ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ច្រានចោលការលើកឡើងរបស់​អតីត​មេធាវី​​លោក ដែល​ថា​លោក​ប្រកាន់​ពូជ​សាសន៍និង​ជា​មនុស្ស​បោក​ប្រាស់


លោក Michael Cohen អតីត​មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump

លោក Cohen បាន​បញ្ជាក់​ប្រាប់​គណៈកម្មាធិការ​រដ្ឋសភា​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​គ្មាន​ភស្តុតាង​ផ្ទាល់​ណា​មួយ​អំពី​ការ​ឃុបឃិត​នេះ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​មាន «ការ​សង្ស័យ‍» អំពី​រឿង​នេះ។

បន្ទាប់ពី​លោក Michael Cohen អតីត​មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រាប់​គណៈកម្មាធិការ​រដ្ឋសភា​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល ថា​លោក Trump ជា​«មនុស្ស​ប្រកាន់​ពូជ​សាសន៍ មនុស្ស​បោក​ប្រាស់ និង​មនុស្ស​មិន​ស្មោះត្រង់‍» លោក Trump បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក Michael Cohen និយាយ «មិន​ត្រឹមត្រូវ‍» និង «និយាយ​កុហក​ច្រើន‍»។

ដោយ​ថ្លែង​នៅ​ឯ​សន្និសីទ​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម បន្ទាប់ពី​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un មក លោក Trump បាន​បញ្ជាក់​ថា គ្មាន​ការ​ឃុបឃិត​ណា​មួយ​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក និង​រដ្ឋាភិបាល​រុស្ស៊ី នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ នោះ​ទេ។

លោក Cohen បាន​បញ្ជាក់​ប្រាប់​គណៈកម្មាធិការ​រដ្ឋសភា​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​គ្មាន​ភស្តុតាង​ផ្ទាល់​ណា​មួយ​អំពី​ការ​ឃុបឃិត​នេះ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​មាន «ការ​សង្ស័យ‍» អំពី​រឿង​នេះ។

លោក Trump បាន​បន្ថែម​ថា លោក​សរសើរ​លោក Cohen ដែល​មិន​និយាយ​កុហក​រឿង​ឃុបឃិត​ណា​មួយ​ជាមួយ​នឹង​រុស្ស៊ី។

លោក Trump និយាយ​ដូច្នេះ​ថា៖ «សំណួរ​ចម្បង​បំផុត​គឺ​សំណួរ​រឿង​ឃុបឃិត [ជាមួយ​នឹង​រុស្ស៊ី] ហើយ​លោក Cohen បាន​និយាយ​ថា លោក​មិន​ឃើញ​មាន​ការ​ឃុបឃិត​ណា​មួយ​នោះ​ទេ‍»។

លោក Trump បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​លើ​ការ​ស៊ើប​អង្កេត​កំពុងតែ​បន្ត​អំពី​ទំនាក់ទំនង​ដែល​អាច​ទៅ​រួច​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក និង​រដ្ឋាភិបាល​រុស្ស៊ី ដោយ​លោក​បាន​ហៅ​សវនាការ​របស់​គណៈកម្មការ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា​ជា​រឿង «គួរ​ឲ្យ​អៀន​ខ្មាស់‍»៕

XS
SM
MD
LG