ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ត្រាំ​ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Las Vegas ​ដើម្បី​ជួប​ជា​មួយ​អ្នក​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​បាញ់​សម្លាប់​រង្គាល


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ភរិយា ឡើង​ជិះ​យន្ត​ហោះ​ Air Force One ធ្វើ​ដំណើរ​ទៅ​ក្រុង Las Vegas ដើម្បី​ជួប​ជន​រងគ្រោះ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ភរិយា ឡើង​ជិះ​យន្ត​ហោះ​ Air Force One ធ្វើ​ដំណើរ​ទៅ​ក្រុង Las Vegas ដើម្បី​ជួប​ជន​រងគ្រោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ​Las Vegas រដ្ឋ Nevada ​នៅ​ថ្ងៃ​ពុធ​នេះ ស្រប​ពេល​ដែល​អ្នក​ស៊ើប​អង្កេត​នៅ​ទី​នោះ​កំពុង​បន្ត​ស្វែង​រក​មូលហេតុ​ដែល​ខ្មាន់​កាំភ្លើង​បាន​រះ​យ៉ាង​ប្រល័យ​ទៅ​លើ​អ្នក​ចូលរួម​មើល​ការ​ប្រគំ​តន្ត្រី​មួយ​កន្លែង ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ​៥៨ ​នាក់​ស្លាប់ និង​ជាង ​៥០០​នាក់​រង​របួស។

លោក ត្រាំ​ បាន​និយាយ​នៅ​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ​Las Vegas នេះ​ថា៖ «ពួក​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត។ ពួក​យើង​ក៏​នឹង​ជួប​ជាមួយ​នឹង​ប៉ូលិស​ផង​ដែរ​នៅ​ទីក្រុង ​Las Vegas»។

លោក ត្រាំ​ បាន​ហៅ​អ្នក​បាញ់​ប្រហារ​នោះ​ថា​ជា ​«មនុស្ស​វិកលចរិត» ​និង​បាន​បន្ថែម​ថា ការ​ពិភាក្សា​អំពី​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ថ្មី​ណា​មួយ​គឺ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ។

អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណ​របស់​ខ្មាន់​កាំភ្លើង​នេះ​ថា​ឈ្មោះ ​Stephen Paddock ​អាយុ ៦៤ ឆ្នាំ។

ប៉ូលិស​ស្រុក ​Clark​ លោក​ Joe Lombardo បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​ជឿជាក់​ថា​ប៉ូលិស​នឹង​កំណត់​អំពី​មូលហេតុ​ដែល​ខ្មាន់​កាំភ្លើង​នេះ​ធ្វើ​ការ​បាញ់​ប្រហារ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ចំណុច​សំខាន់​មួយ​សម្រាប់​ការ​ស៊ើប​អង្កេត​នេះ គឺ​មិត្ត​ស្រី​របស់​ខ្មាន់​កាំភ្លើង​នេះ​ឈ្មោះ Marilou Danley ដែល​លោក Joe Lombardo បាន​និយាយ​ថា​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​រឿង​នេះ។

អ្នកស្រី ​Marilou Danley ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ពេល​ដែល​ហេតុការណ៍​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង ហើយ​បន្ទាប់​មក​បាន​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ដែល​នៅ​ពេល​នោះ ​ភ្នាក់ងារ ​FBI បាន​ជួប​ជាមួយ​អ្នកស្រី​នៅ​ឯ​ប្រលាន​យន្តហោះ​អន្តរជាតិ Los Angeles៕

XS
SM
MD
LG