អតីតអភិបាលទីក្រុងញ៉ូវយ៉កលោក Rudy Giuliani បច្ចុប្បន្នជាក្រុមមេធាវីរបស់លោក Trump បាននិយាយាថា អ្នកជាប់ឃុំអាមេរិកាំងទាំងនោះត្រូវគេរំពឹងថានឹងត្រូវដោះលែងក្នុងសប្តាហ៍នេះ។ លោកGiluiani បានប្រាប់សារព័ត៌មាន Fox newsកាលពីថ្ងៃព្រហស្បតិ៍ថា «យើងបានធ្វើឲ្យលោក Kim Jong Unចាប់អារម្មណ៍ជាច្រើនដើម្បីអាចឲ្យលោកដោះលែងអ្នកជាប់ឃុំទាំងបីនាក់នោះនៅក្នុងសប្តាហ៍នេះ»។
លោកTrumpបានសរសេរនៅក្នុងTwitter កាលពីយប់ថ្ងៃពុធថា«ដូចអ្នករាល់គ្នាបានដឹងហើយថា រដ្ឋបាលពីមុនបានស្នើឲ្យដោះលែងចំណាប់ខ្មាំងទាំងបីនាក់នេះពីជំរំការងារកូរ៉េខាងជើងជាយូរមកហើយ ប៉ុន្តែមិនបានសម្រេច។ សូមរង់ចាំមើលទាំងអស់គ្នា»។
អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ VOAថាមិនទាន់មានអ្វីអាចប្រកាសនៅពេលនេះទេ អំពីបញ្ហានេះ ប៉ុន្តែបានបញ្ជាក់ថា«ចំណាប់ខ្មាំងអាមេរិកាំងទាំងបីនាក់ដែលត្រូវបានចាប់ខ្លួនខុសច្បាប់ដោយកូរ៉េខាងជើងនោះ គឺនៅតែជារបៀបវីរៈនៅក្នុងរដ្ឋបាលលោក Trump»។
លោក Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានយល់ព្រមជួបប្រជុំជាមួយគ្នាដោយផ្ទាល់បើទោះជាថ្ងៃបរិចេ្ឆទនៃកិច្ចប្រជុំនិងទីកន្លែងមិនទាន់ត្រូវបានបញ្ជាក់នៅឡើយក៏ដោយ។
ជនជាតិអាមេរិកាំងដើមកំណើតកូរ៉េ៣នាក់កំពុងជាប់ឃុំឃាំងក្នុងប្រទេសកូរ៉េខាងជើង លោក Tony Kim និងលោក Kim Hak Song ធ្លាប់ធ្វើជាគ្រូបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព្យូងយ៉ាង ដែលជាសាកលវិទ្យាល័យឯកជនតែមួយគត់នៅក្នុងប្រទេស។ ពួកគេត្រូវបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាកាលពីឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីការចូលរួមជាមួយពួកសកម្មជនប្រឆាំងរដ្ឋ និងបានព្យាយាមផ្តួលរំលំរដ្ឋាភិបាល។
ចំណាប់ខ្មាំងទីបីគឺលោក Kim Dong Chulត្រូវបានចាប់ខ្លួននៅក្នុងក្រុង Rason នៅពេលធ្វើដំណើរទៅតំបន់ភាគឦសានក្នុងប្រទេសកូរ៉េខាងជើងកាលពីខែតុលាឆ្នាំ២០១៥។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំនិងត្រូវធ្វើការធ្ងន់ធ្ងរកាលពីឆ្នាំ២០១៦ ក្រោមបទចោទធ្វើចារកម្ម៕