ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេតវិមាន​ការពារ​កូនស្រី​ប្រធានាធិបតី​​អាមេរិក ចំពោះ​ការ​​ចូល​អង្គុយ​តំណាង​ឲ្យ​ឪពុក​ខ្លួន​នៅ​សន្និសីទ​កំពូល​ G-20

  • Steve Herman

ប្រធានាធីបតី​អាមេរិក​លោក Donald Trump អង្គុយ​នៅ​ខាងមុខ​គនប្រតិភូ​ដែលជាកូនស្រី​របស់លោកគឺអ្នក​ស្រី​ Ivanka Trump នៅ​ពេល​ដែល​លោក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G-20 ក្នុង​ទីក្រុង​ Hamburg ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់កាល​ពី​ថ្ងៃទី​០៨ កក្កដា​ ២០១៧។

«មិន​មាន​កាល​ពី​មុន​មក​ដែល​កូន​របស់​ប្រមុខ​រដ្ឋាភិបាល​អង្គុយ​កៅអី​ជំនួស​នោះ​ទេ... នេះ​ជា​ការ​ប្រមាថ​ទៅ​កាន់​មេដឹកនាំ​​ដទៃ​ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​បំបាក់​មុខមាត់​​មន្រ្តី​ជាន់ខ្ពស់​​របស់​រដ្ឋាភិបាល»។

អ្វី​ដែល​បាន​កើត​ឡើង​ជា​លទ្ធផល​មិន​បាន​គ្រោង​ទុក​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​របស់​លោក​ប្រធានាធិបតី​ត្រាំ​នៅ​ឯ​សន្និសីទ​កំពូល​ G-20 ក្នុង​ក្រុង​ហាំប៊ីគ (Hamburg) នោះ​គឺ​ថា សន្និសីទកំពូល​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ​បាន​ឆ្លុះ​បញ្ចាំង​សារជាថ្មី​ម្តង​ទៀត​ពី​ភាព​មិន​ច្បាស់លាស់​រវាង​ភារកិច្ច​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​ និង​គ្រួសារ​របស់​លោក។ ភាពមិន​ច្បាស់លាស់​នេះ​កើត​ឡើង​ក្រោយ​ពី​លោកស្រី​ Ivanka Trump ដែល​ជា​កូនស្រី​របស់​លោក​ត្រាំ បានចូល​អង្គុយ​តំណាង​ឲ្យ​លោក​ប្រធានាធិបតី​ អំឡុងពេលសម័យ​ប្រជុំ​មួយ​ក្នុង​សន្នីសីទ​កំពូល G-20។

សម្រាប់​សេតវិមាន សន្និសីទ​កំពូល G-20 គឺ​ជា​សន្និសីទ​ផ្លូវការ​ទូទៅ​មួយ។ ហើយ​នាយ​ខុទ្ទកាល័យ​សេតវិមាន​លោក Reince Priebus (រ៉េន្ស ព្រី​ប៊ូស) បាន​បង្ហាញ​ថា សន្និសីទ​នេះ​ជា សន្និសីទ​វិជ្ជមាន​មួយ។ លោក Priebus បាន​ថ្លែង​ថា៖ «លោក​ប្រធានាធិបតី​បាន​ដឹកនាំ​សន្និសីទ​យ៉ាង​ល្អ​មួយ​នៅ​អឺរ៉ុប។ ក្រុម​មេដឹកនាំ​ប្រទេស G-20 បាន​មក​សំណេះសំណាល​ជាមួយ​នឹង​លោក​ប្រធានាធិបតី។ លោកជា បុគ្គល​លេច​ធ្លា​មួយ​នៅ​ក្រុង​ហាំប៊ឺគ ហើយ​គ្មាន​នរណា​ម្នាក់​អាច​បដិ សេធ​ការណ៍​នេះ​បាន​នោះ​ទេ។ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​ចាត់​ទុក​សហរដ្ឋអាមេរិក​ជា​អាទិភាព»។

ប៉ុន្តែមនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា លោក​ត្រាំ​ចាត់​ទុកគ្រួសារ​លោក​ជា​អាទិភាពទៅ​វិញ។ លោក​ប្រធានាធិបតី​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចាកចេញ​ទាំង​កម្រោលយ៉ាង​ហោចណាស់​ ក្នុង​អំឡុងពេល​សម័យ​ប្រជុំ​ចំនួន​បី ហើយ​ឲ្យ​កូនស្រី​មក​អង្គុយ​នៅ​កៅអី​របស់​លោក។

ការ​ចាកចេញ​ទាំង​កំរោលនេះ គឺ​មាន​មួយ​ករណី​នៅអំឡុងពេល​សម័យ​ប្រជុំ​ការ​អភិវឌ្ឍ​ទ្វីប​អាហ្វ្រិក ដែល​ត្រូវ​បាន​លាតត្រដាង​នៅ​ក្នុង​សារ​លើ​គេហទំព័រ (Twitter) ​របស់​សមាជិក​មួយ​រូប​នៃ​គណៈប្រតិភូ​រុស្ស៊ី។ សារគេហទំព័រ (Twitter)​នោះ​ត្រូវ​បាន​លុប​ចោល​នៅ​ពេល​បន្ទាប់​មក។

ក្រុម​អ្នក​រិះគន់​បាន​ហៅ​ការ​ចាកចេញ​ពី​សម័យ​ប្រជុំ​ទាំង​កំរោលរបស់​លោក​ត្រាំ​ថាជា​ការ​បំពាន​ពិធីការ​ការ​ទូត​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

