ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋី​សប្បុរសជន​អាមេរិកាំង​ម្នាក់​បរិច្ចាគ​ទឹក​ប្រាក់​រាប់​លាន ដើម្បី​ស្តារ​តំបន់​ប្រវត្តិសាស្ត្រ​​ក្នុង​ប្រទេស​ឡើងវិញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សប្បុរសជន​ជនជាតិ​អាមេរិកាំង​បរិច្ចាគ​ថវិកា​រាប់លាន​ដុល្លារ​ជួសជុល​ទីតាំង​ប្រវត្តិសាស្រ្ត​នៅ​ស.រ.អា

លោក Rubenstein មាន​អារម្មណ៍​ថា​ លោក​មាន​សំណាង​ ដែល​អាច​​ក្លាយ​ជាអ្នក​​ជំនួញ​ជោគជ័យ​ម្នាក់ ហើយ​យល់​ថា វា​ជា​ការ​ចាំបាច់​ក្នុង​ការ​រួម​ចំណែក​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​វិញ​ ដែល​លោក​ជឿ​ថា​ ជា​ប្រទេស​ដែល​បាន​​ផ្តល់​ឱកាស​ជាច្រើន​ដល់​រូប​លោក។​​

លោក David Rubenstein មិនមែន​ជា​អ្នក​មាន​នោះ​ទេ។​

លោក Rubenstein បាន​កត់សម្គាល់​ថា លោក​បាន​ធំដឹង​ក្តី​ជាមួយ​នឹង​ «ជីវិត​សាមញ្ញ​មួយ» ក្នុង​ក្រុង Baltimore រដ្ឋ Maryland ចម្ងាយ​ប្រមាណ ​៨០គ.ម​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន «ប៉ុន្តែក្រុង​ Balitmore ជា​ក្រុង​មួយ​ មាន​លក្ខណៈ​ខុស​ប្លែក​ខ្លាំង​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ ក្រុង​ Baltimore ​ជា​ក្រុង​លក្ខណៈ​គ្រួសារ​ សម្បូរ​អ្នក​ធ្វើ​ការ​ដោយ​ប្រើ​កម្លាំង ហើយ​សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​បាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មិន​មាន​នៅ​ក្នុង​ក្រុង​នេះ​នោះ​ទេ»។​

បន្ទាប់​ពី​ធ្វើ​ការ​ក្នុង​វិស័យ​ច្បាប់​នៅ​ក្នុង​ក្រុង​ញូវយ៉ក លោក Rubenstein បាន​ផ្លាស់ទៅ​រស់នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ទី​ដែល​លោក​បាន​ធ្វើ​ការ​នៅ​ក្នុង​សេតវិមាន ក្នុង​តំណែង​ជា​ទីប្រឹក្សា​រង​ផ្នែក​គោលនយោបាយ​ក្នុង​ស្រុក របស់​លោក​ប្រធានាធិបតី Jimmy Carter មុន​នឹង​ធ្វើ​ជំនួញ​ដោយ​ខ្លួន​ឯង។

សព្វ​ថ្ងៃ​នេះ​ លោក​ជា​មហាសេដ្ឋី​ម្នាក់។ លោក​ជា​សហស្ថាបនិក និង​នាយក​ប្រតិបត្តិ​រួម​របស់​ក្រុមហ៊ុន The Carlyle Group ​ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ទុន​វិនិយោគ​ឯកជន​មួយ​ មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​បាន​សម្រេចចិត្ត​ចាប់​ផ្តើម​ក្រុមហ៊ុន​គ្រប់គ្រង​ទុន​វិនិយោគ​ឯកជន ឬ​ក្រុមហ៊ុន​ទិញ​ភាគ​ហ៊ុន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ រដ្ឋធានី​វ៉ាស៊ីនតោន​មិន​មែន​ជា​កន្លែង​ដែល​ជំនួញ​បែប​នេះ​កើត​ឡើង​នោះ​ទេ។ ប៉ុន្តែ​យើង​មាន​សំណាង។ ខ្ញុំ​ជួល​បុគ្គលិក​ល្អៗឲ្យ​ធ្វើ​ការ​ជាមួយ​ខ្ញុំ ហើយ​ចុង​ក្រោយ​ យើង​ក៏​ក្លាយ​ជា​ក្រុមហុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជោគជ័យ​នៅ​លើពិភពលោក​ក្នុង​វិស័យ​នេះ»។​

