ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលរួមទិវាយុទ្ធសន្តិភាពនៅថ្ងៃអាទិត្យនេះជាមួយនឹងមេដឹកនាំពិភពលោកនានានៅឯវិមានសន្តិភាព Arc de Triomphe ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ដែលបានបញ្ចប់អស់រយៈពេលមួយសតវត្សរ៍មកហើយ គឺនៅវេលាម៉ោង១១ ថ្ងៃទី១១ ខែ១១។ ទិវាយុទ្ធសន្តិភាពនេះគឺដូចទៅនឹងទិវាអតីតយុទ្ធជននៅសហរដ្ឋអាមេរិកដែរ។
កាលពីថ្ងៃសៅរ៍លោក Trump បានលុបចោលកម្មវិធីទៅទស្សនាកន្លែងបញ្ចុះសពទាហានអាមេរិកាំងនៅខាងក្រៅទីក្រុងប៉ារីស ជាទីកន្លែងដែលលោកត្រូវដាក់កម្រងផ្កាគោរពគោរពវិញ្ញាណក្ខន្ធទាហានអាមេរិកាំងដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១។ សេតវិមានបានចេញសេចក្តីថ្លែងការមួយដោយបានឲ្យដឹងថា ការលុបចោលទស្សនៈកិច្ចនេះដោយសារតែពេលវេលាមិនអំណោយផលនិងបញ្ហាអាកាសធាតុដែលធ្វើឲ្យពិបាកក្នុងការចុះចតឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីទៅទីនោះ។ ក៏ប៉ុន្តែជាការជំនួសមកវិញក្រុមប្រតិភូអាមេរិកដែលដឹកនាំដោយលោក John Kelly នាយខុទ្ទការល័យប្រចាំសេតវិមាន និងនាយអគ្គសេនាធិការចម្រុះលោក
Joe Dunford បានទៅទស្សនាកន្លែងបញ្ចុះសព និងស្តូបរឮកវិញ្ញាណក្ខន្ធទាហានអាមេរិកាំងនៅក្រោមភ្លៀងរលឹមស្រេចៗនិងបានគោរពវិញ្ញាណក្ខន្ធទាហានអាមេរិកាំងជិត២,៣០០នាក់ដែលត្រូវបានបូជាសពនៅទីនេះ។
មានការរិះគន់នានាទៅលើលោក Trump ថាលោកគួរតែរកមធ្យោបាយធ្វើដំណើរទៅទីនោះបានក្រៅតែពីឧទ្ធម្ភាគចក្រ។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានចាប់ដៃគ្នានៅអំឡុងបា្ររព្ធទិវានេះនៅឯតំបន់ព្រៃ the Compiegne Forest នៅភាគខាងជើងទីក្រុងប៉ារីស ជាទីកន្លែងដែលប្រទេសជាសម្ព័ន្ធមិត្តនានានិងប្រទេសអាល្លឺម៉ង់បានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមលោកលើកទី១៕