ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​​តវ៉ា​ដើរ​​​​​​ក្បួន​ទៅ​កាន់​ស្នាក់ការ​ប៉ូលិស​ក្រោយ​មាន​ការ​បាញ់​ប្រហារ​បុរស​ស្បែក​ខ្មៅ​នៅ​រដ្ឋ Wisconsin


បុរស​ម្នាក់​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​នៅ​ខាង​ក្រៅ​ការិយាល័យ​ប៉ូលិស ក្នុង​ក្រុង Kenosha រដ្ឋ Wisconsin ក្នុង​អំឡុងពេល​តវ៉ា​ ក្រោយ​ពី​ប៉ូលិស​បាន​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Jacob Blake កាល​ពី​ថ្ងៃ​ទី ២៣ ខែសីហា ឆ្នាំ​២០២០។

ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ជា​ច្រើន​នាក់ បាន​មក​ជួប​ជុំ​គ្នា​កាល​ពីល្ងាច​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​ទី​ក្រុង ​Kenosha រដ្ឋ​ Wisconsin ក្រោយ​ពេល​ដែល​ប៉ូលិស​បាន​បាញ់​ទៅ​លើ​ជន​ស្បែក​ខ្មៅ​ម្នាក់។

រូបភាព​វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គ​ម​ បង្ហាញ​ថា​ បុរស​ស្បែក​ខ្មៅ​ម្នាក់កំពុង​ដើរ​ពី​មុខ​ឡាន​មួយ​ ​ នៅ​ពេល​ប៉ូលិស​បាន​ដើរ​តាម​គាត់​ពី​ក្រោយ​ដោយ​មាន​កាន់​កាំភ្លើង​ផង​ដែរ។ នៅ​ពេល​ដែល​បុរស​ស្បែក​ខ្មៅរូប​នោះ​ បើក​ទ្វារ​ចូល​ក្នុង​រថយន្ត​នោះ​ មន្រ្តី​ប៉ូលិស​ម្នាក់​បាន​ចាប់​ទាញ​អាវ​គាត់​ពី​ក្រោយ​ ហើយ​បាញ់​កាំភ្លើង​ទៅលើ​បុរស​នោះ​។ ក្នុង​រូប​ភាព​វីដេអូ​នោះ​ គេ​ឮ​ស្នូរបាញ់ចំនួន​៧​គ្រាប់​ ប៉ុន្តែ​គេ​មិន​ច្បាស់ទេថា​ តើ​មាន​មន្រ្តី​ប៉ូលិស​ប៉ុន្មាន​នាក់​ជា​អ្នកបាញ់ប្រហារ​នោះ ហើយ​តើ​មូល​ហេតុ​អ្វី​បាន​ជា​បណ្តាល​ឲ្យ​ប៉ូលិស​ធ្វើ​ការ​បាញ់​បុរស​រូប​នោះ​។​

សេចក្តីថ្លែងការណ៍​មួយរបស់​ការិយាល័យ​ប៉ូលិស​ក្រុង Kenosha ពុំ​បាន​បញ្ជាក់​លម្អិត​ ​ពី​ព្រឹត្តិការណ៍មុ​ន​ពេល​ឈាន​ទៅ​ដល់ការ​បាញ់​ប្រហារ​នោះ​ទេ​ ដោយ​គ្រាន់​តែ​និយាយ​ថា​ បុរស​ស្បែក​ខ្មៅ​រូប​នោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​មាន​របួស​ធ្ងន់។ សេចក្តីថ្លែងការណ៍​នោះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ នាយកដ្ឋានយុត្តិធម៌​របស់​រដ្ឋWisconsin នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទាក់​ទង​នឹង​រឿង​បាញ់នេះ។​

អាជ្ញាធរ​បាន​ដាក់​ចេញ​នូវ​បំរាម​គោចរ​មួយ​យប់​ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចេញ​មក​ប្រឆាំង​តវ៉ា ដោយ​ក្នុង​នោះ ​គេ​ឃើញក្រុម​អ្នកតវ៉ា​បាន​ដើរ​ទៅ​អគារ​រដ្ឋបាល​របស់​ស្រុក​ Kenosha។ ក្រុម​ប៉ូលិស​បាន​ប្រើ​ប្រាស់​របាំង​ជ័រ​ប្លាស្ទិក​ និង​ដំបង​ ដើម្បី​រុញ​ច្រាន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ចាក​ចេញ​ពី​ការិយាល័យ​របស់​ពួកគេ​។​

ការ​បាញ់ប្រហារ​នេះ​ ជា​ហេតុ​ការណ៍​ថ្មីៗ​ចុង​ក្រោយ​ នៃ​ការ​បាញ់​ប្រហារជា​ច្រើន​របស់​ប៉ូលិស​ ទៅ​លើ​ជន​ស្បែក​ខ្មៅ​អាមេរិក​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ និង​ទាម​ទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​ស្ថាប័ន​ប៉ូលិស​ និង​ចាត់​វិធានការដោះ​ស្រាយ​ចំពោះ​ភាព​មិន​ស្មើគ្នា​ក្នុង​រឿង​ជាតិសាសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ​

អភិបាល​រដ្ឋ ​Wisconsinលោក Tony Evers បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​គាំទ្រ​បុរស​ស្បែក​ខ្មៅ​ដែល​ត្រូវ​ប៉ូលិស​បាញ់​ និង​គ្រួសារ​របស់​គាត់​ ហើយ​បាន​សន្យាក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បីទាម​ទារ​ឲ្យ​មាន​ចំណាត់​ការ​ពី​មន្ត្រី​ជាប់​ឆ្នោត​របស់​រដ្ឋ​នេះ​ ដែលមិន​បាន​ទទួល​ស្គាល់​នូវ​ភាព​អយុត្តិធម៌​ខាង​ជាតិ​សាសន៍​ នៅ​ក្នុង​រដ្ឋ​នេះ​ ក៏​ដូច​ជា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ អស់​រយៈពេល​ជា​យូរ​មក​ហើយ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG