ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ៊ីរ៉ង់​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​នានា​នៅ​​អឺរ៉ុប​ឲ្យ​រក្សា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥


រូបឯកសារ៖ លោក John Kerry អតី​ត​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក និយាយ​ជាមួយ​លោក Mohammad Javad Zarif រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស​ កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក John Kerry អតី​ត​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក និយាយ​ជាមួយ​លោក Mohammad Javad Zarif រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស​ កាល​ពី​ឆ្នាំ​២០១៦។

មន្ត្រី​ការទូត​អ៊ីរ៉ង់​បាន​និយាយ​ថា ពួកគេ​គិត​ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ នឹង​លះ​បង់​ចោល​នូវ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ​២០១៥ ដែល​ជា​កិច្ច​ព្រម​ព្រៀង​ដាក់​កំហិត​ដល់​សកម្មភាព​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។

មន្ត្រី​ការទូត​ទាំង​នេះ​កំពុង​បង្កើន​ការ​បញ្ចុះ​បញ្ចូល​របស់​ពួក​គេ​ចំពោះ​រដ្ឋាភិបាល​នានា​នៅ​ទ្វីប​អឺរ៉ុប ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ដែល​មាន​ដូចជា​ប្រទេស​បារាំង ចក្រភព​អង់គ្លេស និង​ប្រទេស​អាល្លឺម៉ង់​ជា​ដើម ដោយ​សង្ឃឹម​ថា​ពួកគេ​អាច​បញ្ចុះ​បញ្ចូល​រដ្ឋបាល​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​លះ​បង់​ចោល​នូវ​កិច្ច​ព្រម​ព្រៀង​នេះ​បាន។

ហើយ​ក្នុង​ករណី​ដែល​សហរដ្ឋ​អាមេរិក​លះ​បង់​ចោល​នូវ​កិច្ច​ព្រម​ព្រៀង​នេះ នោះ​រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​ជំរុញ​រដ្ឋាភិបាល​នានា​នៅ​ទ្វីប​អឺរ៉ុប​កុំ​ឲ្យ​ចូល​រួម​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដល់​ខ្លួន​ឡើង​វិញ។

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​អឺរ៉ុប និង​ប្រទេស​រុស្ស៊ី និង​ចិន ដែល​ជា​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​នេះ មិន​លះបង់​ចោល​នូវ​កិច្ច​ព្រមព្រៀង​នេះ និង​មិន​ចូលរួម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន​ឡើង​វិញ នោះ​ខ្លួន​នឹង​បន្ត​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​នេះ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក ​Mohammad Javad Zarif ​បាន​លើក​ឡើង​ពី​ការ​អំពាវនាវ​នេះ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន​អង់គ្លេស ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ក្រសួង​ការបរទេស​អាមេរិក​គ្រោង​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុខ​សភា​ក្នុង​រយៈ​ពេល ​២ សប្ដាហ៍​ខាង​មុខ អំពី​ថា​តើ​អ៊ីរ៉ង់​មាន​បាន​គោរព​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ ឬ​ក៏​អត់៕

XS
SM
MD
LG