ប្រធានាធិបតីស.រ.អា. Donald Trump បានធ្វើដំណើរទៅដល់រដ្ឋធានីហាណូយនៃប្រទេសវៀតណាមកាលពីល្ងាចថ្ងៃសៅរ៍ដើម្បីចូលរួមក្នុងពិធីជប់លៀងផ្លូវរដ្ឋមួយហើយដែលបន្ទាប់មកនឹងមានជំនួបជាមួយមេដឹកនាំវៀតណាមផងដែរ។
ប្រធានាធិបតីអាមេរិកាំងរូបនេះបានឋិតនៅក្នុងក្រុង Danang ដែលនៅទីនោះគាត់បានចូលរួមក្នុងសន្និសីទកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងភូមិភាគ អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APECដែលជាការប្រជុំមួយនៅក្នុងឱកាសដំណើរទស្សនកិច្ចរបស់គាត់ក្នុងប្រទេស៥ក្នុងទ្វីបអាស៊ី។
នៅពេលបិទសម័យប្រជុំនេះនៅថ្ងៃសៅរ៍នេះ ប្រទេសជាតិជាសមាជិកទាំង២១នៃអង្គការ APEC បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយសម្តែងការគាំទ្រដល់ពាណិជ្ជកម្មសេរីនិងចំណងទាក់ទងជិតស្និទ្ធជាងមុនក្នុងតំបន់ដោយមិនបាននិយាយយោងដល់ទ្រឹស្តី «ប្រទេសអាមេរិកមុនគេ» ភាសាអង់គ្លេសហៅថា «America First» របស់ប្រធានាធិបតី Trump ទេ។
កាលពីថ្ងៃសុក្រ Trump និងសមភាគីចិនរបស់គាត់គឺប្រធានាធិបតី Xi Jinping បានផ្តល់ទស្សនៈផ្ទុយគ្នាអំពីទិសដៅសម្រាប់ពាណិជ្ជកម្មនៅក្នុងទ្វីបអាស៊ីនៅក្នុងសុន្ទរកថាដាច់ដោយឡែកពីគ្នាដល់ពួកមេដឹកនាំជំនួញក្នុងតំបន់។
ប្រធានាធិបតីស.រ.អា. Donald Trump បាននិយាយប្រាប់សន្និសិទកំពូល APEC CEO ថាគាត់ចង់ធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសណាមួយក្នុងតំបន់មហាសមុទ្រឥណ្ឌានិងមហាសមុទ្រ ប៉ាស៊ីហ្វិក ក៏ប៉ុន្តែគាត់ច្រានចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុជាតិដូចជាកិច្ចព្រមព្រៀងភាពដៃគូឆ្លងកាត់មហាសមុទ្រ ប៉ាស៊ីហ្វិក ហៅកាត់ថា TPP មានប្រទេសជាតិ១២ជាសមាជិកដែលបានត្រូវបោះបង់ចោលយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃរដ្ឋបាលគាត់។
ប្រធានាធិបតី Trump បាននិយាយថា «ខ្ញុំនឹងធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជាតិណាមួយក្នុងតំបន់មហាសមុទ្រឥណ្ឌានិងមហាសមុទ្រ ប៉ាស៊ីហ្វិក ដែលចង់ធ្វើជាដៃគូជាមួយយើងនិងដែលធ្វើតាមគោលការណ៍នៃពាណិជ្ជកម្មមានភាពយុត្តិធ៌មនិងមានភាពទៅវិញទៅមក។អ្វីដែលយើងនឹងមិនធ្វើទៀតទេនោះគឺចូលរួមក្នុងកិច្ចព្រមព្រៀងធំៗដែលចងដៃយើង ធ្វើឱ្យយើងបាត់បង់អធិបតេយ្យភាពយើងនិងមិនអាចធ្វើឱ្យមានការពង្រឹងបទបញ្ញ័ត្តិមានន័យបាន»។
ប្រធានាធិបតីស.រ.អា.រូបនេះបាននិយាយថាក្នុងអតីតកាលនៅពេលដែលប្រទេសគាត់ «បន្ទាបរបាំងផ្សារ ប្រទេសឯទៀតៗមិនបានបើកផ្សារពួកគេដើម្បីទទួលទំនិញយើងទេ»៕