ប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានជួបជាមួយសមាជិកគណៈប្រតិភូពាណិជ្ជកម្ម សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះនៅក្នុងរដ្ឋធានីប៉េកាំង ដែលជាទីកន្លែងចិននិងសហ រដ្ឋអាមេរិកកំពុងប៉ុនប៉ងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
លោក Steve Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកបានចុះផ្សាយនៅលើប្រព័ន្ធ Twitter នៅថ្ងៃសុក្រនេះថា លោកនិងលោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកមានជំនួបប្រកបដោយផ្លែផ្កាជាមួយលោក Liu He ឧបនាយករដ្ឋមន្រ្តីចិន។
មានសេចក្តីរាយការណ៍ថា ការចរចាពាណិជ្ជកម្ម នឹងបន្តនៅសប្តាហ៍ក្រោយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក៏ប៉ុន្តែ សេចក្តីរាយការណ៍ទាំងនោះមិនត្រូវបានគេធ្វើការបញ្ជាក់ទេ។
កាលពីដំបូង ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់សេតវិមានបានសម្តែងនូវទំនុកចិត្តនៅក្នុងការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននៅក្នុងទីក្រុងប៉េកាំង។ លោក Larry Kudlow នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសហរដ្ឋអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃព្រហស្បត៍ថា «បរិយាកាសនៅក្នុងទីក្រុងប៉េកាំងមានសភាពល្អ»។
លោក Kudlow បានផ្តល់សេចក្តីលម្អិតបន្តិចបន្តួច ក៏ប៉ុន្តែបាននិយាយបន្តទៀតថា គណៈប្រតិភូសហរដ្ឋអាមេរិកដែលដឹកនាំដោយលោក Lighthizer បានធ្វើឲ្យមានការជឿនលឿនគួរឲ្យកត់សម្គាល់។
ពួកអ្នកចរចាកំពុងធ្វើការដើម្បីឲ្យមានកិច្ចព្រមព្រៀងមួយនៅកំណត់ថ្ងៃទី១ ខែមីនា ដើម្បីបញ្ចៀសការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញដែលនាំចូលពីប្រទេសចិនមានតម្លៃ២០០ពាន់លានដុល្លារពី១០ទៅ២៥ភាគរយ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅដើមសប្តាហ៍នេះថា ប្រសិនបើ ការចរចាឃើញមានសញ្ញាជឿនលឿន ពេលកំណត់នេះអាចត្រូវលើក៕