លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រលះប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃអាទិត្យ ដោយបន្ទោសថាធ្វើឲ្យ«ខូចដល់លទ្ធិប្រជាធិបតេយ្យ» នៅក្នុងសេចក្តីរាយការណ៍នានាអំពីជំនួបរបស់កូនប្រុសច្បងរបស់លោកកាលពីឆ្នាំមុនជាមួយនឹងមេធាវីរុស្ស៊ីម្នាក់ ដែលលោកបានគិតថា នឹងផ្តល់ព័ត៌មានមិនល្អអំពីលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យនៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦កន្លងទៅនេះ។
នៅក្នុងប្រអប់បញ្ចេញមតិមួយចំនួនលើបណ្តាញសង្គម Twitter ដែលលោកផ្ញើចេញពីរមណីយដ្ឋានវាយកូនហ្គោលរបស់លោកនៅទីក្រុង Bedminster រដ្ឋ New Jersey លោក ត្រាំ បានការពារកូនប្រុសច្បងរបស់លោក គឺលោក Donald Trump Jr. ដែលបានជួបជាមួយនឹងអ្នកស្រី Natalia Veselnitskaya កាលពីខែមិថុនាឆ្នាំ២០១៦ បន្ទាប់ពីអន្តរការីម្នាក់ប្រាប់ថា អ្នកស្រីគឺជាមេធាវីរបស់រដ្ឋាភិបាលរុស្ស៊ី ដែលនឹងផ្តល់ព័ត៌មានដល់លោក ដើម្បីជាផ្នែកមួយនៃការគាំទ្ររបស់រដ្ឋាភិបាលក្រុងមូស្គូដល់លោក ត្រាំ ក្នុងការយកឈ្នះលើលោកស្រី Clinton។
លោក ត្រាំ បានសរសេរនៅក្នុងសារមួយថា «លោកស្រី Hillary Clinton អាចទទួលបានដោយខុសច្បាប់នូវសំណួរអំពីការសួរដេញដោលមតិនិងលុបសារអ៊ីមែលចំនួន៣៣០០០ច្បាប់ ប៉ុន្តែហេតុអ្វីបានជាកូនប្រុសរបស់ខ្ញុំ Don កំពុងតែរងការប្រមាថដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឌិត»? លោក ត្រាំ និយាយសំដៅទៅលើសារអ៊ីមែលដែលលោកស្រីលុបចេញពី Server កុំព្យូទ័រឯកជនរបស់លោកស្រី ខណៈដែលលោកស្រីធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនិងត្រូវបានគេផ្តល់សំណួរឲ្យមុនចំនួនមួយនៅមុនការដេញដោលមតិមួយជាមួយនឹងគូប្រជែងដែលជាសមាជិកខាងគណបក្សប្រជាធិបតេយ្យម្នាក់ រយៈពេលប៉ុន្មានខែមុនពេលការបោះឆ្នោតជាតិដែលលោកស្រីបានចាញ់លោក ត្រាំ៕