ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump​ ​ធ្វើ​ទស្សនកិច្ច​​នៅ​ក្រុង Kenosha ខណៈ​លោក​និង​លោក ​Biden ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​​សន្តិសុខ


លោកប្រធានាធិបតី Donald Trump ពិនិត្យមើលការបំផ្លិចបំផ្លាញ ក្នុងអំឡុងទស្សនកិច្ចនៅក្រុង Kenosha រដ្ឋ Wisconsin ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
លោកប្រធានាធិបតី Donald Trump ពិនិត្យមើលការបំផ្លិចបំផ្លាញ ក្នុងអំឡុងទស្សនកិច្ចនៅក្រុង Kenosha រដ្ឋ Wisconsin ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump​ ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង Kenosha រដ្ឋ​Wisconsin​ នៅ​ថ្ងៃ​អង្គារ ដែល​នៅ​ទី​នោះ អ្នក​តវ៉ា​ប្រឆាំង​ជា​ច្រើននាក់ ​បានបង្ក​អំពើ​ហិង្សា​ កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពីមន្ត្រី​ប៉ូលិស​ស្បែក​ស​ម្នាក់ បាន​បាញ់​ទៅ​លើ​បុរស​ស្បែក​ខ្មៅ​ឈ្មោះ Jacob Blake ​ចំនួន ​៧ ​គ្រាប់​ ចំ​លើ​ខ្នង​របស់​បុរសនោះ នៅ​ពេល​ដែល​មន្ត្រី​ប៉ូលិស​ទាំង​នោះ ​ព្យាយាម​ចាប់​បុរស​រូប​នោះ។

លោក​ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ​លោក​មិន​មាន​គម្រោង​ជួប​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ទេ ​ដោយ​សារ​តែ​ពួក​គេ​ចង់​ឲ្យ​មេធាវី​ចូលរួម​ជាមួយ​ដែរ។​

លោក​ ត្រាំ​ ក៏​មិន​បាន​រិះគន់​ដល់​អំពើ​របស់​ក្មេង​ជំទង់​ស្បែក​ស​ម្នាក់​ឈ្មោះ Kyle Rittenhouse ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បាញ់សម្លាប់​មនុស្ស​ ២ នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀតរងរបួស ​ក្នុង​ពេល​ដែល​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​តាម​ដង​ផ្លូវក្នុង​ទី​ក្រុង Kenosha បន្ទាប់​ពី​មាន​ការ​បាញ់លោក Blake ​រួច​មក។ ក្មេង​ជំទង់​ស្បែក​ស​ Rittenhouse ​អះ​អាង​ថា ​ខ្លួន​ធ្វើ​ការ​បាញ់​ប្រហារ​ ក្នុង​បំណង​ការពារ​ហាង​ជំនួញតែ​ប៉ុណ្ណោះ។ យុវជន​រូប​នេះ​ទទួល​រង​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​ចំនួន ​៥ ​ដែល​ក្នុង​នោះ​រួមបទ​មនុស្សឃាត​ដោយចេតនា ​ក្នុង​កម្រិត​ទី១។​

លោក​ ត្រាំ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ក្រុម​បាតុករ​បាន​ធ្វើការ​វាយប្រហារ​មក​លើយុវជន​រូប​នោះ។ លោក​បន្ត​ថា​ យុវជន​រូប​នោះ​ប្រហែល​ជា​ត្រូវ​ក្រុម​បាតុករ​សម្លាប់​ ប្រសិន​បើ​គាត់​មិន​បាញ់​ទៅ​លើក្រុម​បាតុករ​នោះ​ទេ។

អភិបាល​រដ្ឋ Wisconsin លោក Tony Evers បាន​ស្នើកុំ​ឲ្យ​លោក​ប្រធានាធិបតី​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង Kenosha ក្នុង​ថ្ងៃ​អង្គារ​នេះ ​ព្រោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ត្រាំ ​នៅ​ពេល​នេះ នឹងបង្អាក់​នូវ​ភាព​ធូរស្រាល​ឡើង​វិញរបស់​ទី​ក្រុង​នេះ។ ​លោក Tony Evers ថ្លែង​ថា​ លោក​មាន​ការ​បារម្ភ​ ព្រោះ​វត្តមាន​របស់​លោក ​ត្រាំ​ នឹង​ពន្យារ​ពេល​នៃ​ការ​ផ្សះផ្សារ​ ការ​បែក​បាក់ និង​កា​រួបរួម​គ្នា​តែ​ប៉ុណ្ណោះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ​ត្រាំ ​ទៅ​កាន់​រដ្ឋ Wisconsin កើត​មាន​ឡើង​ បន្ទាប់​ពី​រូប​លោក​និង​គូប្រជែង​ក្នុង​ការ​បោះ​ឆ្នោតរបស់​លោក ​គឺ​អតីត​អនុប្រធានាធីបតី​លោក​ Joe Biden ​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ពី​បញ្ហា​សន្តិសុខ ​និង​ព័ណ៌នា​ជីវិត​របស់​ពលរដ្ឋ​អាមេរិកកាំង​ ក្រោម​ការដឹកនាំ​របស់​បេក្ខ​ជនម្ខាង​ទៀត​ថា ​នឹង​មិន​មាន​សុវត្ថិភាព​នោះ​ទេ៕

XS
SM
MD
LG