លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបង្ហាញសារអំពីការផ្សះផ្សា និងអំពីបញ្ហាប្រឈមដ៏ត្រង់ៗមួយ ទៅកាន់មេដឹកនាំនៃបណ្ដាប្រទេសកាន់សាសនាឥស្លាមនានា។
លោក Trump បានថ្លែងយ៉ាងដូច្នេះថា៖ «អនាគតដ៏ប្រសើរជាងនេះគឺអាចទៅរួច ប្រសិនបើប្រទេសរបស់អ្នកកម្ចាត់ពួកភេរវករ និងពួកជ្រុលនិយមចេញពីប្រទេស។ កម្ចាត់ពួកនោះចេញទៅ។ កម្ចាត់ពួកនោះចេញពីទីកន្លែងសក្ការៈរបស់អ្នកទៅ។ កម្ចាត់ពួកនោះចេញពីសហគមន៍របស់អ្នកទៅ»។
លោក Trump បានប្រើភាសាទន់ភ្លន់ជាងរាល់ដងចំពោះសាសនាឥស្លាម ដោយលោកបានហៅសាសនាឥស្លាមថាជាជំនឿដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។ ហើយលោកក៏មិនបានលើកឡើងខ្លាំងៗអំពីសញ្ញាណនៃការប្រឈមមុខដាក់គ្នារបស់អារ្យធម៌នានានៅលើពិភពលោកនោះដែរ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «នេះមិនមែនជាសង្គ្រាមរវាងជំនឿខុសគ្នា និកាយខុសគ្នា ឬក៏អារ្យធម៌ផ្សេងគ្នានោះទេ។ នេះជាសង្គ្រាមរវាងសភាវៈល្អជាមួយនឹងសភាវៈអាក្រក់»។
ការថ្លែងរបស់លោក Trump ដូចនេះ ក៏មានគោលបំណងធ្វើឲ្យមេដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់នានាមានទំនុកចិត្តឡើងវិញផងដែរ ដែលភាគច្រើននៃមេដឹកនាំទាំងនោះមានការមិនសប្បាយចិត្តជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកណា ដែលលើកឡើងពីបញ្ហាសិទ្ធិមនុស្ស។
លោក Trump បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំមិនមែនមកទីនេះ ដើម្បីបង្ហាត់បង្ហាញអ្វីនោះទេ។ យើងខ្ញុំមិនមែនមកទីនេះ ដើម្បីប្រាប់អ្នកដទៃឲ្យរស់នៅរបៀបយ៉ាងម៉េច ធ្វើអ្វី ធ្វើឥរិយាបថបែបណា ឬក៏ធ្វើការបួងសួងរបៀបណានោះទេ។ ប៉ុន្តែ យើងខ្ញុំមកទីនេះ គឺក្នុងគោលបំណងដើម្បីធ្វើការសហការជាមួយគ្នាជាដៃគូ ផ្អែកលើផលប្រយោជន៍ និងគុណតម្លៃរួមគ្នាតែប៉ុណ្ណោះ»។
ការថ្លែងរបស់លោក Trump ដូចនេះ គឺផ្ទុយពីការថ្លែងរបស់លោកអតីតប្រធានាធិបតី Barack Obama នៅក្នុងសុន្ទរកថារបស់លោកកាលពីឆ្នាំ ២០០៩ នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដែលកាលពីពេលនោះ លោកបានថ្លែងអំពី «ការចាប់ផ្ដើមថ្មី» ជាមួយនឹងបណ្ដាប្រទេសកាន់សាសនាឥស្លាមនានា ដោយភ្ជាប់ជាមួយនូវលក្ខខ័ណ្ឌសិទ្ធិមនុស្ស។
ភាសារបស់លោក Trump លើកនេះ ក៏ខុសពីអ្វីដែលលោកបានលើកឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំមុនផងដែរ ដែលកាលពីពេលនោះ លោកបានប្រកាសថា «សាសនាឥស្លាមស្អប់ពួកយើង» ហើយលោកបានស្នើឲ្យមាន «ការបញ្ចប់ទាំងស្រុង» ចំពោះអ្នកកាន់សាសនាឥស្លាមណា ដែលមានបំណងចង់ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត លោក Trump កម្រលើកឡើងពីបញ្ហាសិទ្ធិមនុស្សណាស់។ ប៉ុន្តែ លោកបានផ្ដោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការលក់អាវុធទៅវិញ។
លោក Trump បានលើកឡើងយ៉ាងដូច្នេះថា៖ «មានការវិនិយោគក្នុងទឹកប្រាក់រាប់រយពាន់លានដុល្លារអាមេរិកនៅក្នុងសហរដ្ឋអាមេរិក ដែលការវិនិយោគនេះបង្កើតឲ្យមានការងារកាន់តែច្រើនឡើងបន្ថែមទៀត»។
សារនេះ ជាសារដែលមេដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់នានា ទទួលយកបាន។
ពិសេសជាងនេះទៅទៀត គឺថា ប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីតបានចំណាយថវិកាជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យលោក Trump មានអារម្មណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតស្វាគមន៍រូបលោក។
ប៉ុន្តែ គេនៅតែមិនច្បាស់ថាតើមេដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់ ឬមេដឹកនាំនៃបណ្ដាប្រទេសកាន់សាសនាឥស្លាមទាំងនោះ អាចធ្វើតាមការអំពាវនាវរបស់លោក Trump នៅក្នុងការកម្ចាត់ភាពជ្រុលនិយមផ្សេងៗ បានប៉ុណ្ណានោះទេ។ នេះបើតាមការបញ្ជាក់តាមប្រព័ន្ធ Skype របស់លោកស្រី Jocelyne Cesari សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Georgetown។
លោកស្រីសាស្ត្រាចារ្យ Jocelyne Cesari បាននិយាយថា៖ «ការពិតគឺថា មេដឹកនាំទាំងនេះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯងដោយខ្លួនឯងផ្ទាល់ ទាក់ទិននឹងបញ្ហាប្រជាជនដែលរស់នៅក្រោមរបបផ្ដាច់ការហួសហេតុនានា ដែលរបបផ្ដាច់ការទាំងនោះបានប្រើអំពើហិង្សានយោបាយច្រើនដូចពួកជ្រុលនិយមផ្សេងៗដែរ»។
បន្ទាប់ពីដំណើរទស្សនកិច្ចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនេះ លោក Trump នឹងពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអ៊ីស្រាអែល ហើយបន្ទាប់មក លោកនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Bethlehem នៃដែនដីប៉ាឡេស្ទីន ដើម្បីពិភាក្សាជាមួយនឹងលោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas។
ហើយបន្ទាប់មកទៀត លោក Trump នឹងធ្វើដំណើរទៅកាន់វិមាន Vatican ដើម្បីជួបជាមួយនឹងសម្ដេចប៉ាប Francis៕
ប្រែសម្រួលដោយ ភី សុភាដា