អតីត​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​លោក Lawrence Summers បាន​សរសេរ​នៅ​ក្នុង​កាសែត​ Financial Times និង​កាសែត The Washington Post ថា «មិន​មាន​កាល​ពី​មុន​មក​ដែល​កូន​របស់​ប្រមុខ​រដ្ឋាភិបាល​អង្គុយ​កៅអី​ជំនួស​នោះ​ទេ... នេះ​ជា​ការ​ប្រមាថ​ទៅ​កាន់​មេដឹកនាំដទៃ​ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​បំបាក់​មុខមាត់មន្រ្តី​ជាន់ខ្ពស់របស់​រដ្ឋាភិបាល»។

លោក​ប្រធានាធិបតីត្រាំ​បាន​សរសេរ​ការពារ​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដោយ​ប៉ុនប៉ងបង្វែរ​ការ​ផ្តោត​ តាមរយៈ​គេហទំព័រ (Twitter)​ ទៅ​លើ​គូប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ ឆ្នោត​កាល​ពី​ឆ្នាំ​មុន គឺ​លោកស្រី​ហ៊ីលឡារី គ្លីនតុន ដែល​ធ្លាប់​ជា​រដ្ឋមន្រ្តី​ការបរទេស។

លោកស្រី Chelsea Clinton កូនស្រី​អ្នកស្រី​ហ៊ីឡារី គ្លីនតុន​ បាន​សរសេរ​សារ​វាយបក​ភ្លាមៗ​នៅ​លើ​គេហទំព័រ​ (Twitter) ប្រឆាំង​នឹង​ការ​លើកឡើង​របស់​លោក​ត្រាំ។ លោក​ប្រធានាធិបតី​ត្រាំ​ មិន​ខុស​ទេ ក្នុង​ការ​និយាយ​ថា​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ម្ចាស់ផ្ទះ​សន្និសីទ​កំពូលG-20 បាន​ការពារលោកស្រី Ivanka Trump ដែល​បាន​មក​អង្គុយ​កន្លែង​ឪពុក​របស់​លោកស្រី​នេះ។

អធិការបតី​អាល្លឺម៉ង់​លោក​ស្រី​អង់គេឡា ម៉ាគែល​បាន​និយាយ​ថា៖ «គណៈប្រតិភូ​ខ្លួន​ឯង​ធ្វើការ​សម្រេច ​ថាតើ​ប្រធានាធិបតី​គួរ​មាន​វត្តមាន​ឬ​ទេ​នៅ​ក្នុង​កិច្ច​ប្រជុំ និង​ថា​តើ​នរណា​នឹង​មក​អង្គុយជំនួស។ លោកស្រី Ivanka Trump ជា​សមាជិក​ម្នាក់​ក្នុង​ជួរ​គណៈ​ប្រតិភូ​អាមេរិកាំង ដូច្នេះ​នេះ​ជា​អ្វី​មួយ​ដែល​គណៈប្រតិភូ​ដទៃ​ទៀត​ត្រូវ​ធ្វើ​ផង​ដែរ។ គេ​បាន​ដឹង​ឮ​ច្បាស់​ណាស់​ថា លោកស្រី​ធ្វើ​ការ​នៅ​សេតវិ មាន ហើយ​បាន​ចូលរួម​ក្នុង​ផែនការ​មួយ​ចំនួន»។

អ្នកនាំពាក្យ​សេតវិមាន​លោកស្រី Sarah Huckabee Sanders បាន​ហៅ​ការ​រិះគន់​លោក ស្រីIvanka Trump ថា «ជា​ការ​វាយប្រហារឃោរឃៅ»។

លោកស្រីបាន​ថ្លែង​ថា៖ «យើង​គួរ​តែ​មាន​មោទនភាពដែល​មាន​លោកស្រី Ivanka អង្គុយ​នៅ​កៅអីនោះ ដោយសារ​តែ​ប្រធាន​បទ​នៅ​គ្រា​នោះ​គឺ​ជា​ផ្នែក​មួយ​នៃរបៀប​វារៈ​របស់​លោកស្រី។ ប្រសិន​បើ​លោកស្រី​មិន​មាន​ត្រកូល​ដូចដែល​លោក ស្រី​មាន​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​គិត​ថា លោកស្រី​នឹង​ត្រូវ​បាន​គេ​សាទរ​ ជាជាង​រង​ការ​រិះគន់​ជា​បន្ត​ បន្ទាប់»។

លោក Steve Herman អ្នក​សារព័ត៌មាន​ VOA បាន​និយាយ​ថា៖«កូនស្រី​របស់​លោកត្រាំ និង​ស្វាមី​របស់​លោកស្រី​ គឺ​លោក​ Jared Kusher គឺ​ជា​ទីប្រឹក្សា​ផ្លូវការ​របស់​លោក​ប្រធានាធិបតី។ ប៉ុន្តែ​អ្វី​ដែល​ញាំញី​ចិត្ត​ក្រុម​អ្នក​រិះគន់​លោក​ប្រធានា ធិបតី​ និង​ថែមទាំង​ក្រុម​អ្នក​គាំទ្រ​លោក​មួយ​ចំនួន​ផង​ដែរ​នោះគឺ​ ភាព​មិន​ច្បាស់ លាស់​រវាង​កិច្ចការ​ក្នុង​សេតវិមាន និង​ក្រុមហ៊ុនអចលនទ្រព្យ​របស់​គ្រួសារ​លោក​ត្រាំ​ផ្ទាល់។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​ពី​ក្រម​សីលធម៌ និង​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ពី​តម្លាភាព»៕

ប្រែសម្រួល​ដោយ​ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG