ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ធ្វើ​ឲ្យ​មាន​និរន្ត​ភាព​ព្រៃ​ឈើ​ ពិចារណា​អំពី​ការ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​សមាជិកភាព​


ព្រៃ​ឈើ​ដែលគួរអភិរក្ស

ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​គ្រប់​គ្រង​ព្រៃ​ឈើ​កំពូល​របស់​ពិភព​លោក​ថ្លែង​ថា​ ខ្លួន​កំពុង​ពិនិត្យ​មើល​គោល​នយោបាយ​ដែល​អាច​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​សមាជិកភាព​របស់​ខ្លួន​ដើម្បី​បញ្ចូល​ក្រុម​ហ៊ុន​ច្រើន​ថែម​ទៀត​ ដែល​បាន​កាប់​ឆ្កា​ព្រៃ​ធម្មជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ វិធានការ​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស់​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​អ្នក​បរិស្ថាន​មួយ​ចំនួន​ ដែល​និយាយ​ថា​ វិធានការ​នេះ​ជា​ការ​ចាំបាច់​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តាម​បណ្តា​ប្រទេស​ ដូច​ជា​ប្រទេស​ឥណ្ឌូនេស៊ី។

នៅ​ក្នុង​សម្ព័ន្ធភាព​មួយ​ដែល​មិន​គួរ​និង​មាន​ ក្រុម​អ្នក​បរិស្ថាន​និង​ក្រុម​ជំនួញ​ទាក់​ទិន​នឹងព្រៃ​ឈើ​ បាន​បោះ​ឆ្នោតនៅ​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ពិនិត្យ​សើ​រើ​មើល​លក្ខណៈ​វិនិច្ឆ័យ​ដែល​គេ​បាន​កំណត់​កាល​ពី​ឆ្នាំ​១៩៩៤​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​ព្រៃ​ឈើ ​(Forest​ Stewardship​ Council)​ ផ្តល់​វិញ្ញាបនប័ត្រដល់ក្រុមហ៊ុន​ ដែល​បាន​ជាប់​ពាក់​ព័ន្ធ​កាល​ពី​ពេល​ថ្មីៗ​នៅ​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​ហូប​ផ្លែ​និង​ផលិត​ក្រដាស​ ដែល​ជា​កម្លាំង​ជំរុញ​ឲ្យ​មានសកម្មភាព​ចម្ការ​ដំណាំ​ភាគ​ច្រើន​ នៅ​ឥណ្ឌូនេស៊ី​(Indonesia)​ និង​ម៉ាឡេស៊ី​(Malaysia)។

ក្រុម​ប្រឹក្សា​គ្រប់​គ្រងព្រៃ​ឈើ​ គឺ​ជា​ក្រុម​មួយ​ដែល​មាន​រួម​បញ្ចូល​ប្រធាន​ក្រុម​ពាណិជ្ជកម្ម​និង​អ្នក​បរិស្ថាន​ ដែល​ត្រូវ​បាន​គេស្គាល់​ជា​ទូទៅតាម​ស្លាក​អក្សរ​កាត់ថា​ FSC​ នៅ​លើ​ឈើហ៊ុប​និង​ផលិតផល​ឈើ​ដទៃ​ទៀត។​ ក្រុម​នេះ​ជា​អ្នក​បញ្ជាក់​ថាផលិតផល​ដែល​មានស្លាក​របស់​ខ្លួន ​មិនបាន​រួម​ចំណែក​ក្នុងការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​របស់ពិភពលោក​នោះ​ទេ។​ បច្ចុប្បន្ន​នេះ​ FSC​ នឹង​មិន​ផ្តល់​វិញ្ញាបនប័ត្រ​ដល់​ចម្ការ​ទាំង​ឡាយ​ណា​ ដែលជាប់​ពាក់ព័ន្ធ​នឹងការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទេ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤។

ក្រុម​អ្នក​រិះ​គន់​និយាយ​ថា​ ការ​បន្ធូរ​បន្ថយ​បទដ្ឋាន​សមាជិកភាព​ FSC​ អាច​គំរាម​កំហែងដល់ភាពជឿ​ទុក​ចិត្តទៅ​លើ​ក្រុម​ប្រឹក្សា​ និង​ប្រហែលជា​នាំ​ឲ្យ​បាត់​បង់ព្រៃ​ឈើ​ច្រើន​ថែម​ទៀត​ នៅ​តាម​បណ្តា​ប្រទេស​ ដែល​មាន​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​ទន់​ខ្សោយ។

ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​ថ្លែង​ថា​ FSC​ នឹង​មាន​ផល​ប៉ះ​ពាល់​ធំ​ធេង​ជាង​មុន​ ប្រសិន​បើ​ខ្លួន​បញ្ចូល​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​បាន​កាប់​ឆ្ការ​ព្រៃឈើ​ដើម្បី​ធ្វើ​សកម្មភាព​ចម្ការ​ដំណាំ។

លោក អាឌីតយ៉ា​ បាយូណាន់ដា​ (Aditya​ Bayunanda)​ អ្នក​សម្រប​សម្រួលនៃ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​នៅ​ឥណ្ឌូនេស៊ី​ (World​ Wildlife​ Fund​ Indonesia)​ មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ប្តូរ​មាន​សារៈសំខាន់​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​មួយ​ ដែលប្រឈម​មុខ​នឹង​ការ​បាត់​បង់​ព្រៃ​ឈើ​ដ៏​រាល​ដាល។

«ជាក់ស្តែង​ វិន័យ​ឆ្នាំ​១៩៩៤​ នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​បាន​បញ្ចូល​ចម្ការ​ជា​ច្រើន​ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ ហើយ​យើង​មិន​អាច​ប្រើ​វិញ្ញាបនប័ត្ររបស់​ FSC​ ជា​ឧបករណ៍​មួយ​សម្រាប់​ជំរុញឲ្យ​មាន​និរន្តភាព​ និង​ជំរុញ​ក្រុមហ៊ុន​ទាំង​អស់​នោះ​ឲ្យ​ទទួល​វិញ្ញាបនប័ត្រ​បាន​ទេ​ ដោយ​សារ​តែវិញ្ញាបនប័ត្រ​នេះ​មិន​ទាន់​អាច​រក​បាន​នៅ​ឡើយ»។

យោង​តាម​តួលេខ​ដែល​បាន​ចង​ក្រង​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ឥណ្ឌូនេស៊ី​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ (Indonesia​ National​ Council​ on​ Climate​ Change)​ ឥណ្ឌូនេស៊ី​អាច​បាត់​បង់​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ចំនួន​ជាង​២០​ភាគ​រយ​ទៀត​នៅ​ត្រឹម​ឆ្នាំ​២០៣០​ ប្រសិន​បើក្រុមហ៊ុន​នៅ​តែបន្ត​កាប់​ឆ្កា​ព្រៃ​ឈើ។​ សមាជិក​ FSC​ បាន​ឲ្យ​ដឹង​ថា​ វិញ្ញាបនប័ត្រជំរុញ​ក្រុម​ហ៊ុន​ទាំងឡាយ​ឲ្យ​កាត់​បន្ថយឥទ្ធិពល​របស់​ខ្លួន​លើ​ព្រៃ​ឈើ​ ប៉ុន្តែដើម្បី​ឲ្យ​កាន់​តែ​មានប្រសិទ្ធិភាព​បំផុត​នោះ ​គឺ​ថា ​ក្រុមប្រឹក្សា​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​និង​ភាព​ចម្រូង​ចម្រាស់ដែល​មាន​ជា​យូរមក​ហើយ​ ជុំវិញរបៀប​របប​នៃ​ការ​ធ្វើ​ចម្ការ។

ញ្ញតិ​ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​សុក្រ​ បាន​បើក​ការ​ពិភាក្សា​សា​ជា​ថ្មី​ទៀត​ ថា​តើ​ដី​ប្រភេទ​ណា​ខ្លះ​គួរ​ទទួល​បាន​វិញ្ញាបនប័ត្រ​ និង​នៅ​ក្នុង​លក្ខ​ខណ្ឌ​បែប​ណា​ ហើយ​ថា​តើ​ដី​ដែល​អាច​ត្រូវ​បាន​កែ​ប្រែ​ គួរ​តែ​ទទួល​បានការ​យល់​ព្រម​ពី​ FSC​ ដែរ​ឫ​ដូច​ម្តេច។​ អ្នក​ដែល​បោះ​ឆ្នោត​ប្រឆាំង​នឹងញ្ញតិ​នេះ​ និយាយ​ថា​ ញ្ញតិ​នេះ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ពេក​ ហើយ​ផ្តល់​ការ​ណែនាំ​តិច​តួច ​អំពី​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រងព្រៃ​ឈើបាន​ប្រសើរ​ឡើង​ ដែលនេះ​គឺ​ជា​ចំណុច​ស្នូល​នៃ​សកម្មភាព​របស់​ FSC។

FSC​ ចេញ​វិញ្ញាបនប័ត្រ​ឲ្យ​ពាណិជ្ជកម្ម​ដែល​ទាក់​ទង​នឹង​ព្រៃ​ឈើ​ ដោយ​ផ្អែក​លើ​បទដ្ឋាន​ដ៏​តឹង​រឹង​ ដែល​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ស្រប​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​ទំនួល​ខុស​ត្រូវ​ខាងបរិស្ថាន​ សង្គម​ និង​សេដ្ឋកិច្ច។​ ត្រា​របស់​ខ្លួន​គួរ​តែ​ធានា​ថា​ ផលិតផល​ឈើ​និង​ក្រដាសត្រូវ​បាន​ប្រមូល​ផល​ ប្រកប​ដោយ​ចិរភាព។

វិញ្ញាបនប័ត្រ​បែប​នេះកាន់​តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​នៅ​តាម​ទីផ្សារ​ ដែល​អតិថិជន​ចង់ដឹងថា​ តើ​ផលិតផល​ដែលពួក​គេ​ទិញ​នោះ​ មាន​ការ​តាំង​ចិត្តចំពោះ​ទំនួល​ខុស​ត្រូវខាង​បរិស្ថាន​ដែរឬ​ទេ។

លោក​ អាលីស្ទែរ​ ម៉ូនូម៉ិន​ (Alistair​ Monument)​ នាយក​ប្រចាំ​ទ្វីប​អាស៊ី​របស់​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​ព្រៃ​ឈើ​ និយាយ​ថា វិញ្ញាបនប័ត្រផ្តល់​កម្លាំង​ជំរុញដើម្បី​ឲ្យ​មាន​និរន្តរភាព។

«ខ្ញុំ​គិត​ថា​ តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​យ៉ាង​រឹង​មាំ​មួយ​ និង​ការ​ដណ្តើម​យក​ទីផ្សារ​យ៉ាង​ខ្លាំង​ក្លា​មួយ ​វិញ្ញាបនប័ត្រ​នេះបង្កើត​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ទាំង​នោះ​ឲ្យ​ផ្លាស់ប្តូរ។​ ហើយ​ឥឡូវ​យើងកំពុង​ឃើញ​ការ​ផ្លាស់​ប្តូរ​នេះ​ហើយ ​នៅពេល​ដែលក្រុមហ៊ុន​គ្រប់គ្រង​ព្រៃ​ឈើ​ធំៗ​ទាំង​នេះ កំពុង​ស្វែង​រក​មធ្យោបាយដើម្បីចូលទៅ​ក្នុង​ទីផ្សារ​ បើ​ពុំ​ដូច្នោះ​ទេពួក​គេ​នឹង​បាត់​បង់​ចំណូល​ហិរញ្ញវត្ថុ​ជាក់​ជា​ពុំ​ខាន»។

សកម្មជន​ខាង​ព្រៃ​ឈើ​ថ្លែង​ថា​ ខណៈ​ដែល​វិញ្ញាបនប័ត្រ​ពិត​ជាបាន​កាត់​បន្ថយបរិមាណ​ព្រៃ​ឈើដែល​ត្រូវ​បាន​កាប់​ឆ្កា​ វិញ្ញាបនប័ត្រ​នេះ​តែ​មួយ​មុខ មិនទាន់​គ្រប់​គ្រាន់ដើម្បី​ធានាឲ្យមាន​ការ​គ្រប់​គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព​បាន​ទេ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ពួក​គេ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ ​អំពី​ភាព​គួរ​ឲ្យ​ទុក​ចិត្ត​បានរបស់ក្រុម​ជម្រះ​បញ្ជី​ ដែល​ចេញ​លិខិត​បញ្ជាក់​ឲ្យ​ប្រតិបត្តិ​ការ​ឈើ។​ អ្នក​ផ្សេង​ទៀតព្រួយបារម្ភ​ថា ​នៅ​តាម​បណ្តា​ប្រទេស​ទាំងឡាយ​ មាន​ដូច​ជាឥណ្ឌូនេស៊ី​ ដែល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ផុស​ចេញ​ពី​អំពើ​ពុក​រលួយនិង​ការ​អនុវត្ត​ច្បាប់​មិន​បាន​ដិតដល់​ វិញ្ញាបនប័ត្រ​មាន​ភាព​សំខាន់​តិច​តួច​ណាស់។

ព្រៃ​ឈើ​តិច​ជាង​១​លាន​ហិកតា​ក្នុង​ចំណោម​ព្រៃ​ឈើ​ចំនួន​១២០​លាន​ហិកតា​របស់​ឥណ្ឌូនេស៊ី មាន​វិញ្ញាបនប័ត្រ​របស់​ FSC​ ហើយ​ក្រុមហ៊ុន​ក្រដាស​ធំ​បំផុត​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ប្រតិបតិ្តការ​នៅ​ក្នុង​ប្រទេស​ ទទួល​រង​នូវ​ការ​ដក​ហូត​យក​វិញ្ញាបន​ប័ត្រ​មក​វិញ។

នៅ​ក្នុង​ឆ្នាំ​២០០៧​ ក្រុមប្រឹក្សា​នេះបាន​ទម្លាក់​ចោលក្រុមហ៊ុន​ អាស៊ី​ ផុលព៍​ និង​ ភេបភើ​ (Asia​ Pulp​ and​ Paper)​ ដោយ​មានសម្ពាធ​ពី​ក្រុម​ទាំងឡាយ​ដែល​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ​ពី​បទ​បំផ្លាញព្រៃ​ឈើដែល​ទាក់​ទាញ​ទឹក​ភ្លៀង​ ក្នុង​ទ្រង់​ទ្រាយ​ធំ។​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នក​គាំពារ​ផ្នែក​បរិស្ថាន ឈ្មោះហ្គ្រីនភីស ​(Greenpeace)​ បាន​កំណត់​មុខ​សញ្ញា​ក្រុម​ហ៊ុន​នេះ​ម្តង​ទៀត​ ពី​បទផ្គត់​ផ្គង់ក្រុម​ហ៊ុន ​ម៉ាថែល​ (Mattel)​ នូវ​ខ្សែ​សសៃ​ឆ្មារ​ ដែល​បាន​មក​ពី​ព្រៃ​ឈើ​ដែល​ត្រូវ​បំផ្លិច​បំផ្លាញ​ ដើម្បី​ប្រើក្នុង​ការ​វេច​ខ្ចប់​រូប​តុក្កតា​កូន​ក្រមុំ​បាប៊ី​ (Barbie)។

កាល​ពី​ឆ្នាំ​មុន​ FSC​ បាន​ទម្លាក់​ចោល​ក្រុមហ៊ុន​ក្រដាស​ឈ្មោះ​ APRIL​ ពី​បទ​ខក​ខាន​មិន​បាន​ដោះស្រាយទំនាស់​ជាមួយ​សហគមន៍​ព្រៃ​ឈើមូលដ្ឋាន។

ការ​ប៉ះ​ទង្គិច​គ្នារវាងសាជីវកម្មនិង​សហគមន៍​មូលដ្ឋាន​ស្តី​ពី​សិទ្ធិ​កាន់​កាប់​ដី​ព្រៃ​ឈើ ជា​រឿង​ធម្មតា​មួយ។​ ក្រុម​អ្នក​រិះ​គន់ចោទ​ប្រកាន់​ផែនការ​ទាំងឡាយ​ដែល​សំដៅ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​បាន​ប្រសើរ​ឡើង​ ពី​បទ​ធ្វើ​មិន​ដឹង​មិន​ឭ​ចំពោះ​សម្លេង​របស់​សហគមន៍​មូល​ដ្ឋាន​ និង​ខក​ខាន​មិន​បានយល់​អំពី​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ។

