ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ប្រធានាធិបតី​អាមេរិក ៥​រូប​នៅ​បន្ត​ការ​ប្រកួត​បង្កើន​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ


បេក្ខជនប្រធានាធិបតី​គណបក្សសាធារណរដ្ឋ Donald Trump និយាយ​​នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ក្រុង Fountain Hills រដ្ឋ Arizona នា​ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​អាមេរិក ៥​រូប​ ដែល​នៅ​តទល់​គ្នាសម្រាប់​តំណែង​នៅ​សេតវិមាន​នោះ កំពុង​បង្កើន​យុទ្ធនាការ​របស់​ពួកគេ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត នៅ​មុន​ពិធី​ជួបជុំ​អ្នកគាំទ្រ​បេក្ខជន​និង​ការបោះឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ។

បេក្ខជន​នាំ​មុខ​គេខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Donald Trump ​បាន​រៀបចំ​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​នៅ​រដ្ឋ Arizona ដែល​នៅ​ទីនោះ ភាព​ចម្រូងចម្រាស​បាន​កើតឡើង។

ក្រុម​អ្នកតវ៉ា​បាន​ព្យាយាម​រារាំង​ដំណើរ​ឈប់​ចត​មួយ​របស់​លោក Trump នៅ​ក្បែរ​ព្រំដែន​ប្រទេស​ម៉ិកសិក​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ចត​ឡាន​របស់​ពួកគេ​នៅ​កណ្តាល​ផ្លូវ ហើយ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍។

ចំណែក​ឯបាតុករ​ប្រឆាំង​នឹង​លោក Trump ក៏​ត្រូវ​រង​ការ​បង្ខាំងឲ្យ​នៅ​ខាងក្រៅ​អាគារ Trump Towers ក្នុង​ទីក្រុង​ញូយ៉ក​វិញ​ដែរ។

ក្នុង​សុន្ទរកថា​របស់​លោក លោក Trump បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​នឹង​កសាង​កំផែង​តាម​ព្រំដែន​ប្រទេស​ម៉ិកស៊ិក​ ដើម្បី​កុំ​ឲ្យ​ជន​ចំណាកស្រុក​ខុសច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​បាន ដោយសារ​លោក​អះអាង​ថា ជន​ទាំងនោះ​នាំ​ចូល​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​មក​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ចោទ​ប្រកាន់​គូប្រជែង​ពីរ​នាក់​របស់​លោក​ថា ​មាន​ជំហរ​ខ្សោយ​ ទាក់​ទង​នឹង​បញ្ហា​អន្តោប្រវេសន៍។

ចំណែកបេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យគឺ ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Vermont គឺ​លោក Bernie Sanders វិញ ក៏​បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ស្វែងរក​ការគាំទ្រ​តាម​ព្រំប្រទល់​ដែន​ម៉ិកសិកនិង​រដ្ឋ​អារីហ្សូណា (Arizona) ផង​ដែរ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប៉ុន្តែ​អត្ថាធិប្បាយ​របស់​លោក​មិន​កាច​ដូច​សម្តី​របស់​លោក​ Trump ​នោះ​ទេ៕

XS
SM
MD
LG