មន្ត្រីអនុវត្តច្បាប់សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញអំពីការចាប់ខ្លួនសមាជិកក្រុម MS-13 ចំនួនជិត ៣០០នាក់។ ក្រុម MS-13 នេះ ជាក្រុមជនអន្ធពាលបង្កអំពើហិង្សាមួយ ដែលរដ្ឋបាលរបស់លោក ត្រាំ បានសន្យាថានឹងកម្ចាត់ចេញពីសហរដ្ឋអាមេរិក។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលនេះជាផ្នែកមួយនៃច្បាប់បង្ក្រាបក្រុមជនអន្ធពាលទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា «ប្រតិបត្តិការគោឡើងក»។ ប្រតិបត្តិការដែលដឹកនាំដោយទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិកនេះ បានបោសសម្អាតសមាជិកក្រុម MS-13 នេះចំនួន ២១៤ នាក់នៅក្នុងសហរដ្ឋអាមេរិក និងសមាជិកនេះចំនួន ៥៣ នាក់ផ្សេងទៀតនៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ដែលជាមូលដ្ឋានចម្បងរបស់ក្រុមជនអន្ធពាលនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអនុវត្តច្បាប់អាមេរិក។
ប្រតិបត្តិការពីរដំណាក់កាល ដែលមានគោលបំណងសំដៅលើសមាជិកក្រុមជនអន្ធពាល MS-13 នេះ និងបណ្ដាញហិរញ្ញវត្ថុសាកលលោករបស់ពួកគេ បានចាប់ផ្ដើមនៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែបានបន្តរហូតមកដល់ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បច្ចុប្បន្ននេះ។
ដំណាក់កាលទីមួយដែលមានរយៈពេល ១៨ ខែ បានបញ្ចប់កាលពីខែកញ្ញាកន្លងទៅនេះ និងចាប់ខ្លួនសមាជិកក្រុមជនអន្ធពាលនេះបានចំនួន ៥១ នាក់ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអនុវត្តច្បាប់ក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ដំណាក់កាលទីពីរដែលចាប់ផ្ដើមប្រតិបត្តិការចាប់ពីថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ទទួលបានលទ្ធផលដូចដែលបានបញ្ជាក់ខាងលើ៕