លោក Rubenstein មាន​អារម្មណ៍​ថា​ លោក​មាន​សំណាង​ ដែល​អាចក្លាយ​ជាអ្នកជំនួញ​ជោគជ័យ​ម្នាក់ ហើយ​យល់​ថា វា​ជា​ការ​ចាំបាច់​ក្នុង​ការ​រួម​ចំណែក​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​វិញ​ ដែល​លោក​ជឿ​ថា​ ជា​ប្រទេស​ដែល​បានផ្តល់​ឱកាស​ជាច្រើន​ដល់​រូប​លោក។

ការ​អភិរក្ស​ជា​ប្រវត្តិសាស្ត្រ

ដូច្នេះ លោក​បាន​ងាក​ទៅយក​ចិត្តទុកដាក់​ទៅ​លើ​ផ្នែក​មួយ​ជាក់លាក់ ​ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​រូប​លោក។ នោះ​គឺ​ការ​ជួយ​អភិរក្ស​ប្រវត្តិសាស្ត្រ​អាមេរិក តាមរយៈ​ការ​ផ្តល់​មូលនិធិ​ដល់​គម្រោង​ស្តារ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​របស់​អាមេរិក។

លោក​បាន​ហៅ​សកម្មភាព​នេះ​ថា អំពើសប្បុរសធម៌​ជាតិ​និយម ដែល​លោក​ឲ្យ​និយមន័យ​ថា៖

«ជា​ការ​ជួយ​ប្រទេស​កំណើត​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​កេរតំណែល​របស់​ប្រទេស​ និង​ក្រើន​រំឭក​ពលរដ្ឋ​ពី​ប្រវត្តិសាស្ត្រ»។

លោក​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ជាមួយ​នឹង​ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក (U.S. National Park Service) ក្នុង​ការ​កំណត់​ទីតាំង​ដែល​ត្រូវ​ការ​ជំនួយ​របស់​លោក។

លោក David Rubenstein ដែល​ជា​សេដ្ឋី​សប្បុរសជន​អាមេរិកាំង និយាយ​នៅក្នុង​ពិធី​បើក​វិមាន Washington Monument នៅ​ឆ្នាំ២០១៤ ក្រោយពី​រង​ការខូចខាត​ដោយសារ​តែ​ការរញ្ជួយ​ផែនដី​នៅ​ឆ្នាំ២០១១។ (រូបថត៖ National Park Service)
លោក David Rubenstein ដែល​ជា​សេដ្ឋី​សប្បុរសជន​អាមេរិកាំង និយាយ​នៅក្នុង​ពិធី​បើក​វិមាន Washington Monument នៅ​ឆ្នាំ២០១៤ ក្រោយពី​រង​ការខូចខាត​ដោយសារ​តែ​ការរញ្ជួយ​ផែនដី​នៅ​ឆ្នាំ២០១១។ (រូបថត៖ National Park Service)

ជា​ឧទាហរណ៍​ នៅ​ពេល​មាន​គ្រោះ​រញ្ជួយ​ដី​ ដែល​បាន​បំផ្លាញ​វិមាន Washington Monument នៅ​ក្នុង​ឆ្នាំ២០១១ លោក Rubenstein បាន​បរិច្ចាគ​ប្រាក់​ចំនួន៧,៥លាន​ដុល្លារ​ ដែល​ជា​ចំនួន​ពាក់​កណ្តាល​នៃ​ថ្លៃ​ជួសជុល ដើម្បី​ជួយ​ស្តារ​វិមាន​នេះ​ឡើង​វិញ។

លោក​បាន​និយាយ​ថា៖

«វា​ជា​អគារ​តំណាង​មួយ និង​ជា​អគារ​មួយ​ក្នុង​ចំណោម​អគារ​នានា​ដែល​ខ្ញុំ​គិត​ថា ជា​និមិត្តរូបរបស់​ប្រទេស​យើង ដែល​គេ​ស្គាល់​ច្រើន។ ដូច្នេះ នៅ​ពេល​មាន​គ្រោះ​រញ្ជួយដី ខ្ញុំ​គិត​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ វា​ជា​ការ​ល្អ​ ក្នុង​ការ​ផ្តល់​ការ​គាំទ្រ ដើម្បី​ជួយ​ជួសជុល​ការ​ខូចខាតឲ្យ​បាន​កាន់​តែ​ឆាប់»។

លោក​ក៏​បាន​ជួយ​អភិរក្ស​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ Marine Corps "Iwo Jima" War Memorial ​នៅរដ្ឋ Virginia ដោយ​បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន​៥លាន​ដុល្លារ​ផងដែរ។​

រូបសំណាក​នេះ​ជា​និមិត្តរូប​មួយ បំផុស​គំនិត​ដោយ​រូប​ថត​មួយ ដែលឈ្នះ​ពានរង្វាន់ Pulitzer Prize បង្ហាញ​ពី​ទាហាន​៦រូប​កាន់​ទង់ជាតិ​អាមេរិក​នៅ​លើ​ភ្នំ Suribachi ក្នុង​សមរភូមិ Battle of Iwo Jima ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២​ កាលពី​ជាង​៧០​ឆ្នាំ​មុន។

