ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​ដំបូង​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល


លោក​ប្រធានាធិបតី Donald Trump និង​ភរិយា​របស់​លោក​គឺ​លោកស្រី Melania និង​លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​ភរិយា​របស់​លោក​គឺ​លោកស្រី Sara ក្នុង​ក្រុង Tel Aviv កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ Air Force One ពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ទៅ​ប្រទេស​អ៊ីស្រាអែល នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​សង្ខេប​នៅ​លើ​យន្តហោះ Air Force One នៅ​ក្នុង​អំឡុង​ពេល​ហោះ​ហើរ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​របស់​លោក Trump លើក​នេះ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ គោល​បំណង​របស់​លោក Trump នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​កិច្ច​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​អ៊ីស្រាអែល និង​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។

លោក Trump នឹង​ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas ហើយ​លោក Trump នឹង​ក្លាយជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ដំបូង​បង្អស់ ដែល​ទៅ​ទស្សនកិច្ច​ទី​សក្ការបូជា Western Wall ដែល​ជា​ទី​សក្ការៈ​ដ៏​ពិសិដ្ឋ​បំផុត​នៃ​វប្បធម៌​សាសនា​របស់​ជនជាតិ​ជ្វីប។

កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ លោក Trump បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គឺ «ប្រហែល​ជា​មិន​ពិបាក​ដូច​អ្វី​ដែល​មនុស្ស​ទូទៅ​គិត​នោះ​ទេ» ទោះបីជា​លោក​មិន​បាន​ផ្ដល់​សញ្ញា​ណា​មួយ​អំពី​ថា​តើ​លោក​នឹង​មាន​ដំណោះស្រាយ​យ៉ាង​ណា​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ខុស​ប្លែក​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាណត្តិ​មុនៗ ក៏​ដោយ។

លោក Trump បាន​និយាយ​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​ថា វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចរចា​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ គឺ​ការ​ប្រើ​វិធីសាស្ត្រ​មិន​លម្អៀង​មួយ ចំពោះ​បញ្ហា​ដែល​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បែកបាក់​គ្នា​ដូច​នេះ៕

XS
SM
MD
LG