ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​អន្តរជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​នានា​ប្រុងប្រៀប​ខ្លួន​សម្រាប់​ការ​​រាលដាល​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ខ្លួន


រូបឯកសារ៖ បុគ្គលិកផ្នែកហោះហើរពាក់ម៉ាសការពារនៅព្រលានយន្តហោះក្រុងយ៉ាងហ្គន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ខណៈ​ដែល​ប្រទេស​ចិន​បន្ត​រាយការណ៍​ពី​ចំនួន​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​ថ្មី​របស់​វីរុស​កូរ៉ូណា Covid-19 មន្ត្រីសុខាភិបាល​ពិភពលោក​បាន​សរសើរ​វិធានការរបស់​ចិនក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាលដាល​នៃ​មេរោគ​ថ្មី​នេះ ហើយបាន​ព្រមាន​រដ្ឋាភិបាល​ប្រទេស​ដទៃ​ឲ្យ​ប្រុងប្រៀប​ខ្លួន​ចាត់​វិធានការ​ធ្ងន់ៗ ​នៅ​ពេល​មេរោគ​នេះមាន​វត្តមាន​នៅ​ក្នុង​ដែនដី​ខ្លួន។

មន្ត្រី​សុខាភិបាល​ចិន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤០៦ ដែល​ស្ទើរ​តែ​ទាំង​អស់កើត​នៅ​ក្នុង​ខេត្ត​ហ៊ូប៉េ​ដែល​ជា​ប្រភព​នៃ​ការ​ផ្ទុះ​រាលដាល និង​ការ​ស្លាប់​ថ្មី​ចំនួន ៥២ ករណី​ដែល​ទាំង​អស់​នៅ​ក្នុង​ខេត្ត​នេះ ដែល​ជា​ទីអាជ្ញាធរ​ចិន​បាន​បិទ​សកម្មភាព​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​អង្គការ​សុខភាព​ពិភពលោក WHOបាន​សន្និដ្ឋាន​ថា វិធានការ​របស់​ប្រទេស​ចិន​បាន​«ផ្លាស់ប្តូរ​ទិសដៅ​វិវត្តន៍​នៃ​ការ​ផ្ទុះ​រាលដាល»​នេះ និង​ការពារ​ពលរដ្ឋ​ចិន​រាប់​សែន​នាក់​ពី​ការ​ឆ្លង​មេរោគ​នេះ។

ប៉ុន្តែ​ដោយ​មេរោគ​នេះ​បាន​ឆ្លង​ដល់​ប្រទេស​ជាង​៣០​ទៀត​ រួម​ទាំង​នៅ​អឺរ៉ុប​និង​តំបន់​មជ្ឈិម​បូព៌ា​ប្រទេស​ផង មន្ត្រី​ WHO ថា​រដ្ឋាភិបាល​ផ្សេងៗ​ត្រូវ​គិត​ជា​មុន​ពី​រៀប​កំណត់​ករណី​ឆ្លងថ្មី​និង​ប្រើ​វិធានការ​ដាក់​មនុស្ស​ទាក់​ទង​នឹង​ការ​ឆ្លង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។ មន្ត្រី​រូប​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រទេស​នានា​ ធ្វើ​តាមមធ្យោបាយ​ការពារ​ខ្លួន​មួយ​ចំនួន​ ដូច​ជា​ការ​លាង​ដៃ​ជា​ប្រចាំ ឈរ​យ៉ាង​ហោច​ណាស់​១​ម៉ែត្រ​ពី​មនុស្ស​ដែល​កណ្តាស់​ឬ​ក្អក ហើយ​សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញា​នានា គួរ​ទៅ​ជួប​គ្រូពេទ្យ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​នេះ មាន​ចំនួន​អ្នក​ឆ្លង​មេរោគ Covid-19 សំរុប​កើន​ដល់​ចំនួន​១.២៦១​នាក់​ និង​ការ​ស្លាប់​កើន​ដល់​១១​នាក់។ យោធា​សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​ពុធ​នេះ​ក៏​បញ្ជាក់​ថា មាន​ទាហាន​អាមេរិកាំង​ម្នាក់​ដែល​ប្រចាំការ​នៅ​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ឆ្លង​មេរោគ​នេះ​ហើយ​កំពុង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ។

មាន​ការបារម្ភ​ខ្លាំង​ទាក់ទង​នឹង​ការ​ផ្ទុះ​រាលដាល​ថ្មីៗ​នៅ​ប្រទេស​អ៊ីតាលី​និង​អ៊ីរ៉ង់ ដែល​គេ​គិត​ថា​អ្នក​ឆ្លង​ក្នុង​ប្រទេស​ទាំង​ពីរ​បាន​បន្ត​ឆ្លង​ដល់​ប្រទេស​ក្បែរ​ខាង​ផ្សេង​ទៀត។

ប្រទេស​អ៊ីតាលី​នៅថ្ងៃ​នេះ​មាន​ចំនួន​អ្នក​ឆ្លង​កើន​ដល់​ជាង​៣០០​ករណី​និង​ការ​ស្លាប់​ចំនួន​១០​ករណី។ រដ្ឋមន្ត្រី​សុខាភិបាល​អាល់ហ្សេរី​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ពលរដ្ឋ​អ៊ីតាលី​ម្នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​មាន​មេរោគ​កូរ៉ូណា​ក្រោយ​ពី​ទៅ​ដល់​អាល់ហ្សេរី​កាល​ពី​សប្តាហ៍​មុន។ នេះ​ជា​ករណី​ទី​២​នៅ​ទ្វីប​អាហ្វ្រិក​បន្ទាប់​ពី​ករណី​មួយ​ទៀត​នៅ​អេហ្ស៊ីប។

ប្រទេស​អ៊ីរ៉ង់ថា ​ខ្លួន​មានការ​ស្លាប់​សរុប​១៩​ករណី និង​ឆ្លង​១៣៩​ករណី​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ។ អ្នក​ឆ្លង​នៅ​អ៊ីរ៉ង់​បាន​ឆ្លង​បន្ត​ទៅ​ប្រទេស​កូវ៉ែត​ដែល​មាន​អ្នក​ឆ្លង​១៨​នាក់ និង​ប្រទេស​ប៉ារ៉ែន​ដែល​មាន​ឆ្លង​ឆ្លង​២៦​នាក់​ត្រឹម​ថ្ងៃ​ពុធ​នេះ។

ការ​បារម្ភ​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​មេរោគ​កូរ៉ូណា​បាន​ធ្វើ​ឲ្យ​ទី​ផ្សារ​ភាគហ៊ុន​ពិភពលោក​ធ្លាក់​ចុះ​នៅ​សប្តាហ៍​នេះ៕

XS
SM
MD
LG