លោក នីកូឡាស​ មូជាស​ (Nicholas​ Mujah)​ តំណាង​ឲ្យ​សហគមន៏​ជន​ជាតិ​ដើម​មួយ​ឈ្មោះដាយ៉ាក​(Dayak)​ នៅ​តំបន់​សារ៉ាវ៉ាក​ (Sarawak) ​របស់​ប្រទេស​ម៉ាឡេស៊ី។

«វា​មិន​មែន​ជា​បញ្ហា​នៃ​ការ​យោគយល់​គ្នា​ទេ​ វា​ជា​បញ្ហា​ស្តី​ពី​ថា​តើ​សហគមន៏​ជន​ជាតិ​ដើម​ត្រូវ​បានអញ្ជើញ​ឲ្យ​ចូល​រួម​យ៉ាង​ពេញ​លេញ​ ឬឲ្យ​ចូលពាក់​ព័ន្ធយ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ចរចានិង​ការ​ពិភាក្សា​នេះ​ដល់​កម្រិត​ណា»។

លោក​និយាយ​ថា​ FSC​ មិន​បាន​ផ្តល់​អាទិភាពដល់​កត្តាផ្នែកសង្គមនៅ​ក្នុង​ការ​ចរចារបស់​ខ្លួន​ទេ​ ដែលខ្លួនបាន​គូស​បញ្ជាក់​ថា​ជា​ផ្នែក​មួយ​នៃធម្មជាតិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន។​ មនុស្ស​ជា​ច្រើន​ដែលជំទាស់​នឹងញ្ញតិដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​សុក្រ​ សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​បទដ្ឋាន​ណា​មួយ​ ដែល​អាច​អនុញ្ញាត​ឲ្យ​ពង្រីក​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើក្នុង​ទ្រង់​ទ្រាយ​ធំ។

បើ​ទោះ​ជា​មាន​ការ​រិះ​គន់​នេះ​ក៏​ដោយ​ ក៏​លោក​ ម៉ូជាស​ ពិត​ជាបាន​លើក​ឡើង​ថា​ កន្លង​មក​ FSC ​ជា​យន្តកម្មតែ​មួយ​គត់​ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ ​ចូល​ទាក់​ទង​ជាមួយ​សហគមន៍​មូលដ្ឋាន​ មុន​ពេល​ដែលពួក​គេ​អាច​ទទួល​បាន​នូវ​វិញ្ញាបនប័ត្រ។

សមាជិក​របស់​ FSC​ ថ្លែង​ថា​ រដ្ឋាភិបាល​ក៏​មាន​តួនាទី​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រៃ​ឈើមាន​និរន្តរភាព​ដែរ​ ហើយសមាជិកភាគ​ច្រើនស្វាគមន៍វិធានការ​ ដែលបាន​ធ្វើ​ឡើង​រួច​ហើយ​ដោយ​ឥណ្ឌូនេស៊ី។

ក្នុង​អំឡុង​ការ​ចរចា​អន្តរជាតិ​ស្តី​ពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ កាល​ពី​ឆ្នាំ២០០៩​ លោកប្រធានាធិបតី​ ស៊ូស៊ីឡូ​ បាមបាំង​ យូដូយូណូ​ (Susilo​ Bambang​ Yudhoyono)​ យល់​ព្រមកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បំពុល​បរិស្ថាន​របស់​ឥណ្ឌូនេស៊ី​ ក្នុង​កម្រិត២៦​ភាគ​រយនៅ​ក្នុង​ឆ្នាំ២០២០​ ដែលបច្ចុប្បន្ន​មាន​ទំហំ​ធំ​ធេងបំផុតលំដាប់​ទី​បី​នៅ​ក្នុងពិភពលោក។​ ហើយ​នៅ​ក្នុងខែឧសភា​ លោក​បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ញតិ​មួយ​ ដែលហាម​ឃាត់​ការ​ធ្វើ​ចម្ការ​ មិន​ឲ្យ​ពង្រីកខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ឈើ​ដំបូង​ ឬ​ដីដែល​មាន​ជីវជាតិ​សំខាន់ៗ​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ៕

ប្រែ​សម្រួល​ដោយ​ លី សុខៀង

XS
SM
MD
LG