លោកប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីបារាំង បានពិភាក្សាការខ្វែងគំនិតរបស់អស់លោកអំពីសន្តិសុខនៅតំបន់អឺរ៉ុបកាលពីថ្ងៃសៅរ៍ ពេលព្រឹកបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញទៅដល់ទីក្រុងប៉ារីសហើយបានរិះគន់ភ្លាមៗដល់ម្ចាស់ផ្ទះរបស់លោក។
នៅពេលដែលពួកអស់លោក បានចាប់ផ្តើមជំនួបនៅវិមានប្រធានាធិបតីអេលីហ្សេ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ជាថ្មីម្តងទៀត បានអំពាវនាវឲ្យមានការចែករំលែកការចំណាយសម្រាប់ការពារតំបន់អឺរ៉ុបឲ្យបានកាន់តែប្រសើរឡើង។ លោកប្រធានាធិបតីត្រាំមានប្រសាសន៍ថា៖ «យើងចង់បានអឺរ៉ុបខ្លាំងមួយ»។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឆ្លើយតបថា៖ «ខ្ញុំជឿជាក់ថា យើងត្រូវការអឺរ៉ុបដែលមានសមត្ថភាពនិងវិស័យការពារប្រទេសកាន់តែខ្លាំងឡើង»។
ក៏ប៉ុន្តែ មេដឹកនាំទាំង២ យ៉ាងហោចណាស់បានបញ្ចៀសការរិះគន់គ្នាទៅវិញទៅមកនៅខណៈពេលដែលជួបជាមយអ្នកយកព័ត៌មាននៅក្នុងបន្ទប់។
នៅពេលដែលយន្តហោះពិសេស Air Force One របស់ប្រធានាធិបតីអាមេរិក បានទៅដល់ចំណតអាកាសយាន្ត Orly កាលពីយប់ថ្ងៃសុក្រ ប្រធានាធិបតីត្រាំ បានផ្ញើរសាររិះគន់មួយដល់ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ចំពោះការអំពាវនាវរបស់លោកឲ្យមានយោធាអឺរ៉ុបមួយដែលប្រធានាធិបតីត្រាំថា «ជាការប្រមាថមើលងាយយ៉ាងខ្លាំង»។
នៅក្នុងសារតាមប្រព័ន្ធ Twitter មួយ ប្រធានាធិបតី ត្រាំ បានស្នើឲ្យអឺរ៉ុបបង់ប្រាក់ចំណែករបស់ខ្លួនឲ្យបានត្រឹមត្រូវនៅក្នុងអង្គការអូតង់មុនពេលគិតពីកងកម្លាំងអឺរ៉ុបដ៏ធំមួយនោះ៕