ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ម្នាក់​មាន​គម្រោង​បំបែក​កំណត់​ត្រា​ពិភពលោក​ក្នុង​ការ​ទៅ​ទស្សនា​ឧទ្យានជាតិ​អាមេរិក​ទាំង​អស់


Mikah Meyer នៅ​ឧទ្យាន Constitution Gardens ដែល​ស្ថិត​នៅ​ក្នុង​តំបន់​​​វ៉ាស៊ីនតោន ថតនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦។ (រូបថត៖ Andy Waldron)
Mikah Meyer នៅ​ឧទ្យាន Constitution Gardens ដែល​ស្ថិត​នៅ​ក្នុង​តំបន់​​​វ៉ាស៊ីនតោន ថតនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦។ (រូបថត៖ Andy Waldron)

លោក Meyer មាន​គម្រោង​ធ្វើ​ដំណើរ​ជុំវិញ​សហរដ្ឋ​អាមេរិក​និង​ទៅ​ទស្សនា​គ្រប់​ទីតាំង​ទាំង​អស់​នៃ​ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក។ នេះ​គឺ​ជា​ដំណើរ​កម្សាន្ត​មួយ​ដែល​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ទាំង​៥០​ក្នុង​រយៈពេល​បី​ឆ្នាំ។

ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​រង់ចាំ​រហូត​ដល់​ពេល​ចូល​និវត្តន៍​ទើប​ពួកគេ​ចាប់​ផ្តើម​ផែនការ​ដំណើរ​កម្សាន្ត​ដ៏​មហិមា​របស់​ពួកគេ។​

ប៉ុន្តែ​សម្រាប់​លោក Mikah Meyer មិន​អញ្ចឹង​នោះ​ទេ។ នៅ​ត្រឹម​វ័យ​៣០ឆ្នាំ​ប៉ុណ្ណោះ លោក Mikah Meyer ដែល​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​វ៉ាស៊ីនតោន​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​នៅ​ក្នុង​ជីវិត​រួច​ទៅ​ហើយ។

ដំណើរ​កម្សាន្ត​តាម​ផ្លូវ​ដែល​ជាប់​កំណត់ត្រា​ពិភពលោក

លោក Meyer មាន​គម្រោង​ធ្វើ​ដំណើរ​ជុំវិញ​សហរដ្ឋ​អាមេរិក​និង​ទៅ​ទស្សនា​គ្រប់​ទីតាំង​ទាំង​អស់​នៃ​ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក។ នេះ​គឺ​ជា​ដំណើរ​កម្សាន្ត​មួយ​ដែល​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ទាំង​៥០​ក្នុង​រយៈពេល​បី​ឆ្នាំ។ ប្រសិនបើ​លោក​សម្រេច​គោលដៅ​របស់​លោក លោក​នឹង​ក្លាយ​ជា​មនុស្ស​ក្មេង​បំផុត​ដែល​បាន​ទៅ​ទស្សនា​តំបន់​ចំនួន៤១១ និង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​នៅ​ក្នុង​ដំណើរ​កម្សាន្ត​ជាប់ៗ​គ្នា​តែ​មួយ។

ហើយ​លោកគ្រោង​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​ ដោយ​ប្រើ​រថយន្ក​កែច្នៃ​ដែល​អាច​ស្នាក់​នៅ​បាន។

លោក Meyer នឹង​ប្រើ​ប្រាស់​រថយន្ត​ដែល​ប្រៀប​ដូច​ជា​ផ្ទះ​របស់​លោក សម្រាប់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ឧទ្យានជាតិ​និង​កន្លែង​ផ្សេងៗ​ទៀត។

Mikah Meyer អង្គុយ​លើ​ថ្ម ពេល​ដើរ​ឡើងដល់​កំពូល​ភ្នំ Old Rag Mountain ក្នុង​ឧទ្យាន Shenandoah National Park នៅ​ខែតុលា ឆ្នាំ ២០១៤។
Mikah Meyer អង្គុយ​លើ​ថ្ម ពេល​ដើរ​ឡើងដល់​កំពូល​ភ្នំ Old Rag Mountain ក្នុង​ឧទ្យាន Shenandoah National Park នៅ​ខែតុលា ឆ្នាំ ២០១៤។

