ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​នឹង​មិន​ចូល​រួម​ការជជែក​ដេញ​ដោល​តាម​អនឡាញ​ ខណៈ​លោក Biden រៀបចំ​ផែនការ​ថ្មី


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ក្នុងអំឡុងពេលជជែកដេញដោលគ្នាលើកទី ១ នៅទីក្រុង Cleveland រដ្ឋ Ohio កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី Donald Trump ថ្លែងថា លោកនឹង​មិន​ចូលរួម​នៅ​ក្នុង​ការជជែក​ដេញដោល​ប្រធានាធិបតី​ដែល​គ្រោង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា​ នៅ​ក្នុង​ទីក្រុង Miami។ សេចក្តី​សម្រេច​នេះ​នឹង​អនុញ្ញាតឲ្យ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ចូលរួម​ក្នុង​វេទិកា​ពិភាក្សាមួយរបស់កម្មវិធី​ទូរទស្សន៍ ​ABC News ដែល​មាន​ទស្សនិកជន​ចូលរួម​ផ្ទាល់​ នៅ​ទីក្រុង Philadelphia នៅ​រសៀល​ថ្ងៃ​នោះ។

លោក Trump បាន​ច្រានចោល​ការផ្លាស់ប្តូរគម្រោងនៃការជជែកដេញដោលលើកទី ២ ធ្វើ​តាម​អនឡាញ​វិញ ​ដោយ​គណៈកម្មការ​រៀបចំ​ការជជែក​ដេញ​ដោល​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​ពន្យល់​ថា «វិធី​នៃ​ការជជែក​ដេញ​ដោល​តាម​អនឡាញ​ ជា​ការចាំបាច់​ ពីព្រោះ​តែ​រោគ​វិនិច្ឆ័យជំងឺ​កូរីដ​១៩ ​របស់​លោក​ប្រធានាធិបតី។

នៅពេល​សួរ​អំពី​វិធី​នៃ​ការជជែក​ដេញដោល​តាម​អនឡាញ ​ក្នុង​កម្មវិធីទូរទស្សន៍ Fox Business លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​មិន​ខ្ជះខ្ជាយ​ពេល​វេលារបស់​ខ្ញុំ​ ក្នុង​ការជជែក​ដេញ​ដោល​តាម​អនឡាញ​នោះ​ទេ។ នេះ​មិន​មែន​ជា​ការជជែក​ដេញ​ដោល​នោះ​ទេ។ ការ​អង្គុយ​នៅ​ខាង​ក្រោយ​ម៉ាស៊ីន​កំព្យូទ័រ​ និង​ធ្វើ​ការជជែក​ដេញដោល​ ជាការ​អស់​សំណើច​ណាស់។ ហើយ​គេអាច​កាត់​សម្តី​យើង​ នៅពេល​ណា​ក៏បាន។

យុទ្ធនាការ​បោះឆ្នោត​របស់​លោក Biden បេក្ខជន​ខាងគណបក្ស​ប្រជាធិបតេយ្យ​ បាន​និយាយ​ថា លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden នឹង​ចូល​រួម​ការជជែក​ដេញដោល​តាម​អនឡាញ​នោះ។

ក្នុង​សេចក្តី​ថ្លែងការណ៍មួយ យុទ្ធនាការ​បោះឆ្នោត​របស់​លោក ​Biden លើកឡើងថា៖ «យើងសង្ឃឹម​ថា គណៈកម្មការ​រៀបចំ​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី នឹង​លើក​វេទិកា​ជជែក​ដេញដោល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី២២ ខែតុលា ដើម្បី​កុំ​ឲ្យ​លោក​ប្រធានាធិបតី​អាច​គេច​ចេញ​ពីការទទួល​ខុសត្រូវ»។

យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trump បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​យល់​ព្រម​ថា ការជជែក​ដេញដោល​លើក​ក្រោយ ​គួរ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២២ ខែតុលា ហើយការជជែក​ដេញ​ដោល​លើក​ទី៣​ដែល​ជា​លើក​ចុង​ក្រោយ ធ្វើឡើង​នៅ​ថ្ងៃ​ទី២៩ ខែតុលា។ យុទ្ធនាការ​បោះឆ្នោត​របស់​លោក Biden បាន​ច្រានចោល​ការជជែក​ដេញដោល​ ដែល​កៀក​ថ្ងៃបោះឆ្នោត​នេះ។

លោក​ប្រធានាធិបតី Trump កំពុង​ងើបពី​ជំងឺ​កូវីដ១៩ ហើយ​ស្ថិត​នៅ​ក្នុង​សេតវិមាន ចាប់តាំងពី​វិលត្រឡប់​ពី​មន្ទីរពេទ្យ​យោធា Walter Reed កាលពី​ថ្ងៃ​ច័ន្ទ​មក។

វេជ្ជបណ្ឌិត​ Scott Conley ដែល​ជា​វេជ្ជបណ្ឌិត​ម្នាក់របស់​លោក​ប្រធានាធិបតី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី​បាន​បញ្ចប់​ការព្យាបាល​ជំងឺ​កូវីដ១៩​ហើយ​មាន​សុខភាព​ល្អ។

លោក​ប្រធានាធិបតី​មិន​បាន​បង្ហាញ​រោគ​សញ្ញា​នៃ​ជំងឺ​នេះទៀតទេ ហើយ​លោក​វេជ្ជបណ្ឌិត​ Conley រំពឹង​ថា លោក Trump នឹង​អាច​វិលត្រឡប់​ទៅ​ចូលរួម​ក្នុង​កម្មវិធីសាធារណៈ​ ដោយសុវត្ថិភាព​នៅ​ថ្ងៃ​សៅរ៍៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG