ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Schumer ស្នើ​ព្រឹទ្ធសភា​ឲ្យ​កោះ​ហៅ​មន្ត្រី​សេតវិមាន ៤ រូប សម្រាប់​សវនាការ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង


លោក Chuck Schumer បញ្ចប់​សន្និសីទ​កាសែត​មួយ​អំពី​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌ នៅ​វិមាន​សភា Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
លោក Chuck Schumer បញ្ចប់​សន្និសីទ​កាសែត​មួយ​អំពី​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌ នៅ​វិមាន​សភា Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

ដោយសារ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បោះ​ឆ្នោត​លើ​បទ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង​នៅ​ក្នុង​សប្ដាហ៍​នេះ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពូល​នៃ​ព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​ដែល​នឹង​បើក​សវនាការ​សម្រេច​លើ​ការ​ទម្លាក់​លោក Trump ពី​តំណែង ឲ្យ​ស្ដាប់​សក្ខីកម្ម​ពី​សាក្សី ៤ រូប​មក​ពី​រដ្ឋបាល​របស់​លោក Trump។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ព្រឹទ្ធសភា​គួរតែ​ចេញ​ដីកា​កោះហៅ​នាយ​ខុទ្ទកាល័យ​ស្ដីទី​នៃ​សេតវិមាន​លោក Mick Mulvaney និង​លោក Robert Blair ដែល​ជា​ជំនួយការ​កំពូល​របស់​លោក Mulvaney ក៏​ដូចជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton និង​មន្ត្រី​ផ្នែក​ថវិកា​លោក Michael Duffey ផង​ដែរ។

លោក Schumer បាន​បញ្ជាក់​ថា គណៈកម្មាធិការ​មួយ​ចំនួន​នៃ​រដ្ឋសភា​ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង បាន​ស្នើ​ឲ្យ​មន្ត្រី​ទាំង ៤ រូប​ខាង​លើ​បង្ហាញ​ខ្លួន​ដើម្បី​ចោទ​សួរ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ធ្វើ​តាម​ការ​ស្នើ​នេះ​ទេ។

លោក McConnell បាន​ផ្ដល់​ក្ដី​រំពឹង​ថា នឹង​មាន​សវនាការ​ខ្លី​មួយ​ដែល​គ្មាន​សាក្សី​ណា​មួយ​ចូលរួម ហើយ​បាន​និយាយ​ថា លោក​នឹង​សម្របសម្រួល​ជាមួយ​នឹង​សេតវិមាន នៅ​ពេល​ដែល​លោក​ត្រៀម​រៀបចំ​សវនាការ។

អ្នក​នាំ​ពាក្យ​របស់​លោក McConnell បាន​បញ្ជាក់​ថា លោក​នឹង​ជួប​ជាមួយ​នឹង​លោក Schumer ដើម្បី​ពិភាក្សា​អំពី​វិធី​ដំណើរការ​នីតិវិធី​នេះ។

រដ្ឋសភា​ត្រូវ​គេ​រំពឹង​ថា​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ដើម្បី​សម្រេច​លើ​បទ​ចោទ​ពីរ​ករណី​ដែល​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន។ ចំណែក​ឯ​សវនាការ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​វិញ​នឹង​ចាប់ផ្ដើម​នៅ​ខែ​មករា​ខាង​មុខ​នេះ ដោយ​ការ​ផ្ដន្ទាទោស​ទម្លាក់​លោក Trump ចេញ​ពី​តំណែង​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​នោះ​ទេ៕

XS
SM
MD
LG