ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump សរសើរ​ពី​ផល​ប្រយោជន៍​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​វៀតណាម


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់​ ត្រាំ ត្រូវ​បាន​នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ទទួលស្វាគមន៍​នៅក្នុង​ទីក្រុងហាណូយ​កាលពី​ថ្ងៃទី១២ វិច្ឆិកា ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​កំពុង​ស្វែង​រក​វិធី​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​ប្រទេស​វៀតណាម ដែល​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។

បន្ទាប់ពី​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang នៅ​ក្នុង​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​មក លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ថា៖ «ដើម្បី​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​ដំណើរការ​ទៅ​មុខ​បាន ប្រទេស​ទាំង​អស់​ត្រូវតែ​គោរព​ទៅ​តាម​ច្បាប់។ ខ្ញុំ​ហាក់​មាន​ការ​ជំរុញ​ក្នុង​ចិត្ត​ថា នា​ពេល​ថ្មីៗ​នេះ ប្រទេស​វៀតណាម​បាន​ក្លាយជា​ទីផ្សារ​នាំ​ចេញ​មក​កាន់​សហរដ្ឋ​អាមេរិក ដែល​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ខ្ញុំ​សូម​សរសើរ​នូវ​កិច្ច​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​វៀតណាម​ក្នុង​ការ​អនុវត្ត​នូវ​កំណែ​ទម្រង់​សេដ្ឋកិច្ច និង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ប្រទេស​វៀតណាម​គ្រប់​ផ្នែក​ទាំង​អស់។ សហរដ្ឋ​អាមេរិក​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​កំណែ​ទម្រង់​ទាំង​នេះ ដែល​បាន​ជំរុញ​ឲ្យ​មាន​វិបុលភាព​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​វៀតណាម​ទាំង​អស់»។

លោក Trump បាន​បន្ថែម​ថា៖ «យើង​ទើបតែ​មាន​ការ​ពិភាក្សា​ដ៏​អស្ចារ្យ​មួយ​ជាមួយ​គ្នា​អំពី​ទំនិញ និង​សេវាកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​ហូរ​ចូល​មក​ក្នុង​ប្រទេស​វៀតណាម។ នេះ​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ជឿជាក់​ថា ផលិតផល​របស់​សហរដ្ឋ​អាមេរិក​ទាំង​ផ្នែក​ថាមពល កសិកម្ម សេវា​ហិរញ្ញវត្ថុ អាកាសចរណ៍ ពាណិជ្ជកម្ម​ឌីជីថល និង​ការពារ​ជាតិ ជា​ផលិតផល​ដែល​អាច​បំពេញ​តម្រូវការ​ផ្នែក​ពាណិជ្ជកម្ម​ជា​ច្រើន​របស់​ប្រទេស​វៀតណាម។ ហើយ​តាម​ការ​ពិត ផលិតផល​ទាំង​នេះ​មិន​ត្រឹមតែ​អាច​បំពេញ​តាម​តម្រូវការ​របស់​វៀតណាម​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​គុណភាព​ល្អ​ជាង​ផលិតផល​របស់​ប្រទេស​ដទៃ​ទៀត​ផង​ដែរ»។

ប្រធានាធិបតី​វៀតណាម​បាន​ហៅ​ជំនួប​របស់​លោក​ជាមួយ​នឹង​លោក Trump ថា​ជា​ជំនួប​ប្រកប​ដោយ​ផ្លែផ្កា ដោយ​លោក​បាន​និយាយ​ថា៖ «ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក Trump មក​កាន់​ប្រទេស​វៀតណាម​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​វៀតណាម និង​សហរដ្ឋ​អាមេរិក ដោយ​បង្កើត​ឲ្យ​មាន​នូវ​កម្លាំង​ជំរុញ​ដ៏​ខ្លាំងក្លា​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ដ៏​មាន​សារៈសំខាន់ មាន​ប្រសិទ្ធភាព និង​មាន​ស្ថិរភាព​នៃ​ភាព​ជា​ដៃគូ​ទ្វេភាគី​ដ៏​ទូលំទូលាយ»៕

XS
SM
MD
LG