លោកប្រធានាធិបតីស.រ.អា Donald Trump បានបដិសេធថា លោកមិនបានសុំដល់អតីតរដ្ឋមន្ត្រីយុត្តិធម៌ស្តីទីរបស់លោកឱ្យដាក់សម្ព័ន្ធមិត្តរបស់លោកឱ្យមើលការខុសត្រូវលើការស៊ើបអង្កេតសហព័ន្ធមួយអំពីការផ្តល់ប្រាក់បិទមាត់ដល់ស្ត្រីពីរនាក់មិនឱ្យនិយាយនៅពេលឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។
ការចោទប្រកាន់នេះមានឡើងកាលពីថ្ងៃអង្គារនៅក្នុងអត្ថបទមួយរបស់កាសែត New York Times ដែលចែងថាលោក Trump បានហៅទូរសព្ទទៅលោកMatthew Whitaker ដោយសួរលោកថាតើលោកអាចដាក់លោក Geoffrey Berman មេធាវីស.រ.អ.សម្រាប់តំបន់ខាងត្បូងនៃរដ្ឋ New York ឱ្យទទួលខុសត្រូវដល់ការស៊ើបអង្កេតនេះឬទេ។
នៅពេលត្រូវសួរអំពីរឿងនេះ លោក Trump បាននិយាយថា «ទេ មិនមែនដូច្នេះទេ។ខ្ញុំមិនដឹងទេថាតើនរណានិយាយប្រាប់លោកអ្នកអំពីរឿងនេះ។នេះជាព័ត៌មានមិនពិតទេ។មានព័ត៌មានមិនពិតជាច្រើន។ ទេ ខ្ញុំមិនបានសុំដូច្នេះទេ»។
ប្រសិនបើការណ៍នេះពិត រឿងនេះអាចត្រូវប្រើប្រាស់ជាភស្តុតាងថាលោក Trump បានស្វះស្វែងធ្វើឱ្យមានឥទ្ធិពលលើការស៊ើបអង្កេតមួយក្នុងបណ្តាការស៊ើបអង្កេតមួយចំនួនដោយអង្គការពង្រឹងច្បាប់អំពីអាកប្បកិរិយារបស់លោកនិងអំពីអាកប្បកិរិយារបស់ពួកសហការីលោកផងដែរ។
សារព័ត៌មាន New York Times បាននិយាយយោងដល់ក្រុមមន្ត្រីស.រ.អាមួយចំនួនដែលបានដឹងដោយផ្ទាល់អំពីការនិយាយទូរសព្ទរវាងលោក Trump និងលោក Whitaker។ កាសែតនេះបាននិយាយថាលោក Berman បានសុំដកខ្លួនលោកចេញពីករណីយនេះហើយដោយសារមានទំនាស់ផលប្រយោជន៍។
ការស៊ើបអង្កេតនេះមានទាក់ទិននឹងការបង់ប្រាក់ដោយលោក Michael Cohenមេធាវីយូរយាមកហើយរបស់លោក Trump ឱ្យដល់ស្ត្រីពីរនាក់ដែលបាននិយាយថាពួកគេមានទំនាក់ទំនងខាងភេទជាមួយលោក Trump។ទឹកប្រាក់នេះគឺដើម្បីកុំឱ្យស្ត្រីទាំងនេះនិយាយរឿងរបស់ពួកគេនិងធ្វើកុំឱ្យមានផលមិនល្អដល់ការឈរឈ្មោះប្រធានាធិបតីរបស់លោក Trump។
លោក Cohen បានទទួលសារភាពថាលោកមានទោសដោយរំលោភលើការផ្តល់ប្រាក់កាសសម្រាប់ការឃោសនាបោះឆ្នោតដែលមានទាក់ទិននឹងការបង់ប្រាក់ឱ្យស្ត្រីទាំងពីរនាក់នេះ៕