ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ឈ្លោះ​ប្រកែក​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ខណៈ​លោក​កំពុង​ប្រឈម​នឹង​ការប្តឹង​ចោទ​ប្រកាន់​ដក​ចេញ​ពី​តំណែង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​តុមូល​មួយ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​តុមូល​មួយ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ដែល​កំពុង​ប្រឈម​នឹង​ការប្តឹង ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​នៅ​សប្តាហ៍​នេះ​ បាន​ឈ្លោះ​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិតេយ្យ​ដែល​បាន​ចោទប្រកាន់លោក​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទព្រហ្មទណ្ឌ​ជាច្រើន​ករណី​ នៅក្នុង​អ្វី​ដែល​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ចោទ​ថា​លោក​បាន​រំលោភ​អំណាច​ប្រធានាធិបតី។

លោក Trump បាន​សរសេរ​រិះគន់​នៅ​លើ Twitter ថា «ការ​ចោទ​ប្រកាន់​ទម្លាក់​លោក​ពី​តំណែង​ប្រធានាធិបតី​គឺ​ជា​ល្បិច​បោកបញ្ឆោត​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ប្រវត្តិសាស្រ្ត​នយោបាយ​អាមេរិក។ បណ្តាញ​សារព័ត៌មាន​ក្លែងក្លាយ​ និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​ដៃគូ​របស់​ពួកគេ​ កំពុង​ធ្វើ​ការ​ល្មើស​ម៉ោង​ដើម្បី​បញ្ចុះបញ្ចូល​គណបក្ស​សាធារណរដ្ឋ​ឲ្យ​គាំទ្រ​ពួកគេ»។

រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ទំនង​ជា​នឹង​បោះឆ្នោត​ចោទប្រកាន់​លោក Trump នៅ​ថ្ងៃពុធ​ស្អែក​នេះ​ ខណៈ​លោក Trump បាន​បង្ហោះសារ​ឡើង​វិញ​ពី​ក្រុម​អ្នកគាំទ្រ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​រិះគន់​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​រូប​លោក។

លោក Trump ដែល​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥ នឹង​ក្លាយ​ជា​មេដឹកនាំ​អាមេរិកទី៣ ដែល​ត្រូវ​បាន​ប្តឹង​ចោទប្រកាន់​ដក​ពី​តំណែង​នៅក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក​រយៈពេល២៤៣ឆ្នាំ​មក​នេះ​ បើ​ទោះបី​ជា​បទចោទ​ប្រកាន់​ទាំងនេះ​ទំនង​ជា​នឹង​មិន​ទទួល​បាន​ ការអនុម័ត​ពី​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ដែល​នឹង​បើក​សវនាការ​នៅ​ខែ​ក្រោយ​នេះ​យ៉ាង​ណា​ក៏ដោយ។

លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ព្រឹទ្ធសភា​បាន​ប្រាប់​សារព័ត៌មាន Fox News កាលពី​សប្តាហ៍​មុន​ថា​ ឱកាសដែល​ប្រធានាធិបតី​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​គឺ​សូន្យ​ភាគរយ៕

XS
SM
MD
LG