លោក Meyer បាន​ពន្យល់​ថា៖

«ដូច្នេះ នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​រៀប​ផែនការ​ដំបូង​ ខ្ញុំ​ក៏​បាន​គិត​ដល់​ឧទ្យានជាតិ​ធំៗ​ទាំង​៥៩ ដែល​រួម​មាន​ឧទ្យាន​ជាតិ Grand Canyon ឧទ្យានជាតិ Acadia ហើយ​និង​ឧទ្យានជាតិ Yellowstone ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ប្រព័ន្ធ​ឧទ្យានជាតិ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ជាង​ពាក្យ​ថា ឧទ្យានជាតិ​នេះ​ទៅ​ទៀត។ វា​ជា​អ្វីៗ​គ្រប់​យ៉ាង​ រាប់​ចាប់​តាំង​ពី​ឆ្នេរ​សមុទ្រ​រហូត​ដល់​វិមាន​រូប​សំណាក​នានា​និង​តំបន់​ប្រវត្តិសាស្ត្រ ក៏​ដូចជា​តំបន់​សមរភូមិ​នានា​ផង​ដែរ។ វា​ជា​ប្រព័ន្ធ​ទាំង​មូល​ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​ ជាង​ការ​មើល​ឃើញ​ទៅ​ទៀត»។

ការ​ព្យាបាល​ដោយ​ការធ្វើ​ដំណើរ

នេះ​មិន​មែន​ជា​ដំណើរ​កម្សាន្ត​តាម​ផ្លូវ​លើក​ដំបូង​របស់​លោក Meyer នោះ​ទេ។

​លោក Meyer ដែល​មក​ពី​រដ្ឋ Nebraska រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ជា​ច្រើនសហរដ្ឋ​អាមេរិក​និងបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នែក​នានា​របស់​ពិភពលោក​ផង​ដែរ។ វា​ជា​ទម្លាប់​ប្រចាំ​ឆ្នាំ​មួយ​ដែល​កើត​ឡើង​ចេញ​បទ​ពិសោធន៍​ជូរចត់​ផ្ទាល់​ខ្លួន។

«ឳពុក​របស់​ខ្ញុំ​បាន​ស្លាប់​ពេល​គាត់​មាន​អាយុ ៥៨ឆ្នាំ មុន​ពេល​គាត់​ចូល​និវត្តន៍ គឺ​ពេល​ខ្ញុំ​មាន​អាយុ១៩ឆ្នាំ ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ជីវិត​មាន​រយៈពេល​ខ្លី ហើយ​មិន​ប្រាកដ​ថា យើង​បាន​ចូល​និវត្តន៍​ឬ​មាន​ពេល​ដែល​យើង​អាច​បំពេញ​ក្តី​សុបិន្ត​របស់​យើង​ដែរ។ ដូច្នេះ ខ្ញុំ​គិត​ថា ខ្ញុំ​ចង់​បំពេញ​ក្តី​សុបិន្ត​របស់​ខ្ញុំ។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​មាន​អាយុ៣០ឆ្នាំ​ នៅ​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត​ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្ញុំ​បាន​សម្រេច​ក្តី​សុបិន្ត​នេះ​បាន»។​

ការ​រំឭក​គុណ​ឪពុក​ក្នុង​ទិវា​ដឹង​គុណ​ឳពុក

នេះ​ជា​ផ្នែក​មួយ​នៃ​មូលហេតុ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​គាត់ ដែល​ជា​ការ​ធ្វើ​ដំណើរ​លើក​ទី១២​ប្រចាំ​ឆ្នាំ​របស់​លោក ដើម្បី​រំឭក​ដល់​ឪពុក​របស់​លោក ស្រប​ពេល​ដែល​លោក​បំពេញ​ក្តី​សុបិន្ត​ផ្ទាល់​ខ្លួន​ក្នុង​ការ​«ទស្សនា​បណ្តា​ឧទ្យានជាតិ​ដ៏​អស្ចារ្យ​នានា​របស់​អាមេរិក»។

ឧទ្យាន Constitution gardens នៅក្នុង​តំបន់វ៉ាស៊ីនតោន នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦។
ឧទ្យាន Constitution gardens នៅក្នុង​តំបន់វ៉ាស៊ីនតោន នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦។

