ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​ចាត់​ប្រទេស​កូរ៉េ​ខាង​ជើង​ឡើង​វិញ​ថា​ជា​រដ្ឋ​គាំទ្រ​អំពើ​ភេរវកម្ម


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់​បទសម្ភាសន៍​តាម​វិទ្យុ​នៅ​ក្នុង​អគារ Eisenhower Executive Office នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់​បទសម្ភាសន៍​តាម​វិទ្យុ​នៅ​ក្នុង​អគារ Eisenhower Executive Office នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​ស្វាគមន៍​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​កំណត់​ប្រទេស​កូរ៉េ​ខាង​ជើង​ឡើង​វិញ​ថា​ជា​រដ្ឋ​គាំទ្រ​អំពើ​ភេរវកម្ម ដើម្បី​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ និង​ការទូត​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​ផ្ដាច់ការ​របស់​ប្រទេស​នេះ។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​យល់​ថា ការ​សម្រេច​នេះ «គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ»។

ដោយ​ហៅ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថា​ជា «របប​ឃោរឃៅ» ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «រឿង​នេះ​គួរតែ​ធ្វើ​ឡើង​តាំង​ពី​រាប់​សិប​ឆ្នាំ​មុន​ម្ល៉េះ»។

វិធានការ​នេះ ដែល​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចាត់​ប្រទេស​កូរ៉េ​ខាង​ជើង​ចូល​ទៅ​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​អំពើ​ភេរវកម្ម​របស់​ក្រសួង​ការបរទេស​ឡើង​វិញ។ នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​នេះ​គឺ​ប្រទេស​អ៊ីរ៉ង់ ស៊ីរី និង​ស៊ូដង់។

មន្ត្រី​ក្រសួង​ការបរទេស​ម្នាក់​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Trump បាន​ចាត់ទុក​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថា «បាន​ផ្ដល់​ការ​គាំទ្រ​ម្ដង​ហើយ​ម្ដង​ទៀត​សម្រាប់​សកម្មភាព​ភេរវកម្ម​អន្តរជាតិ» ដែល​ក្នុង​នោះ​មាន​ទាំង​ការ​លួច​ធ្វើ​ឃាត​មនុស្ស​នៅ​លើ​ទឹកដី​បរទេស​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​នានា​ដែល​បាន​ដាក់​រួច​មក​ហើយ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង កំពុង​មាន​ឥទ្ធិពល។ លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ក្ដី​សង្ឃឹម​សម្រាប់​ផ្នែក​ការទូត​នៅតែ​មាន​ផង​ដែរ៕

XS
SM
MD
LG