ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ ជំរុញ​ឲ្យ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ អនុម័ត​ការ​រុះរើ​ច្បាប់​ពន្ធដារ


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ថ្លែង​នៅ​ក្នុង​បន្ទប់​ការទូត​នៅ​ក្នុង​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ថ្លែង​នៅ​ក្នុង​បន្ទប់​ការទូត​នៅ​ក្នុង​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ជំរុញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឲ្យ​មាន​ការ​អនុម័ត​ការ​រុះរើ​ចំណុច​ជាច្រើន​នៃ​ច្បាប់​ពន្ធដារ​ដ៏​ស្មុគស្មាញ​របស់​អាមេរិក នៅពេល​ដែល​លោក ជួប​ជាមួយ​ក្រុមការងារ​សំឡេង​មតិ​ភាគច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​រដ្ឋសភា មុន​ពេល​សភា​បោះឆ្នោត​សម្រេច​លើ​បញ្ហា​នេះ។

មេដឹកនាំ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​សម្តែង​សុទិដ្ឋិនិយម​ថា​ពួកគេ នឹង​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់ ដើម្បី​អនុម័ត​ការ​ផ្លាស់ប្តូរ​ច្បាប់​ពន្ធដារ​នេះ ដែល​នឹង​កាត់​បន្ថយ​អត្រា​យក​ពន្ធ​ពី​ក្រុមហ៊ុន ពី​កម្រិត​៣៥​ភាគរយ ដែល​ជា​អត្រា​ខ្ពស់​បំផុត​មួយ​លើ​លោក មក​នៅ​ត្រឹម​តែ​២០​ភាគរយ​វិញ ហើយ​និង​កាត់​បន្ថយ​ពន្ធ​សម្រាប់​អ្នក​ជាប់ពន្ធ​ដែល​មាន​ជីវភាព​មធ្យម​រាប់លាន​នាក់​ ប៉ុន្តែ មិនមែន​កាត់បន្ថយ​ពន្ធ​សម្រាប់​ពលរដ្ឋ​គ្រប់គ្នា​នោះ​ទេ។

វិធានការ​ថ្មី​នេះ នឹង​បន្ថែម​បំណុល​ជាតិ​ចំនួន​១.៥​ទ្រីលាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​លើ​បំណុល​ជាតិ​ដែល​មាន​ចំនួន​២០​ទ្រី​លាន​ដុល្លារ​រួច​ទៅ​ហើយ​នោះ។

លោក​ត្រាំ ដែល​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ក្នុង​សភា​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ បាន​ព្យាយាម​ជំរុញ​សភា​ឲ្យ​អនុម័ត​ការ​កាត់​ពន្ធ​នេះ ត្រឹម​ពេល​បុណ្យ​ណូអែល ប៉ុន្តែ​ការ​កែប្រែ​ច្បាប់​នេះ មាន​ភាព​ចម្រូងចម្រាស ហើយ​មិន​មាន​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ណាម្នាក់ បាន​ប្រកាស​គាំទ្រ​វិធានការ​កែប្រែ​ច្បាប់​ពន្ធ​នេះ​ទេ។

មេដឹកនាំ​សមាជិក​ព្រឹទ្ធសភា​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ កំពុង​តែ​រុញ​ទៅ​មុខ នូវ​ផែនការ​ពន្ធដារ​របស់​ខ្លួន​ផ្ទាល់ ប៉ុន្តែ ជោគវាសនា​នៃ​ផែនការ​នេះ នៅ​មិន​ទាន់​ភាព​ប្រាកដប្រជា​នៅ​ឡើយ​ទេ ដោយសារ​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​តែ​៥២ ទល់​នឹង​៤៨​ប៉ុណ្ណោះ៕

XS
SM
MD
LG