ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អ៊ីរ៉ាក់​ស្នើ​ឲ្យ​កងកម្លាំង​សហរដ្ឋអាមេរិក​ចាកចេញ ក្រោយ​ពី​ការ​សម្លាប់​មេដឹកនាំ​យោធា​អ៊ីរ៉ង់​លោក Soleimani


សមាជិក​សភា​អ៊ីរ៉ាក់​ធ្វើ​ការ​ប្រជុំ​នៅ​ក្នុង​ក្រុង​បាកដាដ កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo បាន​ថ្លែង​ថា កងកម្លាំង​សហរដ្ឋអាមេរិក​នឹង​មិនដក​ចេញ​នោះ​ទេ។ លោក Pompeo បាន​ថ្លែង​ទៅ​កាន់ទូរទស្សន៍ Fox News ថា «យើង​មាន​ជំនឿ​ថា ប្រជាជន​អ៊ីរ៉ាក់​នឹងចង់​ឲ្យ​សហរដ្ឋអាមេរិក​បន្ត​នៅ​ទីនោះ»។

លោក Pompeo បាន​ថ្លែង​ដូច្នេះ បន្ទាប់​ពី​សភា​អ៊ីរ៉ាក់​បាន​អនុម័ត​សេចក្ដីសម្រេច​មួយ ស្នើ​ឲ្យ​កងកម្លាំង​បរទេស​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន ក្រោយ​ពី​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ដែល​បាន​សម្លាប់​មេបញ្ជាការ​យោធា​កំពូល​របស់​អ៊ីរ៉ង់ លោក Qasem Soleimani នៅ​ក្បែរ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង​បាកដាដ កាល​ពី​សប្ដាហ៍​មុន។ សហរដ្ឋអាមេរិក​មាន​កងកម្លាំង​ចំនួន​៥.២០០​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្ដេជ្ញា​លុបចោល​សំណើ​របស់​ខ្លួន​ដែល​បាន​ស្នើ​សុំ​ជំនួយ​ពី​ក្រុម​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ជ្រុលនិយម​រដ្ឋឥស្លាម ដោយសារ​តែ​ប្រតិបត្តិការ​យោធា​នេះ​ដល់​ពេល​ត្រូវ​ចប់​នៅ​អ៊ីរ៉ាក់ ហើយ​ក៏​ទទួល​បាន​ជ័យជម្នះ​ហើយ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​តំណាងរាស្ត្រ​ដែល​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដីសម្រេច​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៥ ខែមករា​នោះ។ ​

អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​បាន​លើកឡើង​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Adil Abdul-Mahdi ត្រូវ​តែ​ធ្វើការ​ដើម្បី​លែង​ឲ្យ​មាន​វត្តមាន​របស់​កងកម្លាំង​បរទេស​នៅ​លើ​ទឹកដី​អ៊ីរ៉ាក់ និង​ហាមឃាត់​មិន​ឲ្យ​បរទេស​ប្រើប្រាស់​ផ្លូវគោក ផ្លូវ​អាកាស ឬ​ផ្លូវ​ទឹក​របស់​ខ្លួន​ដើម្បី​ធ្វើអ្វី​មួយ​នោះ​ទេ។

សេចក្ដីសម្រេច​របស់​រដ្ឋសភា​មិន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​តាម​នោះ​ទេ ប៉ុន្តែ​លោក Abdul-Mahdi បាន​ជំរុញ​ឲ្យ​សភា​ចាត់​វិធានការ​ជា​បន្ទាន់​នានា និង​លែង​ឲ្យ​មាន​វត្តមានកងកម្លាំង​បរទេស​កាន់​តែ​ឆាប់​តាម​តែ​អាច​ធ្វើ​បាន៕

XS
SM
MD
LG