ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​ត្រាំ​រង​ការ​រិះគន់​អំពី​​ភាព​ស្ងៀម​​ស្ងាត់​រឿង​សិទ្ធិ​មនុស្ស​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីប​អាស៊ី


លោក​ ដូណាល់ ត្រាំ លើក​ដៃ​លា​ពេល​លោក​ឡើង​ជិះ​យន្ត​ហោះ Air Force One ក្រោយ​ពេល​ចូល​រួម​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​ កាល​ពីថ្ងៃទី​១៤ ខែ​វិច្ឆិកា។
លោក​ ដូណាល់ ត្រាំ លើក​ដៃ​លា​ពេល​លោក​ឡើង​ជិះ​យន្ត​ហោះ Air Force One ក្រោយ​ពេល​ចូល​រួម​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​ កាល​ពីថ្ងៃទី​១៤ ខែ​វិច្ឆិកា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១២ ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​ប្រទេស​ចំនួន ៥ នៅ​ទ្វីប​អាស៊ី ដោយ​សម្រេច​បាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន និង​ការ​បង្កើន​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​បណ្ដា​ប្រទេស​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់។

ប៉ុន្តែ អ្នក​រិះគន់​នានា​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​អស់​នោះ​មែន ប៉ុន្តែ​ខាត​បង់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ក្នុង​នាម​ជា​ជើង​ឯក​សិទ្ធិ​មនុស្ស។

លោក Brad Adam ប្រធាន​ប្រចាំ​ទ្វីប​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា៖ «យើង​មិន​ឃើញ​សហរដ្ឋ​អាមេរិក​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ។ លោក ត្រាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​មាន​ការ​ចាប់​អារម្មណ៍​រឿង​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នានា​តែ​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​មេដឹកនាំ​ទាំង​នោះ​បញ្ជោរ​លោក នោះ​លោក​មាន​ការ​សប្បាយ​ចិត្ត ហើយ​មេដឹកនាំ​ទាំង​នោះ​អាច​រួច​ខ្លួន​ពី​អំពើ​ឃាតកម្ម​របស់​ខ្លួន​បាន»។

នៅ​ក្នុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ លោក ត្រាំ បាន​ការពារ​យុទ្ធសាស្ត្រ​របស់​លោក​ក្នុង​ការ​កសាង​ទំនាក់ទំនង​បុគ្គល ដោយ​អះអាង​ថា លោក​សម្រេច​បាន​ប្រសើរ​ជាង​មុន​លើ​បញ្ហា​មួយ​ចំនួន​តាំង​ពី​ការ​រារាំង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ការ​ជួយ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ចំពោះ​កីឡាករ​បាល់​បោះ​ប្រចាំ​សាកល​វិទ្យាល័យ​អាមេរិកាំង ៣ នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចោទ​ប្រកាន់​ថា​បាន​លួច​ទំនិញ​ក្នុង​ហាង​ក្នុង​ប្រទេស​ចិន និង​រហូត​ដល់​ការ​ធានា​ឲ្យ​បាន​នូវ​អនាគត​នៃ​មូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

លោក ត្រាំ បាន​ពន្យល់​ថា៖ «ទំនាក់ទំនង​គឺ​តែងតែ​សំខាន់។ វា​មិន​មែន​ចាំ​បាច់​មាន​ន័យ​ថា​ទាល់តែ​ទំនាក់ទំនង​នោះ​មាន​ភាព​ស្និទ្ធស្នាល​នោះ​ទេ។ វា​គឺ​ជា​ទំនាក់ទំនង​ដែល​ផ្អែក​លើ​ការ​គោរព។ សម្រាប់​ខ្ញុំ ទំនាក់ទំនង​ដែល​ផ្អែក​លើ​ការ​គោរព​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ជាង​អ្វីៗ​ទាំង​អស់ បូក​រួម​ទាំង​មិត្តភាព​ផង​ដែរ»៕

XS
SM
MD
LG