ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​វ៉េណេស៊ុយអេឡា


រូបឯកសារ​៖ ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ថ្លែង​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ទីក្រុង​ការ៉ាកាស ប្រទេស​វេណេស៊ុយអេឡា កាល​ពី​ថ្ងៃទី​១៤ ខែ​សីហា។

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្របាន​ហាម​ឃាត់ការទិញ​ប័ណ្ណ​បំណុល​ឬ​ភាគ​ហ៊ុន​របស់​ប្រទេស​វ៉េណេស៊ុយ​អេឡា​នៅ​ក្នុង​ចំណាត់​ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល​របស់​ប្រធានា​ធិបតី ​Nicolas Maduro។

បទ​បញ្ជា​ប្រធានា​ធិបតី​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ បាន​រារាំង​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​រដ្ឋាភិបាល​របស់​លោក Maduro ហើយ​និង​ក្រុម​ហ៊ុន​ប្រេង​រដ្ឋ ​PDVSA។

លោកស្រី Nikki Haley ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ទីស្នាក់​ការ​ធំ​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​ថា៖ «យើង​នឹងមិន​អត់​ឱន​ដល់​ការ​ដឹកនាំ​ផ្តាច់ការ​ដែល​ជន​នោះ​កំពុង​ព្យាយាម​បង្កើត​ហើយ​យើង​និង​មិន​គោរព​សភា​ដ៏​គួរឲ្យ​ខ្មាស​អៀន​នោះ​ទេ។​ យើង​មិនមាន​ជម្រើស​ទេ​ មាន​តែ​ត្រូវ​ចាត់​វិធានការ​ហើយ​និង​ដាក់​ទណ្ឌកម្ម​ដើម្បី​ធ្វើ​ឲ្យមានការ​យក​ចិត្ត​ទុក​ដាក់‍»។

​លោក Jorge Arreaza​ រដ្ឋ​មន្រ្តីការ​បរទេស​នៃ​ប្រទេស​វ៉េណេស៊ុយ​អេឡាបាន​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​សុក្រ​ដល់​សេចក្តី​ប្រកាស​នៃ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ ខណៈ​ដែល​លោក​នៅ​ឯអង្គការ​សហ​ប្រជាជាតិដើម្បី​ពិភាក្សាស្ថានការណ៍​នៅ​ក្នុង​ប្រទេស​របស់​លោក​ជាមួយ​លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ​Antonio Guterres។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​វ៉េណេស៊ុយអេឡាបាន​សួរ​ថា៖ «តើ​សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​វិបត្តិមនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​របស់​យើង​ឬ? ​តើ​សហ រដ្ឋ​អាមេរិក​ចង់​បាន​អ្វី? តើសហរដ្ឋ​អាមេរិក​ចង់​ធ្វើ​ឲ្យ​ពលរដ្ឋ​វ៉េណេស៊ុយអេឡាអត់​បាយ​ស្លាប់​ឬ?៕

XS
SM
MD
LG