លោក​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​របស់​លោក​កាលពី​ខែមេសា ចាប់​ផ្តើម​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​និង​បាន​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ប៉ុន្មាន​សប្តាហ៍​មុន​នឹង​លោក​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​របស់​លោក​ដែល​លោក​កំណត់​យក​ទិវា​ដឹង​គុណ​ឳពុក​គឺ​ថ្ងៃទី១៩ ខែមិថុនា ជា​ថ្ងៃ​ចេញ​ដំណើរ​របស់​លោក។

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​បាន​រស់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​អស់​រយៈពេល​៤ឆ្នាំ ហើយ​មិន​ដឹង​ថា មាន​ឧទ្យានជាតិ​ចំនួន​៤០​ក្នុង​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់ខ្ញុំ​នោះ​ទេ។ យើង​តែង​តែ​ឮ​មនុស្ស​ម្នា​និយាយ​ថា ពួក​គេ​មិន​ដែល​បាន​ទៅ​កន្លែង​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ពួក​គេ​ ហើយ​ខ្ញុំ​គិត​ថា វា​ងាយ​ស្រួល​នឹង​ភ្លេច​កន្លែង​អស្ចារ្យ​ដែល​នៅ​ជិត​យើង​ទាំង​អស់​នេះ​ណាស់»។

ត្រា​ទី១ បញ្ជាក់​នៅ​ក្នុង​លិខិត​ឆ្លង​ដែននៅវិមាន​រំឭក​អនុស្សាវរីយ៍ Washington Monument Lodge នៅរដ្ឋធានីវ៉ាស៊ីនតោននៅខែមេសា ឆ្នាំ២០១៦។
ត្រា​ទី១ បញ្ជាក់​នៅ​ក្នុង​លិខិត​ឆ្លង​ដែននៅវិមាន​រំឭក​អនុស្សាវរីយ៍ Washington Monument Lodge នៅរដ្ឋធានីវ៉ាស៊ីនតោននៅខែមេសា ឆ្នាំ២០១៦។

លោក​ទទួល​បាន​ត្រា​បញ្ជាក់​នៅ​ក្នុង​លិខិត​ឆ្លង​ដែន​សម្រាប់​ឧទ្យានជាតិ ​ឬ​ ហៅ Passport To Your National Parks រាល់​ពេល​លោក​ទៅ​ទស្សនា​តំបន់​នានា​នៅ​ក្នុង​ឧទ្យានជាតិ​ ហើយ​ឥឡូវ​នេះ​លោក​ទទួល​បាន​ត្រា​ជាង​១២។ សៀវភៅ​មួយ​ក្បាល​នេះ​បោះពុម្ព​ដោយ​អង្គការ ​National Park Travelers Club ដែល​ជា​អង្គការ​ជួយ​អ្នក​ទេសចរ​តាម​ដាន​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ឧទ្យានជាតិ​នានា។

ត្រា​ដំបូង​ដែល​លោក​ទទួល​បាន​គឺ​នៅ​ពេល​ដែល​លោក​ទៅ​ទស្សនា​វិមាន​វ៉ាស៊ីនតោន។ លោក​ថា៖ «ដោយសារ​តែ​ខ្ញុំ​ចង់​ឃើញ​អ្វី​ម្យ៉ាង​ដែល​ជា​និមិត្តរូប អ្វី​មួយ​ដែល​ពលរដ្ឋ​អាមេរិកាំង​និង​មនុស្ស​ម្នា​ក្នុង​ពិភពលោក​ទទួល​ស្គាល់ ប៉ុន្តែ​ប្រហែល​ជា​ពួកគេ​មិន​ទាំង​ដឹង​ថា​ នោះ​គឺ​ជា​ឧទ្យានជាតិ​ផង»។

