ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រឈម​នឹង​​ប្រតិកម្ម​ប្រឆាំង​អំពី​ការ​ថ្លែង​របស់​លោក​ស្តីពី​ការ​ជ្រៀត​ជ្រែក​បរទេស


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅក្នុងសួន Rose Garden នៅសេតវិមាន ក្នុង​ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅក្នុងសួន Rose Garden នៅសេតវិមាន ក្នុង​ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លោកស្រី​​ Nancy Pelosi សមាជិកគណបក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​នៅ​ក្នុង​សភា​តំណាង​រាស្ត្រអាមេរិកាំង​​បាន​មាន​ប្រសាសន៍ ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី១៣ខែ​មិថុនា​ថា ​លោក Trump បាន​បង្ហាញឱ្យ​ឃើញថា ​លោកមិនដឹងអ្វី​ខុស​អ្វីត្រូវទេ។

សមាជិកគណបក្សប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក ​បានឆ្លើយ​តប​យ៉ាង​រហ័សដល់​ការ​និយាយ​អះអាង​របស់​លោកប្រធានាធិបតី​ Donald Trump ដែល​ថា ​គ្មានអ្វី​ខុស​ទេ ដោយ​គ្រាន់តែ​ស្តាប់​ព័ត៌មានអំពី​អ្នកប្រជែង​ខាង​នយោបាយ​ម្នាក់ ទោះ​ណា​ជា​ព័ត៌មាន​នេះបាន​មក​ពី​ប្រទេស​ក្រៅ​ក៏ដោយ។

លោក Trump បាន​ធ្វើឱ្យសមាជិក​គណបក្សសាធារណរដ្ឋ​ខ្លះ​ស្រឡាំងកាំង​ជា​មួយ​សេចក្តី​ថ្លែង​របស់​លោក​ដែល​ថា​ លោកនឹង​ទទួលយក​ព័ត៌មានពី​រដ្ឋាភិបាល​បរទេសណាមួយ​ ដែល​អាច​ធ្វើ​ឱ្យ​មាន​ផល​មិនល្អ​ដល់​គូ​ប្រជែង​របស់​លោក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ ក្នុង​ឆ្នាំ២០២០។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​លោក George Stephanopoulos នៃ​កម្មវិធី​ព័ត៌មានរបស់​បណ្តាញ​ទូរទស្សន៍​អាមេរិក ABC ដែល​បាន​ត្រូវផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​១២ ​ខែ​មិថុនា លោក Trump បាន​និយាយ​ថា ​ប្រសិន​បើ​លោក​បាន​ទទួល​ការ​ស្នើ​ផ្តល់ព័ត៌មាន​បែបនេះ​ លោក​នឹង​ស្តាប់។​

ក្រុមអ្នករិះគន់​យល់​ឃើញ​ថា​ សេចក្តី​ថ្លែង​នេះរបស់​លោកប្រធានាធិបតី​ជា​ការ​បើក​ដៃ​ឲ្យរដ្ឋាភិបាល​បរទេស​ជ្រៀតជ្រែក​ថែម​ទៀត នៅ​ក្នុង​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក ​នៅពេល​ដែលសមាជិក​សភាអាមេរិក ​កំពុង​ខិតខំ​ព្យាយាម​បញ្ចៀស​កុំឱ្យមាន​ការ​ជ្រៀតជ្រែក​របស់​រុស្សី​ជា​ថ្មី​ទៀត​ ដូចកាលពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។

លោកស្រី Nancy Pelosi សមាជិក​គណបក្សប្រជាធិបតេយ្យ​ជាន់ខ្ពស់​នៅ​ក្នុង​សភា​តំណាង​រាស្ត្រអាមេរិក បាន​មាន​ប្រសាសន៍​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ ទី១៣ ខែ​មិថុនា​ថា​ ជា​ថ្មី​ទៀត ​លោក Trump បាន​បង្ហាញឱ្យ​ឃើញថា ​លោកមិនដឹងអ្វី​ខុស​អ្វីត្រូវទេ។

លោកស្រី Pelosi ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ​បាន​មានប្រសាសន៍ថា៖

«មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេសនេះ​គួររន្ធត់ចិត្ត​នឹង​អ្វី​ដែល​ប្រធានាធិបតី​រូប​នេះ​បាននិយាយ​កាល​ពី​យប់មិញ។​ ការ​ថ្លែង​បែប​នេះគួរ​នាំ​ឱ្យមាន​ការភ័យរន្ធត់។ ​ក៏ប៉ុន្តែ​លោក Trump មានទម្លាប់មួយ​ក្នុង​ការ​និយាយសេចក្តី​ថ្លែងការណ៍ដែលនាំ​ឱ្យមានការភ័យ​រន្ធត់។ ការ​ថ្លែង​បែប​នេះ​ជា​ការគ្មាន​សីលធ៌ម​ឡើយ​ ដែល​លោក​មិន​បាន​ទាំងដឹង​ផងទេ‍»។

អត្ថាធិប្បាយ​តាមទូរទស្សន៍​របស់លោក​ប្រធានាធិបតី​បាន​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ដល់​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក ​ក្នុង​ការ​ការពារ​លោក។

លោក Kevin McCarthy ដែល​ជា​ប្រធាំន​ក្រុមភាគ​តិច​ក្នុង​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ បាននិយាយ​ថា៖

«ខ្ញុំ​បាន​មើល​ប្រធានាធិបតី​នេះ​ងើប​ឈរ​ប្រឆាំងនឹង​អង្គភាព​បរទេស​ទាំង​នេះ​ ហើយ​លោកនឹងមិនអនុញ្ញាតឱ្យ​ប្រទេស​ក្រៅ​ណាមួយ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​របស់​យើងទេ‍»។

លោក Mitt Romney សមាជិក​ព្រឹទ្ធសភា​អាមេរិក ប្រចាំរដ្ឋ​ Utah ដែល​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ម្នាក់​ធ្លាប់ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានាធិបតី​ពីរ​ដង​ មិន​បាន​ព្យាយាម​ការពារ​លោក​ប្រធានាធិបតី​ទេ។ លោក Romney បាន​និយាយ​ថា៖

«សេចក្តី​ថ្លែង​នេះ​របស់​លោក Trump ប្រហែល​ខុស​ច្បាប់​រួចស្រេច​ហើយ។​ ប្រសិន​បើ​ការ​ថ្លែងនេះ​មិន​ខុស​ច្បាប់ទេ យើង​គួរ​តែ​ធ្វើវា​ឱ្យ​ទៅ​ជា​ការ​ខុស​ច្បាប់។​ ក៏​ប៉ុន្តែ​ការ​គ្រាន់តែ​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​បរទេស​មានការ​ទាក់ទិននឹង​ការ​បោះឆ្នោត​របស់​យើង​នោះ គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​អនុញ្ញាតឱ្យមាន​ឡើយ​ ហើយ​វា​ក៏​ផ្ទុយ​ខ្លាំងណាស់​នឹង​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ‍»។

​សមាជិក​សភា​អាមេរិក​បាន​ថ្កោលទោស​ជា​ឯកច្ឆន្ទ​ដល់​ការ​ជ្រៀតជ្រែក​របស់​រុស្សី​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ​កាល​ពី​ឆ្នាំ២០១៦​ ហើយ​សមាជិក​ច្រើននាក់​នៃ​សភា​នេះ​ បានជំរុញ​ឱ្យមានការបោះឆ្នោតលើ​សេចក្តី​ព្រាង​ច្បាប់ ​ស្តី​ពី​សន្តិសុខ។​ ក៏​ប៉ុន្តែ ​លោក Mitch McConnell ប្រធាន​ក្រុមភាគច្រើន​នៃ​ព្រឹទ្ធសភាអាមេរិក​ ដែល​ជា​អ្នកគាំទ្រ​ខ្លាំង​ក្លាលើ​លោក Trump បាន​រាំង​ខ្ទប់​កិច្ច​ខិតខំប្រឹងប្រែង​ទាំង​នេះ។

លោក Chuck Schumer ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់ម្នាក់​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក​ បាន​លើក​បញ្ហា​នេះ​មក​និយាយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មិថុនា​កន្លង​ទៅ។​

«យើង​មានសេចក្តី​ព្រាង​ច្បាប់ស្តី​ពី​សន្តិសុខ​នៃការ​បោះឆ្នោត​ដាក់​ស្នើ​ដោយ​គណបក្ស​ទាំង​ពីរ​ជា​ច្រើន ដែល​នៅ​ជាប់រ៉ាំរ៉ៃនៅ​ក្នុង​ព្រឹទ្ធសភា។​ យើង​មាន​សេចក្តី​ព្រាង​ច្បាប់មួយ​ដាក់​ស្នើ​ដោយសមាជិកជាន់ខ្ពស់​ម្នាក់​នៃ​គណៈកម្មាធិការខាង​ការ​ស៊ើបការ​សម្ងាត់​ ដែល​ធ្វើ​ឱ្យក្រុម​អ្នកឃោសនា​បោះឆ្នោត​ ត្រូវមាន​កាតព្វកិច្ច​ខាង​ផ្លូវ​ច្បាប់ ​ក្នុង​ការ​រាយការណ៍​ប្រាប់​ FBI នៅ​ពេល​ប្រទេសណាមួយ​ស្នើផ្តល់ជំនួយ។ ​នេះ​ជាការ​ងាយ​ស្រួល​ណាស់។ ពេលណា​ដែលប្រទេសមួយ​មក​ប្រាប់​អ្នកធ្វើការ​បោះឆ្នោត​របស់​លោក​អ្នក​ហើយ​ស្នើផ្តល់ជំនួយ​ នោះលោក​អ្នក​ត្រូវ​និយាយ​ប្រាប់ FBI‍»។

ក្រុមអ្នកវិភាគ​និយាយ​ថា​ សេចក្តី​ព្រាង​ច្បាប់ទាំងនេះ​នឹង​ប្រហែល​ជា​នៅ​រ៉ាំរ៉ៃតទៅ​ទៀត ដោយសារ​ពអ្នកបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ​នៅ​តែ​គាំទ្រគ្មាន​ងាករេ​ដល់​លោក Trump។ សមាជិក​សភា​ម្នាក់​ខាងគណបក្ស​សាធារណរដ្ឋ ​ដែលជំទាស់​នឹង​លោក Trump ដោយ​ចំហ​ អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់ នៅពេល​ឈរ​ឈ្មោះ​ជា​ថ្មីម្តង​ទៀត៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG