ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវប្រកាសអំពីបេក្ខជនសម្រាប់តំណែងជាចៅក្រមតុលាការកំពូលនៅយប់ថ្ងៃអង្គារម៉ោងក្នុងសហរដ្ឋអាមេរិក។
តំណែងជាចៅក្រមទី៩របស់តុលាការកំពូលនៅទំនេរចាប់តាំងពីលោកចៅក្រម Antonin Scalia បានទទួលមរណភាពកាលពីឆ្នាំមុន ដែលលោកជាចៅក្រមតុលាការកំពូលអភិរក្សនិយមអស់រយៈពេល៣០ឆ្នាំ។
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានតែងតាំងចៅក្រមសាលាឧទ្ធរណ៍ លោក Merrick Garland សម្រាប់តំណែងនេះ។ ប៉ុន្តែព្រឹទ្ធសភាដែលគ្រប់គ្រងដោយសមាជិកគណបក្សសាធារណរដ្ឋបានបដិសេធមិនព្រមពិចារណាទៅលើបេក្ខភាពរបស់លោក Garland នោះទេដោយនិយាយថាពួកគេចង់ឲ្យប្រធានាធិបតីបន្ទាប់ជាអ្នកតែងតាំងជំនួសវិញ។
លោក Sean Spicer អ្នកនាំពាក្យរបស់សេតវិមានបានទស្សន៍ទាយថា បេក្ខជនដែលលោក ត្រាំ តែងតាំងនឹងធ្វើឲ្យអ្នកបោះឆ្នោតពេញចិត្ត។ លោកបាននិយាយថា៖ «ខ្ញុំអាចធានាចំពោះអ្នកថា បុគ្គលម្នាក់នោះនឹងធ្វើឲ្យអ្នកបោះឆ្នោតនិងប្រជាពលរដ្ឋអាមេរិកាំងមានមោទនភាព»។ លោក Spicer បានបន្ថែមថា លោកប្រធានាធិបតីបានយកចិត្តទុកដាក់ទៅលើដំណើរការជ្រើសរើសនេះយ៉ាងខ្លាំង។ លោកដឹងថា ការជ្រើសរើសនេះនឹងប៉ះពាល់ដល់យុទ្ធសាស្រ្តនៃតុលាការប្រទេសយើងសម្រាប់មនុស្សជំនាន់ក្រោយ។
តុលាការកំពូលបានបែងចែករវាងអ្នកអភិរក្សនិយម៤នាក់និងអ្នកសេរីនិយម៤នាក់ ដូច្នេះជម្រើសរបស់លោក ត្រាំ អាចស្តារចំនួនចៅក្រមអភិរក្សនិយមឲ្យមានច្រើនជាងចៅក្រមសេរីនិយមឡើងវិញ។
លោក ត្រាំ បានពិចារណាទៅលើចៅក្រមអភិរក្សនិយមមួយចំនួនសម្រាប់ការតែងតាំង។ សារព័ត៌មានបានរាយការណ៍ថា អ្នកនាំមុខគេមួយចំនួនមានដូចជា ចៅក្រមសហព័ន្ធ លោក Neil Gorsuch និងលោក Thomas Hardiman៕