ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ម៉ឺន​នាក់​ដើរ​ដង្ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង​បាកដាដ ​ដើម្បី​កាន់ទុក្ខ​មរណភាព​របស់​មេដឹកនាំ​យោធា​កំពូល​អ៊ីរ៉ង់


លោក​ Adel Abdul Mahdi នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ចូល​រួម​ក្នុង​ពិធីបុណ្យ​សព​របស់​លោក​ឧត្តមសេនីយ Qassem Soleimani នៅ​អាកាសយានដ្ឋាន​បាកដាដ ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ដើរ​ដង្ហែ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​បាកដាដ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​កាន់​ទុក្ខ​មរណភាព​របស់​មេដឹកនាំ​យោធា​អ៊ីរ៉ង់​និង​មេដឹកនាំ​យោធា​អ៊ីរ៉ាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​សហរដ្ឋអាមេរិក។​ ការ​សម្លាប់​នេះ​បាន​បង្កើន​ភាពតានតឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ ​

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Adel Abdul Mahdi បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​អ្នកកាន់​ទុក្ខ​ ដោយ​ដើរ​ដង្ហែ​ក្បួន​នៅ​ក្នុង​ពិធី​បុណ្យ​សព ហើយ​ពួកគេ​នាំគ្នា​ស្រែក​ថា «ស្លាប់​ទៅ​សហរដ្ឋអាមេរិក» និង ​«សហរដ្ឋអាមេរិក​គឺ​ជា​បិសាច»។

ក្នុង​ចំណោម​អ្នក​កាន់​ទុក្ខ​ទាំង​នោះ បុរស​ជាច្រើន​នាំ​គ្នា​ស្លៀក​សម្លៀកបំពាក់​ទាហាន​ពណ៌​ខ្មៅ ដែល​ស្មោះស្ម័គ្រ​នឹង​លោក​ឧត្តមសេនីយ៍ Qassem Soleimani។ លោក Soleimani គឺ​ជា​មេដឹកនាំ​កងកម្លាំង​ពិសេស Quds ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សុក្រ នៅ​ឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។ ​

សព​របស់​លោក Soleimani ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ខេត្ត Khuzestan ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​នៅ​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ទីក្រុង Mashhad ដែល​ជា​ទីក្រុង​ស័ក្ដិសិទ្ធិ​របស់​អ៊ីរ៉ង់ មុន​នឹង​បញ្ជូន​ទៅ​កាន់​ទីក្រុង​តេហេរ៉ង់។ គេ​គ្រោង​នឹង​បញ្ចុះ​សព​របស់​លោកSoleimani នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត Kerman។

កាល​ពី​ថ្ងៃ​សៅរ៍​នេះ សេតវិមាន​ក៏​បាន​ប្រាប់​ដល់​រដ្ឋសភា​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​អំពី​ការ​វាយប្រហារ​តាម​អាកាស​ដោយ​ប្រើប្រាស់​ដ្រូន​កាល​ពី​ថ្ងៃ​សុក្រ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ដល់​បណ្ដាញ​ព័ត៌មាន Reuters ​របស់​ទីប្រឹក្សា​ជាន់ខ្ពស់​ពីរ​នាក់​នៅ​ក្នុង​រដ្ឋសភា។ យោង​តាម​ច្បាប់​អានុភាព​សង្គ្រាម ការ​ប្រាប់​ដំណឹង​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​៤៨​ម៉ោង​ ក្រោយ​ពី​ប្រើ​កងកម្លាំង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ណា​មួយ ដែល​អាច​ក្លាយ​ទៅ​ជា​សង្គ្រាម៕

XS
SM
MD
LG