ការ​រក​ប្រាក់​សម្រាប់​បំពេញ​ក្តី​សុបិន្ត

លោក Meyer បាន​សន្សំ​ប្រាក់​សម្រាប់​ដំណើរ​កម្សាន្ត​របស់​លោក​ក្នុង​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​លោក​ធ្វើ​ការងារ​ចំនួន​២​កន្លែង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ប៉ុន្តែ​លោក​និយាយ​ថា លោក​មាន​ប្រាក់​គ្រប់​តែ​សម្រាប់​ដំណើរ​កម្សាន្ត​ឆ្នាំទី​១​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖«ដូច្នេះ ​ខ្ញុំ​ពឹងផ្អែក​ទៅ​លើ​ថវិកា​បរិច្ចាគ​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា Crowdfunding ដែល​ជា​ការ​ឧបត្ថម្ភ​របស់​សាជីវកម្ម​នានា​និង​មនុស្ស​ម្នា​ដែល​បាន​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ខ្ញុំ​និង​ជួយ​ខ្ញុំ​តាម​វិធី​ដែល​ពួកគេ​អាច​ធ្វើ​បាន ទោះ​ណា​ជា​ការ​បរិច្ចាគ​ឬ​គ្រាន់​តែ​ជា​ការ​តាម​ដាន​បណ្តាញ​សង្គម​របស់​ខ្ញុំ​ក៏​ដោយ»។

លោក​ចង់​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​សម្រាប់​ដំណើរ​កម្សាន្ត​របស់​លោក ដូច្នេះ​លោក​អាចផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ទស្សនា​និង​ការ​ស្វែង​យល់​ពី​ឧទ្យានជាតិ​ទាំង​នោះ​បាន​ល្អ។

ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក

លោក Meyer ​មាន​គម្រោង​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​លោក​តាម​បណ្តាញ​សង្គម។

«វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​បង្ហាញ​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ពិភពលោក​ថា សហដ្ឋ​អាមេរិក​មាន​ប្រព័ន្ធ​ឧទ្យានជាតិ​ដ៏​អស្ចារ្យ​មួយ ដែល​មាន​អ្វីៗ​ត្រូវ​ទស្សនា​ជា​ច្រើន មិន​មែន​មាន​តែ​ឧទ្យានជាតិ Grand Canyon នោះ​ទេ»។

រូបថត​របស់ Mikah Meyer ពេល​លោត​ក្នុង​អាកាស ក្នុង​ពេល​ទៅ​លេង​ភ្នំ​ឧទ្យាន​ជាតិ​មាន​ឈ្មោះ​ថា Rocky Mountain National Park ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ «បេសកកម្ម និង​ការលំហែ» តាម​រយៈ​បណ្តាញ​និស្សិត​បុព្វជិត​នៃ​មូលនិធិ Methodist Wesley Foundation នៅ​ឆ្នាំ ២០០៩។
រូបថត​របស់ Mikah Meyer ពេល​លោត​ក្នុង​អាកាស ក្នុង​ពេល​ទៅ​លេង​ភ្នំ​ឧទ្យាន​ជាតិ​មាន​ឈ្មោះ​ថា Rocky Mountain National Park ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ «បេសកកម្ម និង​ការលំហែ» តាម​រយៈ​បណ្តាញ​និស្សិត​បុព្វជិត​នៃ​មូលនិធិ Methodist Wesley Foundation នៅ​ឆ្នាំ ២០០៩។

អ្នក​ដែល​ចាប់​អារម្មណ៍​តាម​ដាន​លើ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​លោក អាច​ចូល​ទៅ​កាន់​គេហទំព័រ www.TBCMikah.com និង​ចុច​ពាក្យ​ថា Follow នៅ​លើ​គណនី Twitter បណ្តាញ​សង្គម​Facebook Instagram និង​គេហទំព័រ YouTube បាន។

លោក​បាន​និយាយ​ថា៖«សម្រាប់​ខ្ញុំ គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​នេះ​គឺ​ដើម្បី​បំពេញ​ក្តី​សុបិន្ត​មួយ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​អាច​ដឹង​ថា នៅ​ពេល​ណា​ក៏​ដោយ​ដែល​ខ្ញុំ​ស្លាប់ ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​តែង​សុបិន្ត​ចង់​ធ្វើ»។

លោក​មាន​គម្រោង​បញ្ចប់​ការ​ធ្វើ​ដំណើរ​របស់​លោក​នៅ​ទី​រំឭក​អនុស្សាវរីយ៍ Lincoln Memorial ដែល​ស្ថិត​នៅ​ជិត​នឹង​កន្លែង​ដែល​លោក​បាន​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG