ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា មាន​ការ​ចុះ​ហត្ថលេខា​បន្ថែម​ទៀត​ជាមួយ​ម៉ិកស៊ិក ប៉ុន្តែ​ម៉ិកស៊ិក​បដិសេធ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បក់​ដៃ​នៅ​ពេល​លោក​ចុះ​ពី​យន្តហោះ Air Force One​ នៅ​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ប្រឈម​នឹង​ការ​ចោទ​សួរ​របស់​អ្នក​កាសែត​អំពី​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​បញ្ហា​អន្តោប្រវេសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក ប៉ុន្តែ​លោក​បាន​ផ្ដល់​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​អំពី​អ្វី​ ដែល​លោក​បាន​និយាយ​ថា​ជា​ផ្នែក​សម្ងាត់​នៃ​កិច្ច​ព្រមព្រៀង​នេះ។

លោក Trump បាន​បញ្ជាក់​នៅ​ទីធ្លា​ខាង​ត្បូង​នៃ​សេតវិមាន​ដូច្នេះ​ថា៖ «វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ទៀត​នៃ​អ្វី​ដែល​យើង​សម្រេច​បាន‍»។

នៅ​ពេល​ដែល VOA សួរ​ថា ប្រសិនបើ​មាន​កិច្ច​ព្រមព្រៀង​ដូច្នេះ​មែន តើ​ហេតុអ្វី​បាន​ជា​ប្រទេស​ម៉ិកស៊ិក​បដិសេធ? លោក Trump បាន​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា ពួកគេ​នឹង​មិន​ជំទាស់​ទៅ​នឹង​កិច្ច​ព្រមព្រៀង​នេះ​យូរ​នោះ​ទេ។ កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​រួច​ទៅ​ហើយ‍»។

គេ​ឃើញ​ភាគី​ប្រទេស​ទាំង​ពីរ​មាន​ការ​យល់​ច្រឡំ និង​មាន​ភាព​ស្រឡាំងកាំង បន្ទាប់ពី​លោក Trump បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​អ្វី​ដែល​លោក​ហៅ​ថា​ជា «ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​ទៀត​នៃ​កិច្ច​ព្រមព្រៀង​អំពី​អន្តោប្រវេសន៍ និង​សន្តិសុខ​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក‍»។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ មន្ត្រី​ម៉ិកស៊ិក​បាន​បដិសេធ​ថា គ្មាន​ការ​ចុះ​ហត្ថលេខា​ជាមួយ​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​សំខាន់​ណា​មួយ​ទៀត​អំពី​ការ​គ្រប់គ្រង​ជន​ចំណាក​ស្រុក បន្ថែម​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ។

កាល​ពី​ថ្ងៃ​សុក្រ លោក Trump សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក​ដើម្បី​រារាំង​ជន​ចំណាក​ស្រុក​ពី​ទ្វីប​អាមេរិក​កណ្ដាល មិន​ឲ្យ​ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​ម៉ិកស៊ិក​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក។ កិច្ច​ព្រមព្រៀង​នេះ​នៅ​រង់ចាំ​ការ​អនុម័ត​ពី​សភា​ម៉ិកស៊ិក​មុន​នឹង​អាច​ចូល​ជា​ធរមាន​បាន៕

XS
SM
MD
LG