយឥតភស្តុតាងថា ក្រុមអ្នកបោះឆ្នោតខុសច្បាប់រាប់លាននាក់បានធ្វើឲ្យលោកចាញ់សំឡេងឆ្នោតប្រជាប្រិយនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦។
លោកអនុប្រធានាធិបតី Mike Pence បានសន្យាថា គណកម្មការស៊ើបអង្កេតការបន្លំសន្លឹកឆ្នោតនឹងធ្វើការបម្រើប្រជាពលរដ្ឋអាមេរិកាំងដោយមិនបម្រើបក្សណាមួយនោះទេ បើទោះបីជាសមាជិកខាងគណបក្សប្រជាធិបតេយ្យជាច្រើនបានបង្ហាញពីមន្ទិលសង្ស័យរបស់ពួកគេទៅលើប្រសិទ្ធភាពរបស់គណកម្មការនេះ ហើយពួកគេបានអំពាវនាវឲ្យដកលោក Kris Kobach ចេញពីតំណែងជាអនុប្រធាន៕