លោក Michael Cohen អតីតមេធាវីផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Donald Trump បានធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតរបស់សភាកាលពីថ្ងៃពុធថា លោក Trump គឺជាមនុស្សប្រកាន់ពូជសាសន៍ និងជាមនុស្សកុហកបោកប្រាស់។
លោក Cohen បានប្រាប់សភាថា លោក Trump បានដឹងថាទីប្រឹក្សាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកគឺលោក Roger Stone មានទំនាក់ទំនងជាមួយនឹងស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange ពាក់ព័ន្ធនឹងការបែកធ្លាយសារអេឡិចត្រូនិករបស់លោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោក Trump កាលពីពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។
លោក Cohen បាននិយាយថាលោក Trump ក៏បានដឹងនិងបានបញ្ជាឲ្យលោកនិយាយកុហកសភាអំពីការចរចារបស់ក្រុមហ៊ុនលោក Trump ដើម្បីសាងសង់អាគារកប់ពពកនៅក្នុងទីក្រុងម៉ូស្គូនៅអំឡុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ២០១៦ ខណៈលោក Trump បានប្រាប់អ្នកបោះឆ្នោតថាលោកគ្មានទំនាក់ទំនងអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីទេ។ លោក Cohen បាននិយាយថា លោក Trump មិនដែលគិតថាលោកឈ្នះឆ្នោតទេ។
លោក Cohen ថា៖ «លោក Donald Trump គឺជាបុគ្គលម្នាក់ដែលកាន់តំណែងជាប្រធានាធិបតីដើម្បីចង់ឲ្យការរកស៊ីរបស់លោកកាន់តែរីកចម្រើនប៉ុណ្ណោះ មិនមែនដើម្បីចង់ឲ្យប្រទេសរីកចម្រើនទេ។ លោកគ្មានគំនិតចង់ដឹកនាំប្រទេសទេ។ លោកគ្រាន់តែចង់ផ្សព្វផ្សាយពីជំនួញរបស់លោកដើម្បីភាពមានបាន និងអំណាចផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ។ យុទ្ធនាការបោះឆ្នោតរបស់លោកគឺដើម្បីយកឱកាសធ្វើការផ្សព្វផ្សាយពីមុខជំនួញរបស់លោកតែប៉ុណ្ណោះ»៕