ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន រិះគន់​បេក្ខជន​ប្រធានាធិបតី​អាមេរិក Donald Trump


លោក Donald Trump បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (ឆ្វេង) និង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា (ស្តាំ)។
លោក Donald Trump បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (ឆ្វេង) និង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា (ស្តាំ)។

លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​នៅ​កម្ពុជា ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ​ទី​២១ ខែ​មីនា​នេះ​ បាន​រិះគន់​ដំណើរការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ​និង​បេក្ខជន​ប្រធានាធិបតី​លោក Donald Trump ​និង​គណបក្ស​សាធារណរដ្ឋ។

លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​នៅ​កម្ពុជា ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ​ទី​២១ ខែ​មីនា​នេះ​ បាន​រិះគន់​ដំណើរការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ​និង​បេក្ខជន​ប្រធានាធិបតី​លោក Donald Trump ​និង​គណបក្ស​សាធារណរដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​វឌ្ឍនភាព​ប្រចាំ​ឆ្នាំ​២០១៥​នៃ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ។

«លោក​Trump ​មិន​ទាន់​ឈ្នះ​ឆ្នោត​ផង។​ បើ​លោក​ Trump ឈ្នះ​ឆ្នោត​នៅ​អាមេរិក​ មិន​ដឹង​ថា​សភាព​ការ​យ៉ាងម៉េច​ទេ។ ​ឥឡូវ​នេះ​បណ្តា​បក្ស​សូម្បី​ក្នុង​គណបក្ស​សាធារណរដ្ឋ​ចេញ​ទប់​ស្កាត់​ កុំ​ឲ្យ​លោក​ Trump ​ឈ្នះ​ឆ្នោត​ហើយ​ឥឡូវ»។

លោក​ ហ៊ុន សែន ​បាន​បន្ថែម​ថា​៖«សភាពការណ៍​នៅ​អាមេរិក​ ក៏​ផ្សេង​ដែរ​ណា។ឃោសនា​លើក​នេះ​មាន​បញ្ហា។ អា​បិទ​ផ្លូវ​ក៏​មាន ​អា​និយាយ​អាក្រក់ៗ​ក៏​មាន។​ យី​អាហ្នឹង​ផ្លាស់ប្តូរ​ថ្មី​របស់​គេ»។

លោក ​Trump​ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ និង​ជា​បេក្ខជន​នាំ​មុខ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ ​បាន​ទាក់​ទាញ​អ្នក​សារព័ត៌មាន​ជា​ច្រើន ឲ្យ​សរសេរ​អត្ថបទ​អំពី​លោក ​ដោយ​សារ​លោក​បាន​បង្ហាញ​ពី​គោល​ជំហរ​ជ្រុល​និយម​របស់​លោក​ ទាក់ទិន​បញ្ហា​សាសនា​ និង​វិធាន​ការ​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​ នៅ​ពេល​ដែល​លោក​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​នេះ។

គោល​នយោបាយ​ការបរទេស​របស់​លោក​ Trump ដែល​ទាក់​ទាញ​ការ​រិះគន់​ខ្លាំង​បំផុត​នោះ​គឺ​ការ​ហាម​ឃាត់​អ្នក​កាន់​សាសនា​ឥស្លាម មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក ​និង​ការ​សាងសង់​ជញ្ជាំង​ខណ្ឌ​ព្រំប្រទល់​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ម៉ិកស៊ិក។

​សកម្មភាព​របស់​លោក​ Trump​ ក៏​នាំ​ឲ្យ​អ្នក​កំប្លែង​នយោបាយ​ល្បីៗ​នៅ​សហរដ្ឋ​អាមេរិក ​ធ្វើ​ការ​រិះ​គន់​ចំៗ​ទៅ​លើ​លោក​ផង​ដែរ។

ពាក្យ​ស្លោក​របស់​លោក​ Trump ដែល​ថា «Make America Great Again»​ ឬ​មាន​ន័យ​ថា៖«ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត» បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ។

លោក​ Trumpគឺជា​គូ​ប្រជែង​ជាមួយ​នឹង​លោក​ស្រី ​Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ បេក្ខភាព​ប្រធានាធិបតី​របស់​លោក​ Trump​ មិន​បាន​ទទួល​ការ​គាំ​ទ្រ​ មិន​ត្រឹម​តែ​ពី​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក​ បារ៉ាក់ អូបាម៉ា​ ដែល​នៅ​ខាង​គូបដិបក្ខ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ពី​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​របស់​លោកផ្ទាល់​ផង​ដែរ។

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​បាន​និយាយ​ថា​ គោល​នយោបាយ​របស់​លោក​Trump ​បាន​ធ្វើឲ្យ​ប្រទេស​មួយ​ចំនួន ទាំង​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ប្រទេស​កុម្មុយនិស្ត មាន​ការ​ព្រួយ​បារម្ភ។

«អ្វី​ដែល​គាត់​លើក​ឡើង​និយាយ​ដែល​ជា​ការ​និយម​ជ្រុល​របស់​លោក​ Donald Trump​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ពិភពលោក​ ហើយ​និង​ជា​ការ​ព្រួយ​បារម្ភ ​ដូច​ខ្ញុំ​ថា​អញ្ចឹង​ ជា​ការ​ព្រួយ​បារម្ភ​ទាំង​អស់​គ្នា ​ព្រោះ​អី​នរណា​ក៏​ខាត​ដែរ។ ​អ្នក​ដែល​កាន់​អំណាច​យូរ​អង្វែង​ដូច​លោក ​ហ៊ុន សែន​ ក៏​ព្រួយ​បារម្ភ។ ​ខ្ញុំ​ជា​អ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​ព្រួយ​បារម្ភ​ដែរ»។

លោក អ៊ូ វីរៈ ​បាន​បន្ថែម​ថា៖

«ចំពោះ​ខ្ញុំ ខ្ញុំ​ស្វាគមន៍។ ខ្ញុំ​ថា ​ការ​ចាប់​អារម្មណ៍​របស់​គាត់​គឺ​ឆ្លុះ​បញ្ចាំង​ថា​ គាត់​តាម​ដាន​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​មាន​មិនមែន​មាន​ឥទ្ធិពល​តែ​ទៅ​លើ​ស្ថានភាព​សហរដ្ឋ​អាមេរិក​ នយោបាយ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ​វា​អាច​មាន​ឥទ្ធិពល​លើ​ស្ថានភាព​នយោបាយ​ពិភពលោក​ ជាពិសេស​នៅ​ក្នុង​តំបន់​ក្ដៅ​ គឺ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​យើង​ និង​ដល់​អញ្ចឹង​ប្រទេស​កម្ពុជា ​គួរ​យក​ចិត្ត​ទុក​ដាក់​អា​ហ្នឹង»។

លោក​ Trump​ គឺ​ជា​មហាសេដ្ឋី​ដែល​បណ្ដាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍។

លោក​ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​ថា ​ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត ​នោះ​លោក​នឹង​មាន​វិធាន​ការ​ជា​មួយ​អ្នក​សារព័ត៌មាន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ​តើ​វិធានការ​នោះ ជា​អ្វី​នោះ​ទេ៕

XS
SM
MD
LG