លោក David Rubenstein ស្ថិត​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ជើង​ទឹក ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ Iwo Jima Memorial។ លោក David Rubenstein ជួយ​ចេញ​ថ្លៃ​ការជួសជុល​ស្តារ​ឡើង​វិញ​នូវ​រូបចម្លាក់​និម្មិតរូប​ក្នុង​រដ្ឋវីជីញ៉ា កាលពី​ខែមេសា ឆ្នាំ ២០១៥។ (រូបថត៖ National Park Service)
លោក David Rubenstein ស្ថិត​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ជើង​ទឹក ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ Iwo Jima Memorial។ លោក David Rubenstein ជួយ​ចេញ​ថ្លៃ​ការជួសជុល​ស្តារ​ឡើង​វិញ​នូវ​រូបចម្លាក់​និម្មិតរូប​ក្នុង​រដ្ឋវីជីញ៉ា កាលពី​ខែមេសា ឆ្នាំ ២០១៥។ (រូបថត៖ National Park Service)

លោក Rubenstein បាន​និយាយ​ថា «កន្លែង​គោរព​វិញ្ញាណក្ខន្ធ Iwo Jima Memorial ​ពិត​ជា​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ទាហាន​ជើង​ទឹក​ទាំង​អស់​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ ប៉ុន្តែ​និមិត្តរូប​ចម្បង​គឺ​ធ្វើ​ឡើង​សម្រាប់​ទាហាន​ជើង​ទឹក ​ដែល​បាន​លើក​ទង់ជាតិ​អាមេរិក​នៅ​ភ្នំ Suribachi ក្នុង​ការ​ប្រយុទ្ធ​ដណ្តើម​យក​កោះ Iwo Jima»។

ការ​ដឹង​គុណ​ដល់​លោក​ឪពុក

សម្រាប់​លោក Rubenstein រូប​សំណាក​នេះ​មាន​អត្ថន័យ​ផ្ទាល់​សម្រាប់​រូប​គាត់។

លោក​បាន​និយាយ​ថា «ឪពុក​របស់​ខ្ញុំ​ជា​ទាហាន​ជើង​ទឹក​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២។ គាត់បាន​ទទូល​មរណភាពប្រមាណ​ ​២ ឬ​៣​ឆ្នាំ​មុន​នេះ។ នៅ​ពេល​ខ្ញុំ​គិត​ពី​វិធី​ផ្តល់​ការ​គោរពដល់​គាត់​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា អ្វី​ដែល​ខ្ញុំ​អាច​សាកល្បង​ធ្វើ​បាន​នោះ​គឺ​ ធ្វើ​ការ​ជាមួយ​នឹង​ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក ដើម្បី​ពិនិត្យ​មើល​ថា​តើ​ខ្ញុំ​អាច​រក​មធ្យោបាយ​ធ្វើ​ឲ្យ​រូប​សំណាក​មាន​លក្ខណៈ​ល្អ​ប្រសើរ ឬ​ធ្វើ​ទំនើបកម្ម និង​ស្តារ​ឡើង​វិញ ដោយ​សារ​រូបសំណាក​នេះ​មិន​ត្រូវ​បាន​គេ​ជួសជុល​អស់​រយៈ​យូរ​គួរ​សម​ដែរ។ ដូច្នេះ​វា​ពិត​ជា​និមិត្តរូប​នៃ​ការ​ព្យាយាម​របស់​ខ្ញុំ​ដើម្បី​ផ្តល់​ការ​គោរពដល់​លោក​ឪពុក​ខ្ញុំ ប៉ុន្តែ​វា​ក៏​ជា​និមិត្តរូប​អ្វី​ដែល​ទាហាន​ជើង​ទឹក​ និង​អ្វី​ដែល​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​បាន​ធ្វើ​ដើម្បី​ផ្តល់​ការ​គោរព​ដល់​ប្រទេស​ខ្លួន ដោយ​បាន​ធ្វើ​ការ​លះបង់​ចុងក្រោយ​បំផុត សម្រាប់​ប្រទេស​មួយ​នេះ»។

លោក Aaron LaRocca ដែល​ជា​មន្ត្រី​ម្នាក់​បម្រើ​ការ​នៅ​ទីភ្នាក់ងារ​ឧទ្យានជាតិ​ បាន​និយាយ​ថា ការ​បរិច្ចាគ​របស់​សប្បុរស​ជន​លោក Rubenstein​ ធ្វើ​ឡើង​នៅ​ពេលវេលា​សមគួរ​បំផុត​មួយ។

