ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា លោក ត្រាំ នឹង​មិន​ហាម​ឃាត់​​ការ​ផ្តល់​សក្ខីកម្ម​របស់​អតីត​ប្រធាន​ FBI​ ទេ


រូបឯកសារ៖ អតីត​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI លោក James Comey។
រូបឯកសារ៖ អតីត​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI លោក James Comey។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ គ្មាន​បំណង​នឹង​រារាំង​លោក James Comey អតីត​ប្រធាន FBI មិន​ឲ្យ​ផ្តល់​សក្ខីកម្ម​ដល់​សភា​នៅ​ក្នុង​សប្តាហ៍​នេះ អំពី​សន្ទនា​សំខាន់​ដែល​អ្នក​ទាំង​ពីរ​បាន​និយាយ​គ្នា​កាល​ពី​ដើម​ឆ្នាំ​នេះ នៅ​មុន​ពេល​ដែល​លោក ត្រាំ បាន​ដេញ​លោក​ចេញ​ពី​តំណែង​នោះ​ទេ។ នេះ​បើ​យោង​តាម​សេតវិមាន​ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក ត្រាំ បាន​ពិចារណា​ថា​តើ​គួរប្រើប្រាស់​អភ័យ​ឯកសិទ្ធិ​ប្រតិបត្តិ​ទៅ​លើ​សន្ទនា​នៅ​សេតវិមាន​របស់​លោក​ជាមួយ​នឹង​លោក​ Comey និង​មិន​អនុញ្ញាត​ឲ្យ​លោក Comey ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការ​ស៊ើបការ​សម្ងាត់​របស់​ព្រឹទ្ធសភា​ឬ​យ៉ាង​ណា។

ប៉ុន្តែ​លោកស្រី ​Sarah Huckabee Sanders អ្នក​នាំពាក្យ​របស់​សេតវិមាន​បាន​ថ្លែង​ថា៖ «ដើម្បី​សម្របសម្រួល​ដល់​ការ​ពិនិត្យ​មើល​ទៅ​លើ​ការ​ពិត​ឲ្យ​បាន​ហ្មត់ចត់‍» ​លោក ត្រាំ នឹង​មិន​ព្យាយាម​បញ្ឈប់​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក Comey នោះ​ទេ។ ​

នៅ​ពេល​ដែល​លោក ត្រាំ បញ្ឈប់​ការងារ​របស់​លោក​ Comey កាល​ពី​មួយ​ខែ​មុន លោក Comey ដឹក​នាំ​ការ​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ទៅ​លើ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន និង​លទ្ធភាព​ដែល​អាច​មាន​ការ​ឃុបឃិត​គ្នា​ដោយ​ខុសច្បាប់​រវាង​ជំនួយការ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Comey និងរុស្ស៊ី ដែល​មាន​គោលបំណង​ជួយ​ឲ្យ​លោក ត្រាំ យក​ឈ្នះលើគូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក គឺ​លោកស្រី ​Hillary Clinton អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG