កាលពីថ្ងៃអាទិត្យ បាតុកម្មបានបន្តកើតឡើងនៅក្នុងទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ដោយមានការប្តេជ្ញាពីអភិបាលរដ្ឋថានឹងបញ្ជូនកម្លាំងប៉ូលិសបន្ថែម និងដោះស្រាយបញ្ហាជាយូរមកហើយដែលបានបណ្តាលឱ្យមានបាតុកម្មជាច្រើនខែប្រឆាំងនឹងអយុត្តិធម៌ផ្នែកជាតិសាសន៍។
បាតុករមួយក្រុមបាននាំគ្នាទៅប៉ុស្តិ៍ប៉ូលិសកាលពីថ្ងៃអាទិត្យនោះ ហើយដូចរាល់យប់នៃបាតុកម្មកន្លងមកដែរគឺប៉ូលិសទីក្រុង Portland បានប្រកាសថានោះជាការជួបជុំ «ដោយខុសច្បាប់» ហើយបានចាប់ឃាត់ខ្លួនពួកគេ។
អភិបាលរដ្ឋ Oregon លោកស្រី Kate Brown បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអាទិត្យថា មនុស្សគ្រប់គ្នាក្នុងនោះមានមន្ត្រីជាប់ឆ្នោត មន្ត្រីប៉ូលិស និងមេដឹកនាំសហគមន៍ ត្រូវការធ្វើការងារជាមួយគ្នាដើម្បីបញ្ឈប់វដ្តនៃអំពើហិង្សាក្នុងទីក្រុង Portland ហើយលោកស្រីបានបន្ថែមថា«ការផ្លាស់ប្តូរពិតប្រាកដនឹងកើតឡើងដោយការខិតខំធ្វើការងារដើម្បីសម្រេចបានយុត្តិធម៌ផ្នែកជាតិសាសន៍»។
លោកស្រី Brown បានប្រកាសថា ប៉ូលិសរដ្ឋ Oregon នឹងបញ្ជូនមន្ត្រីបន្ថែមទៅទីក្រុង Portland ដើម្បីជួយបន្ធូរការងារក្រុមស៊ើបអង្កេតនៅមូលដ្ឋានឱ្យមានពេល «ឃាត់ខ្លួននិងចោទប្រកាន់ជនដែលពាក់ព័ន្ធនឹងអំពើហិង្សា» ហើយនឹងរៀបចំវេទិកាសាធារណៈមួយជាមួយនឹងចៅហ្វាយក្រុងPortland លោក Ted Wheeler ក្រុមអ្នករៀបចំបាតុកម្ម និងមេដឹកនាំសហគមន៍។
លោកស្រីក៏បានរិះគន់សកម្មភាពរបស់ «ក្រុមតាមឃ្លាំមើលស្តាំនិយមប្រដាប់អាវុធ» ដែលបានប្រឈមមុខដាក់ក្រុមបាតុករនៅតាមរដ្ឋនានាក្នុងសហរដ្ឋអាមេរិក ដែលបានកើតមានឡើងរយៈពេលមួយថ្ងៃក្រោយពីការបាញ់សម្លាប់ដែលកើតមានឡើងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រលោកប្រធានាធិបតីដូណាល់ ត្រាំ និងក្រុមបាតុករប្រឆាំង៕