លោក Donald Trump ដែលជាអ្នកនាំមុខគេខាងគណបក្សសាធារណរដ្ឋ និងគូប្រជែងរបស់លោក គឺលោក Ted Cruz ទទួលបានជ័យជម្នះកាលពីថ្ងៃអង្គារនៅក្នុងប្រកួតសម្រាប់តំណែងជាប្រធានាធិបតីអាមេរិក។ លោក Trump បានឈ្នះនៅក្នុងការបោះឆ្នោតបឋមក្នុងរដ្ឋ Arizona ខណៈដែលលោក Cruz បានឈ្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោត caucus នៅក្នុងរដ្ឋ Utah។
ក៏ប៉ុន្តែថ្វីដ្បិតតែលោក Trump កំពុងតែឈានទៅរកតំណែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋក៏ដោយ ក៏សមាជិកជាច្រើននៃគណបក្សសាធារណរដ្ឋនៅតែស្ទាក់ស្ទើរក្នុងការសម្រេចតែងតាំងលោកជាបេក្ខជនប្រធានាធិបតីទៅតាមការរំពឹងទុក។
ជាមួយនឹងជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកក្នុងរដ្ឋ Arizona លោក Donald Trump បានបោះជំហានទៅមុខឆ្ពោះទៅកាន់តំណែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
លោក Donald Trump បានមានប្រសាសន៍ថា លោកកំពុងតែឈានទៅរកចំនួនប្រតិភូគ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ មុនពេលមហាសន្និបាតគណបក្សនៅខែកក្កដាខាងមុខនេះ។ លោកក៏មានប្រសាសន៍ថា វាដល់ពេលវេលាហើយសម្រាប់សមាជិកគណបក្សសាធារណរដ្ឋដែលមានការស្ទាក់ស្ទើរត្រូវឯកភាពគ្នាតែងតាំងលោកជាបេក្ខជនប្រធានាធិបតី។
ប៉ុន្តែប្រសិនបើលោក Trump មិនអាចទទួលបានប្រតិភូគ្រប់គ្រាន់ មុនពេលមហាសន្និបាតគណបក្សដើម្បីទទួលបានការតែងតាំងទេនោះ នោះការបោះឆ្នោតដោយបើកចំហរមួយចំនួននៅក្នុងមហាសន្និបាតគណបក្សមិនអាចនឹងទស្សន៍ទាយលទ្ធផលជាមុនបានទេ៕