ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូនប្រសា​លោក ត្រាំ បដិសេធ​ថា​មិន​បាន​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ទេ


លោក Jared Kushner (រូប​កណ្តាល) និង​លោក​មេធាវី Abbe Lowell (រូប​ឆ្វេង) អញ្ជើញ​ទៅ​ដល់​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ការ​សាកសួរ​របស់​គណៈកម្មាការធិការ​ស៊ើបអង្កេត​របស់​សភា កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។

លោក Jared Kushner ដែល​ជា​កូនប្រសា​និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រឈម​នឹង​ការ​សាកសួរ​ដែល​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួយ​កាល​ពី​ថ្ងៃ​អង្គារ ជាមួយ​នឹង​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រដ្ឋសភា។ ការ​សាកសួរ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​អាមេរិក​កាល​ពី​ឆ្នាំ​មុន។ ខណៈ​ដែល​លោក​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​សាកសួរ លោក Kusher បាន​ញញឹម ប៉ុន្តែ​លោក​មិនបាន​ថ្លែង​អ្វី​ទៅ​កាន់​អ្នក​ព័ត៌មាន​នោះ​ទេ។

លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ទៅ​កាន់​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​នៅ​ក្នុង​ការ​សាកសួរ​ដែល​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដូចគ្នា​នេះ​ដែរ ហើយ​លោក​ក៏​បាន​បដិសេធ​ជា​សាធារណៈ​ថា លោក​ឬ​អ្នក​ផ្សេង​ទៀត​ដែល​ជា​ក្រុមការងារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ មិន​បាន​មាន​ទំនាក់ទំនង​មិន​ត្រឹមត្រូវ​អ្វី​ជាមួយ​នឹង​រុស្ស៊ី មុន​ឬ​ក្រោយ​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​នោះ​ទេ។

លោក Kushner បាន​ថ្លែង​នៅ​ឯ​សេតវិមាន​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ព័ត៌មាន​មួយ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​នឹង​គណៈកម្មាធិការ​ស៊ើបអង្កេត​ព្រឹទ្ធសភា​ថា «ខ្ញុំ​មិន​បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី​ ឬ​ដឹង​ថា​នរណា​ម្នាក់​ដែល​ជា​ក្រុមការងារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី ត្រាំ ​បាន​ធ្វើ​ដូច្នេះ​នោះ​ទេ»។

លោក Kushner ក៏​បាន​បដិសេធ​ថា មិន​បាន​មាន​ «ទំនាក់ទំនង​មិន​ត្រឹមត្រូវ» ជាមួយ​រុស្ស៊ី​នោះ​ទេ ហើយ​លោក​ក៏​បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​មិន​បាន​ពឹង​ផ្អែក​លើ​មូលនិធិ​រុស្ស៊ី​ដើម្បី​ធ្វើ​ជំនួញ​របស់​ខ្ញុំ​នោះ​ទេ ហើយ​ខ្ញុំ​មាន​តម្លាភាព​ពេញលេញ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​នានា​តាម​ការ​ស្នើ​សុំ»៕

XS
SM
MD
LG