ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា សហរដ្ឋ​អាមេរិក​មាន​ការ​ការពារ​យ៉ាង​ខ្លាំង​ចំពោះ​តំបន់​សមុទ្រ​បាល់ទិក


លោក​ប្រធានាធិបតី​អាមេរិក Donald Trump ចូលរួម​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ហ្វាំងឡង់ Sauli Niinisto នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អាមេរិក Donald Trump ចូលរួម​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ហ្វាំងឡង់ Sauli Niinisto នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ការពារ​យ៉ាង​ខ្លាំងក្លា​ចំពោះ​តំបន់​សមុទ្រ​បាល់ទិក ជាពិសេស​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ខាង​ជើង​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី។

លោក Trump បាន​ថ្លែង​នៅ​ឯ​សន្និសីទ​រួម​គ្នា​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វាំងឡង់​យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ការពារ​យ៉ាង​ខ្លាំង​ចំពោះ​តំបន់​សមុទ្រ​បាល់ទិក។ សហរដ្ឋ​អាមេរិក​មាន​មិត្តភក្ដិ​ល្អៗ និង​ទំនាក់ទំនង​ល្អៗ​នៅ​ទី​នោះ»។

លោក Trump បាន​បន្ថែម​ថា លោក​ជឿជាក់​ថា ប្រទេស​រុស្ស៊ី​គោរព​ប្រទេស​ហ្វាំងឡង់ ហើយ​លោក​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​ក៏​នឹង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​រុស្ស៊ី​ផង​ដែរ។

លោក Trump បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​សូម​និយាយ​ឲ្យ​បាន​ឭ និង​ច្បាស់​ថា ខ្ញុំ​គិត​ថា វា​ជា​ការ​ប្រសើរ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​យ៉ាង​អស្ចារ្យ ឬ​ក៏​យ៉ាង​ហោច​ណាស់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​រុស្ស៊ី»។

ប្រធានាធិបតី​ហ្វាំងឡង់​លោក Niinisto បាន​និយាយ​ថា៖ «វត្តមាន​របស់​សហរដ្ឋ​អាមេរិក និង​អង្គការ​អូតង់​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​នៅ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​ទំនាក់ទំនង​នេះ​កំពុង​តែ​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ឆាប់​រហ័ស»។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា មាន​នូវ​វិធានការ​វិជ្ជមាន​តិចតួច​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឈាន​ទៅ​ដល់​ការ​បើក​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ​រវាង​អង្គការ​អូតង់ និង​ប្រទេស​រុស្ស៊ី។

មេដឹកនាំ​ទាំង​ពីរ​ក៏​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​អំពើ​ភេរវកម្ម ហើយ​លោក Trump បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​រួម​សាមគ្គី​ជាមួយ​នឹង​ប្រទេស​ហ្វាំងឡង់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ភេរវកម្ម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG