ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​នឹង​អ៊ីរ៉ង់​គឺ​អាច​ទៅ​រួច ដោយសារ​សម្ពាធ​នៃ​ការ​ដាក់​ទណ្ឌកម្ម


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី Shinzo Abe កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង​តូក្យូ។
លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី Shinzo Abe កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង​តូក្យូ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​គឺ​អាច​ទៅ​រួច ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​រារាំង​សកម្មភាព​នានា ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ថា ជា​សកម្មភាព​ដែល​ស្ថិត​នៅ​ពី​ក្រោយ​សន្ទុះ​នៃ​ការ​វាយ​ប្រហារ​នៅ​តំបន់​មជ្ឈិម​បូព៌ា។

លោក Trump បាន​និយាយ​នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថា៖ «ខ្ញុំ​ពិតជា​ជឿ​ថា ប្រទេស​អ៊ីរ៉ង់​នឹង​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង ហើយ​ខ្ញុំ​គិត​ថា ការ​ធ្វើ​ដូច្នេះ​គឺ​បាន​ន័យ​ថា​ពួកគេ​ឆ្លាត​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា រឿង​នេះ​អាច​កើត​ឡើង​បាន‍»។

លោក Trump បាន​បញ្ជាក់​ថា៖ «ប្រទេស​អ៊ីរ៉ង់​មាន​ឱកាស​ក្លាយជា​ប្រទេស​អស្ចារ្យ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដដែល​ដូច​ពេល​បច្ចុប្បន្ន​នេះ។ ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា សហរដ្ឋ​អាមេរិក​គ្មាន​បំណង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​របស់​អ៊ីរ៉ង់​នោះ​ទេ។ អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន​គឺ​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ‍»។

ភាព​តានតឹង​បាន​កើន​ឡើង​រវាង​ប្រទេស​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស​នៅ​ក្នុង​ខែ​នេះ​មក។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​ចំពោះ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​គូ​ប្រជែង​នឹង​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា បាន​រិះគន់​ថា ការ​វាយ​ប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​នេះ​គឺ​ធ្វើ​ឡើង​ដោយ​អ៊ីរ៉ង់ ប៉ុន្តែ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បដិសេធ។

លោក Trump នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​ទៅ​កាន់​ប្រទេស​ជប៉ុន បាន​ស្វាគមន៍​ការ​ជួយ​ជ្រោមជ្រែង​របស់​លោក Abe នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​អ៊ីរ៉ង់ បន្ទាប់ពី​ទូរទស្សន៍ NHK របស់​ជប៉ុន បាន​ផ្សាយ​ថា លោក Abe កំពុង​ពិចារណា​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ខាង​មុខ​នេះ៕

XS
SM
MD
LG