អំឡុងពេលលោកនៅប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង ហ្វីលីពីន លោកត្រាំបានធ្វើតាមទស្សនៈ «ផលប្រយោជន៍អាមេរិកមុនគេ» ក្នុងការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលល្អសម្រាប់សហរដ្ឋអាមេរិក។ លោកក៏បានជំរុញកូរ៉េខាងជើងកុំឲ្យសាកល្បងនឹងការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការការពារខ្លួនឯងនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ ខណៈដែលលោកត្រាំបានអះអាងពីការជោគជ័យដែលមិនធ្លាប់កើតមានពីទស្សនកិច្ចរបស់លោក ចំណងជើងសារព័ត៌មានទាំងឡាយភ្លាមៗបន្ទាប់ពីសុន្ទរកថានោះបែរជាផ្ដោតលើការផ្អាកមួយភ្លែតរបស់លោកអំឡុងពេលថ្លែងសុន្ទរកថានោះដើម្បីក្រេបទឹកមួយក្អឹកទៅវិញ ជាអ្វីដែលលោកត្រាំធ្លាប់រិះគន់សមាជិកព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋគឺលោក Marco Rubio កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅ។
ដោយមិនអើពើនឹងបាតុកម្មទាំងអស់ក្នុងអំឡុងពេលទស្សនកិច្ចនៅអាស៊ី ដូចជាបាតុកម្មមួយនៅទីក្រុងម៉ានីល លោកត្រាំ ផ្តោតសំខាន់លើពិធីស្វាគមន៍ជាផ្លូវការវិញ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា៖
«គ្រប់កន្លែងដែលយើងបានទៅ ប្រទេសម្ចាស់ផ្ទះបានស្វាគមន៍គណៈប្រតិភូសហរដ្ឋអាមេរិករួមទាំងខ្ញុំ ប្រកបដោយភាពកក់ក្ដៅ ភាពរួសរាយ ហើយសំខាន់ជាងគេនោះគឺការគោរព ហើយការគោរពនេះបានបង្ហាញយ៉ាងច្បាស់ថាប្រទេសយើងបានបង្ហាញពីទំនុកចិត្តសារជាថ្មីនិងជំហររបស់សហរដ្ឋអាមេរិកនៅលើពិភពលោកគឺមិនដែលខ្លាំងខ្លាដូចពេលនេះឡើយ»។
លោកប្រធានាធិបតីបានថ្លែងថា លោកបានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានតម្លៃដែលយុត្តិធម៌សម្រាប់សហរដ្ឋអាមេរិកអំឡុងពេលទស្សនកិច្ចទៅប្រទេស៥នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា៖
«យើងនឹងមិនបិទភ្នែកចំពោះពាណិជ្ជកម្មណាដែលមានការបំពាន បោកបញ្ឆោត ការឈ្លានពានសេដ្ឋកិច្ច ឬ អ្វីផ្សេងទៀតពីប្រទេសដែលអះអាងពីជំនឿទៅលើពាណិជ្ជកម្មបើកចំហ ប៉ុន្តែមិនបានធ្វើតាមច្បាប់ ឬ ក៏ធ្វើតាមគោលការណ៍របស់ខ្លួនឯងទៀតឡើយ»។
លោកត្រាំ ក៏បានអះអាងពីជោគជ័យដែលធ្វើឲ្យប្រទេសអាស៊ី ជាពិសេសប្រទេសចិន ចូលរួមក្នុងការប្រឆាំងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា៖
«នៅកិច្ចប្រជុំកំពូលនិងទស្សនកិច្ចទាំងមូល យើងបានស្នើឲ្យប្រទេសទាំងអស់គាំទ្រយុទ្ធនាការយើងក្នុងការដាក់សម្ពាធអតិបរមាទៅលើកូរ៉េខាងជើងឲ្យដកសព្វាវុធនុយក្លេអ៊ែរ។ ហើយពួកគេបានឆ្លើយតបវិញដោយកាត់បន្ថយពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ដាក់កំហិតចំណងហិរញ្ញវត្ថុ ហើយនិទ្ទេសអ្នកការទូតនិងអ្នកធ្វើការរបស់កូរ៉េខាងជើងចេញ»។
លោកក៏បានស្នើវិធីឆ្ពោះទៅសន្តិភាពដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្រោមលក្ខខណ្ឌជាក់ស្ដែងមួយចំនួន។ កូរ៉េខាងជើងបានច្រានចោលហើយចោទប្រកាន់ថាលោកត្រាំ«អង្វរសុំសង្គ្រាមនុយក្លេអ៊ែរ»។
ប្រទេសចិនកាលពីថ្ងៃពុធទី១៥ បានប្រកាសថាពួកគេនឹងបញ្ជូនតំណាងពិសេសទៅកូរ៉េខាងជើងនៅថ្ងៃសុក្រ ប៉ុន្តែគេមិនបាននិយាយថាតំណាងពិសេសនោះនឹងពិភាក្សាពីកម្មវិធីកាំជ្រួចនុយក្លេអ៊ែរទេ។
សុន្ទរកថារបស់លោកត្រាំ ត្រូវបានគេចាប់អារម្មណ៍បំផុតនៅពេលលោកឈប់មួយភ្លែតដើម្បីពិសាទឹក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានមានប្រសាសន៍ថា៖
«សហគ្រាសជប៉ុន ដូចជាក្រុមហ៊ុន Toyota និង Mazda បានប្រកាសបើករោងចក្រថ្មីនៅសហរដ្ឋអាមេរិកដែលបង្កើតការងារបាន៤ពាន់កន្លែង»។
ក្រុមអ្នករិះគន់លោកត្រាំជាញឹកញាប់បាននិយាយថាវោហារសាស្ត្រដ៏ចម្រូងចម្រាសរបស់លោកបានបន្ថយការគោរពពីពិភពលោកមកលើសហរដ្ឋអាមេរិក។ លោកត្រាំបានថ្លែងថាទស្សនកិច្ចនេះបានបញ្ជាក់ផ្ទុយពីនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានបន្តថា៖
«ពលរដ្ឋខ្ញុំទាំងអស់គ្នា សហរដ្ឋអាមេរិកបានត្រឡប់មកវិញ ហើយអនាគតនឹងល្អប្រសើរ»។
លោកត្រាំបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិកហើយថ្លែងថាលោកនឹងស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីវិញ។ នៅកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាមកាលពីសប្ដាហ៍មុន ប្រទេសអាស៊ីចំនួន១១ បានសម្រេចជំរុញឲ្យមានកិច្ចព្រមព្រៀងក្នុងតំបន់ដោយមិនមានសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង