ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គ្រោង​នឹង​ថ្លែង​សុន្ទរកថា​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump ជាមួយ​នឹង​ស្រ្តី​ទី១ Melania Trump ថ្លែង​ទៅ​កាន់​ អ្នកកាសែត​​មុនពេលឡើង​យន្ត​ហោះ​កាលពី​ថ្ងៃទី​០៤ តុលា ២០១៧។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump ជាមួយ​នឹង​ស្រ្តី​ទី១ Melania Trump ថ្លែង​ទៅ​កាន់​ អ្នកកាសែត​​មុនពេលឡើង​យន្ត​ហោះ​កាលពី​ថ្ងៃទី​០៤ តុលា ២០១៧។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នានា​បាន​និយាយ​ថា លោក​ប្រធានាធិបតី Donald Trump គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​សប្ដាហ៍​ក្រោយ ដែល​នៅ​ក្នុង​សុន្ទរកថា​នោះ លោក​នឹង​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​អំពី​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​ជា​កិច្ច​ព្រមព្រៀង​ធ្វើ​ឡើង​រវាង​ប្រទេស​អ៊ីរ៉ង់ និង​មហា​អំណាច​ពិភពលោក​ដទៃ​ទៀត ឬ​ក៏​យ៉ាង​ណា​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន The Associated Press បាន​រាយការណ៍​ថា លោក Trump គ្រោង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ទី ១២ ខែ​តុលា ខាង​មុខ​នេះ គឺ​នៅ​មុន​ថ្ងៃ​ទី ១៥ ខែ​តុលា ដែល​ជា​កាល​បរិច្ឆេទ​ផុត​កំណត់​សម្រាប់​លោក​ក្នុង​ការ​ថ្លែង​ប្រាប់​សភា​អំពី​គំនិត​របស់​លោក​ដែល​ថា​តើ​ប្រទេស​អ៊ីរ៉ង់​មាន​បាន​គោរព​តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​មាន​ប្រទេស​ចំនួន ៧ ជា​ហត្ថលេខី​នេះ ឬ​ក៏​យ៉ាង​ណា​នោះ និង​ថា​តើ​កិច្ច​ព្រមព្រៀង​នេះ​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សហរដ្ឋ​អាមេរិក​នោះ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson បាន​និយាយ​ថា លោក Trump នឹង​មាន​ជម្រើស​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ។ ប៉ុន្តែ លោកTillerson មិន​បាន​បង្ហាញ​នូវ​ចំណុច​លំអិត​អំពី​ជម្រើស​ទាំង​អស់​នោះ​ទេ។

លោក Tillerson ក៏​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ដោយ​ផ្ទាល់​អំពី​ថា​តើ​លោក​មាន​បាន​រួម​ចំណែក​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Jim Mattis ពាក់ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​ឲ្យ​សភា​បាន​ដឹង​អំពី​ថា​តើ​រដ្ឋាភិបាល​អ៊ីរ៉ង់​មាន​បាន​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

លោក Trump គឺ​ជា​អ្នក​រិះគន់​យ៉ាង​ខ្លាំងក្លា​ម្នាក់​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ។ កន្លង​មក កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​អតីត​ប្រធានាធិបតី Barack Obama ចាត់​ទុក​ថា​ជា​សមិទ្ធិផល​គោល​នយោបាយ​ការបរទេស​អាមេរិក​ដ៏​មាន​សារៈសំខាន់​មួយ៕

XS
SM
MD
LG