ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump Junior បញ្ចេញ​សារ​អ៊ីម៉ែល​ពី​ជំនួប​ជាមួយ​មេធាវី​​រុស្ស៊ីហើយ​បាន​បដិសេធ​ថាពុំ​បាន​ធ្វើ​អ្វី​ខុស


លោក Donald Trump Jr. សម្ភាសជាមួយ​លោក​ Sean Hannity ក្នុង​កម្មវិធីទូរទស្សន៍ Fox News។

សារ​អ៊ីម៉ែល​នោះ​បាន​បន្ថែមបញ្ហា​ដល់​រដ្ឋបាល​របស់​លោកត្រាំ​នៅពេល​ដែល​ខ្លួន​ព្យាយាម​ការពារ​ការ​ចោទ​ប្រកាន់​ពីការ​ឃុប​ឃិត​ជាមួយ​ប្រទេស​រុស្ស៊ី។

លោក Donald Trump Jr.បាន​ចេញ​សារ​អ៊ីម៉ែល​ដែល​បាន​បង្ហាញ​ថា ​លោក​បាន​ជួប​ជាមួយមេធាវី​ជាតិ​រុស្ស៊ី​កាល​ពី​ឆ្នាំ​ទៅនៅក្នុង​ជំនឿជឿ​ជាក់​ដែល​គិតថាមេធាវី​រូបនេះ​ជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ដើម្បី​រៀប​ចំ​ប្រគល់​ព័ត៌​មាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​របស់​លោកស្រី​គ្លីនតុន។

ការផ្លាស់​ប្តូរសារ​អ៊ីម៉ែល​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​ដោយ​កូនប្រុស​ច្បង​របស់​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ ​បាន​បង្ហាញ​ថា ​លោក​បាន​សុខចិត្ត​ទទួល​យកដោយការរីករាយនូវការ​អញ្ជើញដើម្បី​ជួប​ជាមួយ​មេធាវី​របស់​រដ្ឋាភិ បាល​រុស្ស៊ី​ដើម្បី​ទទួល​បាន​អ្វី​ដែល​គេ​ពណ៌នា​ថាជា​ព័ត៌មាន​សម្ងាត់​និងសំខាន់​បំផុតដែល​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល​រុស្ស៊ីនៅ​ក្នុងការ​គាំទ្រ​លោក​ត្រាំ​។

​ប៉ុន្តែ លោកស្រី Sarah Huckabee Sanders អ្នកនាំ​ពាក្យ​សេតវិមានបែរជា​អាន​សេចក្តី​ថ្លែងការណ៍​ដ៏ខ្លីមួយ​បន្ទាត់​របស់​ប្រធានាធិបតី​ត្រាំ​ទៅ​វិញ។

«កូនប្រុស​របស់​ខ្ញុំ​ជាមនុស្ស​ដែល​មាន​លក្ខណ​សម្បត្តិ​ខ្ពស់​ហើយ​ខ្ញុំ​សាទរចំពោះ​តម្លា​ភាព​របស់​គេ។ ​ហើយហួសពីនេះ ខ្ញុំនឹងត្រូវ​ប្រគល់​សំណួរ​នេះ​ទៅ​មេធាវី​របស់​កូនប្រុស​ហើយ​នឹង​មេធាវី​នៅ​ខាង​ក្រៅ​ហើយ​ខ្ញុំ​នឹងមិនមាន​អ្វី​បន្ថែម​លើស​ពី​នេះ​ទេ‍»។

ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅនឹងការ​បញ្ចេញសារអ៊ីម៉ែល​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​និយាយ​ថា សារ​អ៊ីម៉ែល​នោះ​ជាការចំអក​ដល់​ការ​បដិសេធ​របស់​សេតវិមាន​ដែល​ថា មិនមាន​អ្នក​ធ្វើយុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​ណា​ឃុបឃិត​ជាមួយ​រុស្ស៊ី​ដើម្បី​ផ្តួល​លោក​ស្រី​គ្លីនតុននោះ។ លោកសមាជិក​ព្រឹទ្ធសភាChuck Schumer ដែលជា​មេដឹកនាំ​សំ​ឡេងភាគ​តិចខាង​គណបក្ស​ប្រជាធិបតេយ្យបាន​និយាយថា៖ «សារ​អ៊ីម៉ែល​នោះ​ជាការ​បញ្ចប់នូវការអះអាងរបស់​លោកត្រាំ​និង​រដ្ឋបាល​របស់​លោក​ដែលថា មិន​មានភស្តុតាង​ណាមួយអំពី​គោល​បំណង​ក្នុងការសម្រប​សម្រួល​ឬឃុប​ឃិត‍គ្នា​ជាមួយ​រុស្ស៊ី​នោះ»។

ពួក​គណបក្ស​សាធារណរដ្ឋ​បាន​សារភាព​ថា សារ​អ៊ីម៉ែល​ទាំង​នោះ​ហាក់​ដូចជា​អាក្រក់​ណាស់ ទោះបី​មេធាវី​រូប​នោះ​បាន​បដិសេធថា ខ្លួន​មិនមែន​ជាភ្នាក់​ងារ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ហើយ​មិន​មាន​ព័ត៌មានណាមួយ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​នរណា​ម្នាក់​ក៏ដោយ។

លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការស៊ើបអង្កេត​ដែល​កំពុងបន្ត​ធ្វើ​ឡើង​នោះ។ លោក​បាន​ថ្លែង​ថា៖«ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាងច្រើន​ចំពោះ​គណៈ​កម្មាធិការ​ស៊ើបការណ៍​សម្ងាត់ដែល​កំពុងចាត់​ការ​ការស៊ើបអង្កេត​នេះ​ទាំង​មូល។ លោក​សមាជិក​ព្រឹទ្ធសភា Burr និង​លោកស្រី​សមាជិក​ព្រឹទ្ធសភា Warren បាន​ដឹកនាំ​ការស៊ើប​អង្កេត​នោះ​ហើយ​យើង​នឹង​ឮ​ព័ត៌មានពី​ពួកអស់​លោក​នៅ​ពេលក្រោយ‍»។

សារ​អ៊ីម៉ែល​របស់​លោក Donald Trump Jr.បាន​បង្កើន​នូវ​សំណួរ​ខាង​ផ្លូវច្បាប់​ដែល​គេ​មិន​ដែល​បាន​សួរ​កាល​ពីពេល​មុន។ លោកJames Gardner អ្នក​ជំនាញ​ខាង​ច្បាប់​បោះឆ្នោត​បាន​និយាយ​ជាមួយVOAតាម​ប្រព័ន្ធ Skypeថា៖ «មិន​មាន​ស្ថានភាព​បែប​នេះ​កាល​ពីពេល​មុន​កើន​ឡើង​ទេ។ ដូច្នេះ យើង​មានតែ​លក្ខន្តិកៈ​ច្បាប់​នៅក្នុង​សៀវភៅ​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ លក្ខន្តិកៈ​ច្បាប់​នេះ​មិន​ដែល​ត្រូវ​បាន​គេស្នើ​ឲ្យ​អនុវត្តនៅ​ក្នុង​កាលៈទេសៈ​មិន​ធម្មតា​ដូច​នេះនោះទេ​»។

លោក Trump Junior បាន​បដិសេធ​ថា លោក​មិន​បាន​ធ្វើ​ខុសអ្វី​នោះទេ​ហើយ​បាន​និយាយថា ​លោក​មិនបាន​ទទួល​ព័ត៌មាន​ដែល​មាន​តម្លៃ​ណាមួយ​ពី​ជំនួប​របស់​លោក​ជាមួយ​មេធាវី​រុស្ស៊ី​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG