ជ័យជម្នះដ៏ធំធេងរបស់លោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump ខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារបានធ្វើឲ្យមានការទស្សន៍ទាយជាមុនថា បេក្ខជនទាំង២រូបនេះទំនងជានឹងក្លាយទៅជាបេក្ខជនប្រធានាធិបតីដែលគណបក្សទាំង២ជ្រើសតាំងសម្រាប់ប្រកួតយកតំណែងជាប្រធានាធិបតី។
លោក Marvin Cooper វ័យ៨៥ឆ្នាំរស់នៅក្នុងទីក្រុង Miami មិនជឿទស្សនៈដែលថា សេដ្ឋកិច្ចអាមេរិកល្អឥតខ្ចោះនោះទេ។ លោកឃើញថាមនុស្សចាស់ៗក្នុងវ័យរបស់លោកជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
«ទំនិញមានតម្លៃថ្លៃៗណាស់ ហើយយើងគ្មានលុយទេ។ ខ្ញុំបារម្ភពីសេដ្ឋកិច្ចខ្លាំងជាងគេបំផុត»។
មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតបឋមនៅរដ្ឋ Florida នយោបាយក្លាយជាប្រធានបទនៃកិច្ចសន្ទនានៅក្នុងសហគមន៍ក្រុមមនុស្សចាស់ៗក្បែរឆ្នេរសមុទ្រ North Miami។
អ្នកស្រី Maria Valiante ដែលគាំទ្រគណបក្សប្រជាធិបតេយ្យស្ទើរពេញមួយជីវិតរបស់លោកស្រី បានបោះឆ្នោតឲ្យលោកបារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០០៨។ ក្នុងវ័យ៩០ឆ្នាំ លោកស្រីបានប្ដូរទៅគាំទ្រគណបក្សសាធារណរដ្ឋកាលពី២ឆ្នាំមុន ដោយសង្ឃឹមថា គណបក្សសាធារណរដ្ឋអាចពង្រឹងយោធាអាមេរិកបាន។
«យើងអាចបង្ហាញទៅពិភពលោកថា អ្នកចង់ជាន់ជើងមួយរបស់យើង ប៉ុន្តែយើងនឹងជាន់ជើងទាំង២របស់អ្នក។ ហេតុដូច្នេះហើយទើបខ្ញុំបោះឆ្នោតឲ្យលោក Trump ហើយខ្ញុំសប្បាយចិត្តណាស់ដែលលោក Trump ឈ្នះ»។
ខណៈដែលអ្នកបោះឆ្នោតនៅរដ្ឋ Florida ជាច្រើនសាទរចំពោះជ័យជម្នះរបស់លោក Donald Trump នៅក្នុងការបោះឆ្នោតបឋម លោក Joseph Uscinski សាស្រ្តាចារ្យជំនាញវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ University of Miami មានប្រសាសន៍ថា អ្នកផ្សេងទៀតនឹងមានពេលវេលាសម្រាប់គិត មុនពេលដែលមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋពិចារណាអំពីថាតើការជ្រើសតាំងបេក្ខភាពរបស់លោក Trump សម្រាប់ប្រកួតយកតំណែងជាប្រធានាធិបតី។
«អ្នកបោះឆ្នោតនឹងមានពេលវេលាដើម្បីពិចារណាថាតើពួកគេចង់ឲ្យលោក Donald Trump ធ្វើជាប្រធានាធិបតីឬយ៉ាងណា។ វាអាចនឹងទៅរួចដែលថា ប្រសិនបើលោក Trump ទទួលបានការជ្រើសតាំងឲ្យធ្វើជាបេក្ខជនប្រធានាធិបតី លោកអាចនឹងទទួលបានតំណែងនៅសេតវិមានតែម្តង។ មានប្រជាពលរដ្ឋអាមេរិកាំងមួយក្រុមធំដែលមិនទាន់ទុកចិត្តលើរឿងនេះនៅពេលឥឡូវនេះនៅឡើយទេ»។
តាមរយៈការទស្សន៍ទាយទុកមុនសម្រាប់ខែវិច្ឆិកាខាងមុខនេះ វាហាក់ដូចជាពាក់ព័ន្ធនឹងចំនួនអ្នកទៅបោះឆ្នោត និងថាតើបេក្ខភាពរបស់លោក Trump ឬលោកស្រី Clinton អាចឲ្យអ្នកគាំទ្ររបស់ពួកគេទៅបោះឆ្នោតឬទេ។
សម្តីដ៏ចម្រូងចម្រាស់របស់លោក Trump មិនបានធ្វើឲ្យអ្នកគាំទ្រដូចជាអ្នកស្រី Silvana Busacca ឈប់គាំទ្រលោកនោះទេ។
«ខ្ញុំមានកូនប្រុសពិការម្នាក់ ហើយលោក Trump បាននិយាយចំអកឲ្យមនុស្សពិការ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា អត្តចរិតរបស់គាត់រាងចម្លែក។ ប៉ុន្តែទោះបីជាដូច្នេះក្តី ខ្ញុំនៅតែមានសង្ឃឹមច្រើនចំពោះរូបគាត់ ព្រោះគាត់មិនមែនជាអ្នកនយោបាយទេ។ គាត់គឺមនុស្សជោគជ័យម្នាក់»។
អ្នកស្រី Julia Allison រស់នៅក្នុងទីក្រុង Fort Lauderdale ដែលគាំទ្រលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ យល់ឃើញផ្សេងពីនេះ។
«លោក Trump គឺជាតួកំប្លែង ហើយលោកមិនមែនជាមនុស្សវៃឆ្លាតនោះទេ។ ចំណែកលោកស្រី Hillary គឺអស្ចារ្យណាស់។ លោកស្រីពិតជាអស្ចារ្យ។ លោកស្រីបានបង្ហាញពីសមត្ថភាពរបស់លោកស្រី។ លោកស្រីគឺជាមន្រ្តីការទូត។ លោកស្រីយល់ពីទំនាក់ទំនងអន្តរជាតិ ហើយលោកស្រីនឹងមិនធ្វើឲ្យប្រទេសយើងអាប់ឱននោះទេ»។
អ្នកបោះឆ្នោតក្នុងរដ្ឋ Florida ក៏ដូចជានៅរដ្ឋដទៃទៀតនៅក្នុងប្រទេសដែរ នៅតែយល់ឃើញខុសពីគ្នាស្រឡះអំពីថាតើនរណានឹងដឹកនាំសហរដ្ឋអាមេរិកបានល្អបំផុតជាប្រធានាធិបតីបន្ទាប់៕
ប្រែសម្រួលដោយ ហុង ចិន្តា