ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ៖ រុស្ស៊ី​នឹង​គាំទ្រ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុងការ​បោះ​ឆ្នោត​សភា​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដើរ​ចុះ​ពី​លើ​ឆាក​បន្ទាប់​ពី​ថ្លែង​នៅ​ក្នុង​សន្និបាត​អតីត​យុទ្ធជន​ក្នុង​សង្គ្រាម​បរទេស​របស់​អាមេរិក កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Kansas រដ្ឋ Missouri។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​អះអាង​ថា រុស្ស៊ី​នឹង​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​បេក្ខជន​ខាង​គណ​បក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ខែ​វិច្ឆិកា​ខាង​មុខ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitter ​ថា ​លោក​ការ​ព្រួយ​កង្វល់​ថា «រុស្ស៊ី​នឹង​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ»។​

ប្រធានាធិបតី​ត្រាំ​បាន​អះអាង​ថា «ផ្អែកលើ​ការ​ពិត​នោះ​គឺថា ​មិន​មាន​ប្រធានា​ធិប​តី​អាមេរិក​ណា​ដែល​ម៉ឺងម៉ាត់​លើ​ប្រទេស​រុស្ស៊ី​ជាង​ខ្ញុំ​នោះ​ទេ រុស្ស៊ី​នឹង​ខិត​ខំ​យ៉ាង​ខ្លាំងដើម្បី​ជំរុញ​ពួក​ប្រជា​ធិបតេយ្យ។​ ពួក​រុស្ស៊ី​ប្រាកដ​ជា​មិន​ចង់​បាន​ប្រធានា​ធិបតី​ត្រាំ​ទេ»។​

ការ​អះអាង​របស់​ប្រធានាធិបតី​ត្រាំ​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ពេញ​ចិត្ត​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុងការ​បោះឆ្នោត​សភាថ្ងៃ​ទី៦ ​ខែ​វិច្ឆិកា ​នៅពេល​ដែលសមាជិក​សភាតំណាង​រាស្ត្រ​ទាំងអស់​៤៣៥នាក់​ ហើយ​និង​សមាជិក​ព្រឹទ្ធសភា​១ភាគ៣​ត្រូវ​បោះ​ឆ្នោត មាន​ការ​ខ្វែងគំនិត​គ្នា​ជាមួយ​ការ​សន្និដ្ឋាន​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ថា ​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ឆ្នាំ​២០១៦​ដើម្បី​ជួយ​ឲ្យ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​ដើម្បី​កាន់​កាប់​សេតវិមាន។

នៅ​ឯ​ជំនួប​កាល​ពី​សប្តាហ៍​មុន​ក្នុង​ក្រុង Helsinki ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ប្រធានាធិបតី​ត្រាំ​ហាក់​ដូចជាគាំទ្រ​ការ​បដិសេធ​របស់​មេដឹកនាំ​រុស្ស៊ី​ថា ​រុស្ស៊ី​មិន​បាន​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​ឆ្នាំ​២០១៦​ ហើយ​បាន​ប្រៀប​ធៀប​សេចក្តី​ថ្លែងការណ៍​របស់​លោក Putin ជាមួយ​ការ​ស៊ើបការណ៍​សម្ងាត់​របស់​សហ​រដ្ឋ​អាមេរិក​ដែល​បាន​រក​ឃើញ​ថា រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​នោះ៕

XS
SM
MD
LG