លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកោតសរសើរកងកម្លាំងអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ហើយបានថ្លែងអំណរគុណដល់ពួកគេសម្រាប់ការបំពេញការងាររបស់ពួកគេ ខណៈដែលគូសបញ្ជាក់ថា នេះគឺជាអ្វីដែលលោកមើលឃើញថាជាសមិទ្ធផលផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាប្រធានាធិបតី នៅក្នុងសារមួយទៅកាន់កងទ័ពទាំងអស់នៅជុំវិញពិភពលោក ក្នុងទិវាថ្លែងអំណរគុណ ឬជាភាសាអង់គ្លេសហៅថា Thanksgiving Day។
លោក ត្រាំ បានថ្លែងនៅក្នុងសុន្ទនាតាមវីដេអូថា «វាគឺជាកិត្តិយសណាស់ដែលបាននិយាយជាមួយអ្នក និងអរគុណដល់ព្រះជាម្ចាស់ដែលបានប្រទានសេរីភាពនិងវីរជនដែលមានភាពក្លាហានក្នុងការការពារយើងទាំងអស់គ្នានិងការពារសេរីភាព»។
លោកប្រធានាធិបតី ដែលកំពុងតែចំណាយពេលវេលានៅចុងសប្តាហ៍នេះនៅឯរមណីយដ្ឋានឯកជន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida ក៏លើកសរសើរអំពីអ្វីដែលលោកមើលឃើញថាជាការរីកចម្រើនខាងយោធាអាមេរិកក្នុងពេលថ្មីៗនេះ ចំពោះការបន្ថែមកងកម្លាំងយោធាអាមេរិកទៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។ លោក ត្រាំ បានមានប្រសាសន៍ដោយសំដៅទៅលើការសម្រេចចិត្តរបស់លោកក្នុងការបង្កើនសង្គ្រាមអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានថា «យើងមិនមែនប្រយុទ្ធលំៗទៀតទេ។ យើងប្រយុទ្ធដើម្បីយកឈ្នះ។ ហើយអ្នកទាំងអស់គ្នាពិតជាបានជោគជ័យយ៉ាងច្រើនកាលពី៣ឬ៤ខែមុននេះ ដែលជាជ័យជម្នះមិនធ្លាប់ឃើញមានពីមុនមក»៕