លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) ថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងធ្វើការផ្អាកយ៉ាងខ្លាំងក្លានូវមូលនិធិជាវិភាគទានដែលខ្លួនផ្តល់ដល់អង្គការសុខភាពពិភពលោក WHO ដោយលោកបានបន្ទោសស្ថាប័នមនុស្សធម៌របស់អង្គការសហប្រជាជាតិមួយនេះថាបានខកខានមិនបានមើលឃើញការវាយលុកជាសាកលនៃជំងឺរាតត្បាតកូវីដ១៩។
លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា អង្គការ WHO បាន «ហៅខុសស្ថានភាព និង «ខកខានប្រកាសស្ថានភាព» ដោយលោកចង់និយាយប្រយោលថាអង្គការ WHO បានធ្វើដូច្នេះដោយខ្លាចប្រទេសចិន ដែលជាកន្លែងដែលជំងឺកូវីដ១៩នេះត្រូវបានគេរកឃើញដំបូង។
លោកថា អង្គការនេះហាក់មាននិន្នការចិននិយម ហើយសហរដ្ឋអាមេរិកត្រូវពិនិត្យអំពីរឿងនេះ។
សហរដ្ឋអាមេរិកជាប្រទេសផ្តល់មូលនិធិច្រើនជាងគេដល់អង្គការសុខភាពពិភពលោក។
ពេលត្រូវអ្នកកាសែតសួរថាតើជាការសមរម្យទេដែលផ្តាច់មូលនិធិក្នុងពេលពិភពលោកកំពុងប្រឈមជំងឺរាតត្បាតលោកប្រធានាធិបតីបានបដិសេធថា លោកនឹងមិនធ្វើដូច្នេះទេ ដោយលោកកែសម្រួលប្រសាសន៍មុននោះមកត្រឹមថាសហរដ្ឋអាមេរិកនឹងពិនិត្យមើលបញ្ហានេះ។
អង្គការសុខភាពពិភពលោកមិនបានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗ ក្រោយពីប្រសាសន៍លោក ត្រាំ ទេ។
ខណៈពេលនេះដែរ លោក ត្រាំ កំពុងបដិសេធការចោទប្រកាន់ថារដ្ឋបាលលោកមិនបានយកចិត្តទុកដាក់ចំពោះលិខិតផ្ទៃក្នុងមួយកាលពីខែមករារបស់ទីប្រឹក្សាពាណិជ្ជកម្មលោក Peter Navarro ដែលព្រមានថាវីរុសកូរ៉ូណាប្រភេទថ្មីនេះអាចបង្កការខាតបង់រាប់លានលានដុល្លារដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងសម្លាប់មនុស្សយ៉ាងច្រើន។
នៅព្រឹកថ្ងៃពុធនេះ សហរដ្ឋអាមេរិកមានការឆ្លងកូវីដ១៩ជិត ៤០០.០០០ករណី ដោយមានអ្នកស្លាប់ជាង១២.០០០នាក់ហើយ៕