លោក​បាន​និយាយ​ថា៖

«នៅ​ក្នុង​ឆ្នាំ២០១៦ យើង​ប្រារព្ធ​ខួប​១០០ឆ្នាំ​នៃ​ទីភ្នាក់ងារ​ឧទ្យានជាតិ។ ការ​បរិច្ចាគ​នេះ​នឹង​ជួយ​អភិរក្ស​រូប​សំណាក​ទាំង​មូល ដែល​មាន​ចាប់​ពី​ការ​ចំណាយ​លើកៅឡាក់​ទាញ​ទង់ជាតិ រហូត​ដល់​ផ្នែក​ខាង​ក្រោម​នៃ​រូបសំណាក»។

កន្លែង​វិញ្ញាណក្ខន្ធ Lee Memorial

លោក Rubenstein ក៏​បាន​ជួយ​ស្តារ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ Robert E. Lee Memorial ជាមួយ​នឹង​ការ​បរិច្ចាគ​ជាង​១២លាន​ដុល្លារ​ផងដែរ។

កន្លែង​ជា​ប្រវត្តិសាស្ត្រ​នេះ​ស្ថិត​នៅ​លើ​ដី​អតីត​ចម្ការ​មួយ​កន្លែង​ក្នុង​បរិវេណ​កន្លែង​បញ្ចុះ​សព​ Arlington National Cemetery ​តាម​បណ្តោយ​ទន្លេ Potomac River ដែល​ហូរ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​មក។

លោក Lee ​មេបញ្ជាការ​នៃ​កងទ័ព Confederate Army នៃ​តំបន់​ Northern Virginia នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​របស់​អាមេរិក ​បាន​រស់​នៅ​ទី​នោះ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់​អស់​រយៈពេល​៣០ឆ្នាំ។​

លោក LaRocca និយាយ​ថា ក្នុង​ចំណោម​ការ​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​បញ្ចុះ​សព​នេះ ​ជា​គម្រោង​ដើម្បី​រុះរើ​ឥដ្ឋ​ចាស់ៗ​ ដែល​បែកបាក់​ចេញ​ពី​គ្រឹះ ហើយ​យក​ឥដ្ឋ​ទាំង​នោះទៅ​ធ្វើ​តេស្ត​មើល​ថាតើ​អាច​ដាក់​ឥដ្ឋ​ប្រហាក់ប្រហែល​គ្នា​ជំនួស​បាន​ដែរ​ ឬ​យ៉ាង​ណា។

លោក Rubenstein សង្ឃឹម​ថា កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ការ​ស្រឡាញ់​ជាតិ​របស់​លោក​នឹង​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​អាមេរិកាំង​ផ្សេង​ទៀត​សិក្សា​បន្ថែម​ទៀត​អំពី​ប្រទេស​របស់​ពួកគេ និង​ជួយ​គាំទ្រ​ប្រទេស​នេះ​តាម​វិធី​ដែល​ពួកគេ​អាច​ធ្វើ​បាន។

លោក​បាន​និយាយ​ថា៖

«ពាក្យ​ថា Philanthropy ជា​ពាក្យ​ក្រិក​បុរាណ ដែល​មាន​ន័យ​ថា «ស្រឡាញ់​មនុស្ស​ជាតិ»។ វា​មិន​មាន​ន័យ​ថា អ្នក​មាន​សរសេរ​សែក​នោះ​ទេ។ ដូច្នេះ​អ្នក​អាច​ប្រើ​អ្វី​ក៏​ដោយ​ដែល​អ្នក​មាន ហើយ​អ្នក​ក៏​អាច​ប្រើ​ពេលវេលា​ កម្លាំងកាយ និង​គំនិត​របស់​អ្នក​ដើម្បី​ជួយ​ដល់​សហគមន៍ រដ្ឋ​ និង​ប្រទេស​របស់​អ្នក​ផងដែរ។ គោលបំណង​ចុង​ក្រោយ​គឺ ​ធ្វើ​ឲ្យ​មនុស្សម្នា​ក្លាយ​ជា​ពលរដ្ឋ​ដែល​ទទួល​បាន​ព័ត៌មាន​ច្រើន​ជាង​មុន ដោយសារ​តែ​ប្រសិន​បើ​អ្នក​ជា​ពលរដ្ឋ​ដែល​ទទួល​បាន​ព័ត៌មាន​ច្រើន អ្នក​នឹង​មាន​លទ្ធិប្រជាធិបតេយ្យ​ប្រសើរ​ជាង​មុន​ និង​ប្រទេសល្អ​ជាង​មុន​មួយ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG